យោងតាមទស្សនៈបុរាណដែលដូនតាបានកត់ចំណាំទុកមកឃើញថា នៅក្នុងសង្គមមនុស្សនេះ តែងមានគ្រោះភ័យ ដោយកត្តា៤យ៉ាង។ តើកត្តាទាំង៤យ៉ាងដែលបណ្តាលឲ្យមនុស្សជួបនូវទុក្ខភ័យនោះមានអ្វីខ្លះ?
ទុក្ខភ័យទាំង៤យ៉ាងនោះគឺ ៖
ទី១ អគ្គិភ័យ ជាភ័យកើតឡើងដោយភ្លើងឆេះតាមរយៈការឆេះផ្ទះសម្បែង, ការឆេះផលិតផលស្រែចម្ការ ការឆេះព្រៃឈើ…។ នេះគឺជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរដែលបានបំផ្លាញទាំងទ្រព្យសម្បតិ្ត និងជីវិតមនុស្សហើយបានបន្តរាលដាលកាន់តែខ្លាំងថែមទៀតប្រសិនបើពុំមានមធ្យោបាយពន្លត់នោះទេ។ ទន្ទឹមនេះដែរក៏មានសុភាសិតបុរាណពោលថា “សូវស្លាប់បា កុំឲ្យស្លាប់មេ សូវលិចទូក កណ្តាលទន្លេ កុំឲ្យភ្លើងឆេះផ្ទះ”។ ដ្បិតទ្រព្យសម្បត្តិទាំងអម្បាលម៉ានដែលសមាជិកក្រុមគ្រួសាររកបានមកនោះតែងយកទៅទុកដាក់តាមផ្ទះ គឺទាំងទ្រព្យមានតម្លៃ និងទាំងទ្រព្យដែលពុំមានតម្លៃ ឬទាំងទ្រព្យធនតូចធំ តែងមានការទុកដាក់តាមផ្ទះនៅពេលដែលរកបានសម្រាប់ប្រើប្រាស់ និងឧបត្ថមគ្រួសារ។ ប៉ុន្តែនៅពេលដែលលំនៅដ្ឋាននោះបានក្លាយទៅជាចំណីព្រះអគ្គិនោះប្រាកដជាទទួលនូវគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរជាទុក្ខភ័យដល់សមាជិកគ្រួសារយ៉ាងកម្សត់វេទនាខ្លោចផ្សាបំផុត។ ជាទូទៅគេតែងសម្គាល់ឃើញអំពីមូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ខាងអគ្គិភ័យនេះ គឺជាការធ្វេសប្រហែសក្នុងការទុកដាក់ និងការប្រើប្រាស់ភ្លើងដែលរាប់តាំងពីភ្លើងចង្ក្រាន,ភ្លើងចង្កៀង និងភ្លើងអគ្គិសនីជាដើម។
ទី២ ភ័យអំពីទឹក ហៅថា ឧទកភ័យដែលមានន័យថា ទាំងការខ្វះទឹកក៏បណ្តាលឲ្យភ័យនិងទាំងបញ្ហាទឹកជំនន់ក៏បង្កើតនូវគ្រោះភ័យផងដែរ។ ជាក់ស្តែងក្នុងសង្គមខ្មែរយើងកន្លងមកនៅពេលដែលមានគ្រោះរាំងស្ងួត ដោយមិនមានទឹកធ្វើស្រែនោះ ប្រជាកសិករតែងមានការភ័យព្រួយព្រោះមិនបានធ្វើស្រែ តែងបណ្តាលឲ្យមាន គ្រោះទុរ្ភិក្សនៅឆ្នាំខាងមុខ។ ប៉ុន្តែប្រសិនបើមានទឹកច្រើនពេកដូចជាទឹកជំនន់លេបត្របាក់ភូមិឋាន ស្រែចម្ការបណ្តាលឲ្យមានការលិចលង់នោះវាជាគ្រោះមហន្តរាយ ដ៏ធ្ងន់ធ្ងរទាំងការខូចខាតផលដំណាំ និងទាំងការខូចខាតផ្ទះសម្បែងនោះដែរ។ នេះហើយដែលជាគ្រោះភ័យកើតឡើងពីទឹកដូចនាពេលបច្ចុប្បន្ននេះ មានបញ្ហាទឹកជំនន់លិចលង់ផ្សារនៅខេត្តកំពតអ៊ីចឹង។
