ភ្នំពេញ ៖ ដោយមើលឃើញពីសក្ដានុពល សេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និងវិស័យផ្សេងៗទៀតរបស់កម្ពុជាមានវិសាលភាពទៅក្នុងទីផ្សារអន្តរជាតិ ទាំងក្នុងតំបន់ និងពិភពលោក កាន់តែល្អប្រសើរឡើងនោះ ប្រទេសឥណ្ឌាបានចាប់ផ្តើមបញ្ជូនអ្នកជំនួញ និងអ្នកបច្ចេកទេសរបស់ខ្លួនមកកាន់កម្ពុជាជាបណ្តើរហើយ ដើម្បីចាប់ដៃគ្នាពង្រីកវិស័យពាណិជ្ជកម្ម និងឧស្សាហកម្មរវាងប្រទេសទាំងពីរ ខណៈដែលប្រទេសដៃគូជាច្រើនបានហក់ចូលជ្រៅមកក្នុងទីផ្សាររបស់កម្ពុជា។
ឥណ្ឌាជាប្រទេសដែលមានប្រវត្តិសាស្ត្រជាប់ទំនាក់ទំនងជាមួយកម្ពុជា ជាយូរលង់ណាស់មកហើយអាចនិយាយបានថា មានតាំងតែពីជំនាន់ព្រះបាទហ៊ុនទៀន និងព្រះនាងលីវយី ឫព្រះនាងសោម៉ាមកម្ល៉េះ ហើយទំនាក់ទំនងនោះមិនត្រូវបានកាត់ផ្តាច់នោះទេ ពោលគឺបានបន្តរហូតមកដល់ពេលនេះ។ ប៉ុន្តែបើទោះជាមានទំនាក់ទំនងយូរលង់បែបនេះក៏ដោយគេមើលឃើញថា សម្រាប់ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរហាក់នៅមានកម្រិតនៅឡើយ។ ទើបតែនៅពាក់កណ្តាលឆ្នាំ២០១៥នេះទេ ដែលឥណ្ឌាបានងាកមកចាប់ដៃជាមួយកម្ពុជាឡើងវិញ ហើយទំនងជាខ្លាំងក្លាថែមទៀតផង។
នៅឯសណ្ឋាគារអ៊ិនធើកុងទីណង់តាល់ នាព្រឹកថ្ងៃទី២១ខែកញ្ញានេះ ឯកអគ្គរាជទូតឥណ្ឌា ប្រចាំប្រទេសកម្ពុជា សហការជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា បានរៀបចំឲ្យមានការជួបជុំគ្នា រវាងក្រុមអ្នកជំនួញឥណ្ឌា និងអ្នកជំនួញក្នុងស្រុក ក៏ដូចជាអ្នកបច្ចេកទេសដើម្បីបង្ហាញពីជំហរក្នុងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងឧស្សាហកម្មរវាងប្រទេសទាំងពីរ។
លោក ប៉ាន សូរស័ក្កិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ឲ្យដឹងនាព្រឹកនេះថា ថ្ងៃនេះក្រុមគណៈប្រតិភូមកពីខេត្ត រ៉ូសឆរ៉ាក ដែលជាខេត្តដ៏ធំមួយរបស់ឥណ្ឌា មានទាំងអ្នកវិនិយោគ អ្នកបច្ចេកទេសផ្នែកគមនាគមន៍ និងអ្នកជំនាញផ្នែកកសិ-ឧស្សាហកម្មផងដែរ ដើម្បីមកពិនិត្យលទ្ធភាពក្នុងការបោះទុនវិនិយោគលើវិស័យទាំងនោះនៅកម្ពុជានៅពេលខាងមុខនេះ។
លោកថា បើទោះជាប្រទេសនេះនាពេលកន្លងមកហាក់មើលរំលងប្រទេសកម្ពុជាក៏ដោយ ក៏ប៉ុន្តែនៅពេលនេះគេបានប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការរត់ចាប់ដៃជាមួយកម្ពុជាដើម្បីជម្រុញឲ្យមានការវិនិយោគរួមគ្នា គ្រាដែលឥណ្ឌាចូលជាសមាជិក អាស៊ានផ្លាហ្សិក ដែលអាចពង្រឹងការវិនិយោគរបស់ឥណ្ឌានៅកម្ពុជា។
ចំណែកលោក យ៉ាង ហៃ មកពីសមាគម ពាណិជ្ជកម្មអន្តរជាតិ កម្ពុជា និងសមាគម ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច កម្ពុជា-ចិន បានឲ្យដឹងថា នេះជាចំណុចចាប់ផ្តើមមួយដ៏ល្អ ដែលឥណ្ឌាបានសម្លឹងឃើញ និងជំរុញឲ្យមានអ្នកវិនិយោគរបស់ខ្លួនមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា។ លោកថា នេះជាលើកទី១ដែលមានក្រុមធុរកិច្ចមកពីឥណ្ឌាមកស្វែងរកកិច្ចសហប្រតិបត្តិវិនិយោគនៅកម្ពុជា។
លោករំពឹងថា តាមរយៈកិច្ចសហប្រតិបត្តិការលើកនេះ វានឹងមានការអភិវឌ្ឍន៍មួយជំហានទៀតសម្រាប់កម្ពុជា ព្រោះថាឥណ្ឌាគេមានបច្ចេកវិទ្យាខ្ពស់ជាងកម្ពុជា ទាំងផ្នែកពាណិជ្ជកម្ម និងកសិឧស្សាហកម្ម យ៉ាងណាលោកថា ផលិតផលរបស់កម្ពុជាអាចនឹងនាំយកទៅលក់នៅ ក្នុងប្រទេសឥណ្ឌាផងដែរនាពេលខាងមុខនេះ។
សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មពីឥណ្ឌាមកកម្ពុជា មានប្រមាណជា១០០លានដុល្លារ ចំណែកពីទំហំពាណិជ្ជកម្មពីកម្ពុជាទៅឥណ្ឌាវិញនៅមានកម្រិតតិចតួចបំផុតពោលគឺក្រោម១០០លានដុល្លារតែប៉ុណ្ណោះ៕
ឥណ្ឌាផ្តើមបញ្ជូនអ្នកវិនិយោគិននិងអ្នកបច្ចេកទេសមករកស៊ីកម្ពុជា
0 Comments