ភ្នំពេញ ៖ ប្ដីប្រពន្ធ១គូបានជួបប្រទះនូវគ្រោះស៊យចង្រៃ គឺប្រពន្ធត្រូវដេកពេទ្យផ្នែកសង្គ្រោះបន្ទាន់ ឯប្តីត្រូវបានប៉ូលិសចាប់វាយខ្នោះដាក់គុក ពីបទហិង្សាដោយចេតនា ដែលផ្ដើមចេញពីប្រពន្ធសុំលែងលះដោយគ្មានមូលហេតុ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៦ព្រលប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចផ្សារសែនសុខ ស្ថិតក្នុងភូមិសែនសុខទី២ ក្រុម១៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បុរសជាប្តីឈ្មោះ ឌុក ធារី អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅជាមួយប្រពន្ធត្រង់ចំណុចកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិស្ទឹង ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ។ ចំណែកឯ នាងជាប្រពន្ធឈ្មោះ ភាព មុខរបរ លក់ដូរ សំលៀកបំពាក់នៅក្នុងផ្សារសែនសុខ ទីដែលគាត់ ស្នាក់នៅជាមួយប្តី រាល់ថ្ងៃ។
លោកញាន នន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ឃ្មួញបានមានប្រសាសន៍ថា មូលហេតុដែលនាំឲ្យកើតនូវអំពើហិង្សានេះ តាមការសួរនាំពីភាគី បុរសជាប្តី និងអ្នកជិតខាងបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនទាំង២នាក់គេប្រទះឃើញកំពុងតែផឹកស៊ីជុំគ្នា ដោយនៅកន្លែងកើតហេតុឃើញមានបន្សល់ទុកស្រាបៀកម្ពុជាចំនួន៣កំប៉ុង។ មួយស្របក់ធំក្រោយមក ក៏ស្រាប់តែ ភាគីនាង (ភាព) ជាប្រពន្ធបាននិយាយសុំប្តី លែងលះចែកផ្លូវគ្នាដើរ។ ពេលនោះបុរសជាប្តីបានសួរថាតើបងមានកំហុសអីបានជាអូនសុំលែង ហើយតើអ្នកណាជាអ្នកនិយាយចាក់រុកអូន ថាបងអាក្រក់ពីរឿងអ្វីមួយ ? ប្រាប់បងមកៗ។ ប្តីបានសួរទៅប្រពន្ធនូវសំណួរបែបនេះដដែលៗ តែនាងជាប្រពន្ធមិនព្រមឆ្លើយ ហើយសម្ដែងចរិតក្រអឺតក្រទមបែបមាក់ងាយ។ គ្រានោះ ដោយសង្ស័យថា នាងជាប្រពន្ធ មានប្រុសថ្មី ក្បត់ចិត្តស្នេហា យកលេសបង្ករឿងសុំលែង ដោយមិនប្រាប់មូលហេតុ ទើបបុរសជាប្តីខឹងពេកក៏ដើរទៅបន្ទប់ផ្ទះបាយយកកាំបិតមកលាក់ទុក ក្រោយខ្នង រួចមសួរនាងបញ្ជាក់ចុងក្រោយ ឲ្យនាងប្រាប់មូលហេតុដែលនាងសុំលែង តើបងខុសអី? នាងនៅតែមិនឆ្លើយ ហើយនៅតែទទូចសុំលែងដដែលៗ ធ្វើឲ្យភាគីខាងប្តីខឹងចិត្ត ក៏ស្ទុះមកចាក់នាងជាប្រពន្ធចំនួន២កាំបិត ទី១ ចំ ដៃស្តាំ ទី២ ចំក្រោមគល់ដោះខាងស្តាំ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។
ក្រោយមកក៏មានការផ្អើលឆោឡោដឹងដល់អ្នកជិតខាងមកជួយ និងអ្នកខ្លះរត់ទៅប្តឹងប៉ូលិសយាមនៅគោលដៅក្បែរផ្សារនោះមកជួយអន្តរាគមន៍ចាប់ខ្លួនជនដៃដល់ជាប្តី និងចាត់ចែងហៅឡានពេទ្យដឹកនាងរងគ្រោះទៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗដើម្បីសង្គ្រោះបន្ទាន់៕
ប្រពន្ធសុំលែងលះ ប្តីសង្ស័យថាលួចមានប្រុសថ្មី ចាក់២កាំបិតរបួសធ្ងន់
0 Comments