ទី៣ ភ័យកើតអំពីចោរលួច ឬចោរប្លន់ហៅថា “ចោរភ័យ”ដូចពាក្យចាស់ពោលថា “ទ្រព្យច្រើនព្រួយរក្សាទ្រព្យតិចណាព្រួយរិះគិត”។ ចំពោះបញ្ហាទ្រព្យច្រើនព្រួយរក្សានេះ គឺជាការភ័យព្រួយ ព្រោះខ្លាចចោរលួច ឬចោរប្លន់ ហើយដែលចោរមានចិត្តឃោរឃៅព្រៃផ្សៃហ៊ានកាប់សម្លាប់ដើម្បីឆក់ដណ្តើមយកទ្រព្យសម្បត្តិ របស់គេទៀតផង។ បញ្ហាចោរកម្មនេះហើយដែលបានបង្កើតនូវអសន្តិសុខក្នុងសង្គម។ លើសពីនេះទៅទៀតចំពោះបញ្ហាចោរលួចការកិបកេងប្រវ័ញ្ចទ្រព្យសម្បតិ្ត និងថវិការដ្ឋនោះក៏ចូលក្នុងរឿងចោរកម្មដែរ ដែលហៅថា ជាចោរហារយគឺចោរធំលួចធំ និងចោរតូចលួចតូច…។
ទី៤ ភ័យកើតពីសង្គ្រាម ដែលជាភ័យធំជាង គេបង្អស់បណ្តាលមកពីមេដឹកនាំប្រទេសជាតិមិនសូវមានភាពប៉ិនប្រសប់ក្នុងភាពជាអ្នកដឹកនាំ។ ភ័យដែលកើតពីសង្គ្រាមនេះពាក្យចាស់បានពោលទុកជាបណ្តាំថា “ដំរីជល់គ្នាងាប់ស្រមោចសង្អារ” គឺមានន័យថា អ្នកធំឈ្លោះគ្នាពីរឿងដណ្តើមអំណាច ដែលធ្វើឲ្យស្រុកទេសកើតសង្គ្រាម ហើយដែលបណ្តាលឲ្យជីវិតប្រជាពលរដ្ឋក្លាយទៅជាចំណីសង្គ្រាមជាអសារបង់។ ចំពោះផលវិបាកដែលកើតពីសង្គ្រាមនោះគឺសង្គមជាតិទាំងមូលជួបនូវគ្រោះអត់បាយ និងមានជំងឺ ហើយដែលពាក្យចាស់ហៅថា វាលបីមានទី១ សង្គ្រាម, ទី២ការអត់បាយ និងទី៣មានជំងឺ ជាប្រការដែលគួរចៀសវាង ឬជាការបួងសួង កុំឲ្យកើតមានក្នុងសង្គមយើងតទៅទៀត។
សរុបសេចក្តីមកសង្គមមនុស្សដែលមានការអភិវឌ្ឍប្រកបដោយការរីកចម្រើននោះ គឺអាស្រ័យដោយមិនមានភ័យទាំង៤យ៉ាងដូចបានរៀបរាប់មកនេះនោះទេ។ ផ្ទុយទៅវិញបើសង្គមនុស្សតែងមានជួបនូវគ្រោះភ័យយ៉ាងណាមួយក្នុងចំណោម គ្រោះភ័យទាំង៤យ៉ាងនេះតែងបណ្តាលឲ្យមានការវិនាសអន្តរាយ និងបាត់បង់នូវអរិយធម៌ជាតិ ដូចយើងធ្លាប់ជួបប្រទះក្នុងសម័យសង្គ្រាម និងក្នុងសម័យប្រល័យពូជសាសន៍កន្លងមកជាភស្តុតាងបង្ហាញស្រាប់៕
ទស្សនៈ ៖ គ្រោះភ័យក្នុងសង្គមមនុស្ស
0 Comments