កំពង់ធំ ៖ លោក មិន ឃិន បានថ្លែងថា អាចារ្យ គឺជាបុព្វាចារ្យដ៏ល្អក្នុងសង្គមខ្មែរទាំងមូល ដោយហេតុថាពួកគាត់គឺជាអ្នកដើរតួយ៉ាងសំខាន់ក្នុងការអប់រំប្រៀនប្រដៅមនុស្សឲ្យមានមនោសញ្ចេតនាឲ្យស្គាល់ពីតម្លៃនៃសីលធម៌ដែលជាកេរ្តិ៍មរតកពីដូនតា និងការប្រព្រឹត្តទៅតាមគន្លងធម៌ នៃព្រះពុទ្ធសាសនារបស់យើង។
លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាបានថ្លែងដូច្នេះក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការថ្នាក់ដឹកនាំសាខា អនុសាខាសមាគមអាចារ្យខ្មែរប្រចាំខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥ ក្នុងបរិវេណសាលាខេត្តកំពង់ធំ និងមានព្រះសង្ឃ អាចារ្យចូលរួមប្រមាណជាង៥៥០អង្គ-នាក់។
លោក មិន ឃិន ក៏បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំសាខាអនុសាខាសមាគមអាចារ្យខ្មែរប្រចាំខេត្តកំពង់ធំទាំង២០៩នាក់ថា បន្ទាប់ពីទទួលបាននូវសេចក្ដីសម្រេចស្ដីពីការតែងតាំងថ្នាក់ដឹកនាំរួច សូមឲ្យលោកអាចារ្យទាំងអស់បង្កើតឲ្យមានចំណងសាមគ្គីភាពមិត្តភាពកាន់តែរឹងមាំ និងជួយឧបត្ថម្ភគ្នាទៅវិញទៅមក ថែមទាំងលើកស្ទួយនូវសមត្ថភាពក្នុងការបដិបត្តិដឹកនាំក្នុងពិធីកម្មផ្សេងៗ ដើម្បីឈានទៅរកការឯកភាពគ្នាពីទំនៀមទម្លាប់ខ្មែរឲ្យកាន់តែប្រសើរឡើង និងមិនត្រូវយកពិធីបុណ្យនានាធ្វើអាជីវកម្មដោយកំណត់ និងបង្គាប់បញ្ជាហួសព្រំដែនសមត្ថភាពម្ចាស់ទាន កុំប្រកាន់បក្សពួក និន្នាការនយោបាយ រើសអើងវណ្ណៈឋានៈអ្នកមាន អ្នកក្រ ដែលបង្កឲ្យមានផលប៉ះពាល់ដល់ក្រមសីលធម៌អាចារ្យខ្មែរ។
លោក អ៊ុត សំអន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំពិតជាមានសុទិដ្ឋិនិយមថា ការបង្កើតឲ្យមានសមាគមអាចារ្យខ្មែរនៅក្នុងទូទាំងខេត្តកំពង់ធំពិតជានាំមកនូវសារៈសំខាន់ដល់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋយ៉ាងក្រៃលែងដោយហេតុថា វានឹងនាំមកនូវចំណងមិត្តភាព ភាតរភាព និងសាមគ្គីភាពឲ្យកាន់តែរឹងមាំរវាងពុទ្ធសាសនិកខ្មែរ។
តំណាងថ្នាក់ដឹកនាំអាចារ្យខ្មែរខេត្តកំពង់ធំ លោកអាចារ្យ ជុច ប៉ា បានឡើងប្ដេជ្ញាចិត្តបន្តថែរក្សាមិនឲ្យបាត់បង់នូវព្រះពុទ្ធសាសនា ក៏ដូចជាប្រពៃណី និងទំនៀមទម្លាប់ដែលបុព្វបុរសយើងបានបន្សល់ទុកឲ្យយើងជាកុលបុត្រកុលធីតាខ្មែរទាំងអស់គ្នា។ ប្ដេជ្ញាអប់រំខ្លួនឲ្យក្លាយជាបុគ្គលគំរូល្អសមស្របជាអ្នកដឹកនាំពុទ្ធបរិស័ទ។
ប្ដេជ្ញា សាមគ្គី រវាងអាចារ្យ និងអាចារ្យ អាចារ្យ និងព្រះសង្ឃ រួមជាមួយពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានដោយបញ្ចៀសឲ្យបាននូវអធិករណ៍ទាំងឡាយពាក់ព័ន្ធនឹងការងារវត្តអារាម៕
សេចក្ដីថ្លៃថ្នូររបស់អាចារ្យ គឺស្ថិតនៅលើការប្រតិបត្តិដ៏ត្រឹមត្រូវ
0 Comments