កំពង់ធំ ៖ កម្លាំងសមត្ថកិច្ចចម្រុះជាង៦០នាក់ ចុះការពារទប់ស្កាត់ ការសាងសង់ផ្ទះរបស់ប្រជាពលរដ្ឋចំនួនមួយខ្នងផ្ទះ ដែលហ៊ានចេញមុខលើកគ្នាមកធ្វើបាតុកម្មជាង៣០នាក់ មានអាវុធកាំបិត ពូថៅដំបងប្រឆាំង នឹងសមត្ថកិច្ច ដែលកំពុងតែអនុវត្តច្បាប់ មិនតែប៉ុណ្ណោះក្រុមអ្នកប្រឆាំងបានកាក់រថយន្តរបស់មេព្រៃ យកដំឈើកល់ពីមុខពីក្រោយ ដើម្បីធ្វើជាចំណាត់ខ្មាំងនៃការដោះស្រាយ និងយល់ព្រមឲ្យពួកគេសាងសង់ផ្ទះនៅទីតាំងហាមឃាត់នេះ ដោយសារតែ ពួកគេបានដាំដំណាំបានច្រើនហើយ ហើយគំរាមដុតរថយន្តរបស់សមត្ថកិច្ចនៅល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០១៥។
លុះដល់ព្រឹកថ្ងៃទី១៩ ខែកញ្ញា លោកសាយ ណូរ៉ា ព្រះរាជអាជ្ញារង ខេត្តកំពង់ធំ បានដឹកនាំកម្លាំងចម្រុះ មានមេព្រៃ ទាហានប៉ូលិស ប៉េអឹមជាង៦០នាក់ ព្រមទាំងនាំរថយន្តកូរ៉េ និងកម្លាំងកម្មករ ចុះទៅទីតាំងចំណុចមានបញ្ហា ដែលជាដីត្រូវបានហាមឃាត់ពីសំណាក់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សម្រាប់ទុកជាដីព្រៃគម្របអូរ ចំណុចអូរ ស្ថិតនៅក្នុងក្រុមហ៊ុនតាន់បៀន ចម្ការកៅស៊ូកំពង់ធំ ចន្លោះអូរ ភូមិក្រយា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលបានមកពីការកាប់រុករានដីព្រៃរបស់រដ្ឋ ហើយលួចដាំដំឡូងមី ទោះជាមានការហាមជាច្រើនដងក៏ដោយ ហើយបានឈានដល់ការដឹកឈើ មកសាងសង់ផ្ទះ ទើបសមត្ថកិច្ចបានមកហាមឃាត់មិនឲ្យសាងសង់រហូតបង្កឲ្យមានរឿងប្រឆាំងតវ៉ាកើតឡើង។
លោកសុទ្ធ ម៉ារី នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម បានឲ្យដឹងថា ទីតាំងដីមានបញ្ហានេះ គឺជាដីរក្សាទុករបស់រដ្ឋ ដែលជាដីព្រៃគម្របអូរ ស្របតាមក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មិនអនុញ្ញាតឲ្យជនណាល្មើសរុករានដីព្រៃរបស់រដ្ឋ ព្រោះទីតាំងដីព្រៃត្រូវបានកំណត់ដោយក្រសួងអស់ហើយ។ កន្លងមកធ្លាប់ហាមគាត់ជាច្រើនដងហើយ ហើយគាត់នៅតែចចេសដាំតែ ដំឡូងមី ហើយសមត្ថកិច្ចក៏ចេះតែអត់ឱនមិនមាត់មិនក ដល់យូរទៅគាត់ក៏បានដឹកឈើមកសាងសង់ផ្ទះទើប បញ្ជាពីថ្នាក់លើ ឲ្យធ្វើការទប់ស្កាត់មិនឲ្យសាងសង់ជាដាច់ខាត។
ម្ចាស់ផ្ទះត្រូវគេស្គាស់ឈ្មោះលោក ច័ន្ទ វណ្ណា ភេទប្រុស អាយុ៤៩ឆ្នាំ ប្រពន្ធឈ្មោះ យាត សារឿន រស់នៅភូមិក្រយា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បានរំលោភដីរដ្ឋ និងកាប់បំផ្លាញព្រៃរបស់រដ្ឋ យកមកធ្វើជាកម្មសិទ្ធិ មានចំនួន១៣៨ ម បណ្ដោយ ២០០ម ដែលបានឃុបឃិតគ្នាជាមួយលោក កែត ធេង មេឃុំក្រយា ហ៊ានចេញលិខិតឲ្យលោក ច័ន្ទ វណ្ណា កាន់កាប់ដីព្រៃយកមកធ្វើជាកម្មសិទ្ធិ ខណៈពេលដែលផុតឱសានវាទ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ជាឲ្យក្រុមនិស្សិតស្ម័គ្រចិត្ត វាស់វែងដីធ្លីជូនប្រជាពលរដ្ឋណាដែលមាន ដីហើយបានបង្កបង្កើនផលឲ្យវាស់វែង ជូនប្រជាពលរដ្ឋ តែពេលនេះ លោក កែត ធេង មេឃុំក្រយា បានអនុវត្តផ្ទុយពីបទបញ្ជាលេខ០១ ដោយការឃុបឃិតគ្នា វាស់វែងដីព្រៃដែលជាដីរបស់រដ្ឋ ក្នុងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ នេះ។
សម្រាប់កិច្ចសហប្រតិបត្តិការនេះ សមត្ថកិច្ចបានបានសម្រេចឃាត់ខ្លួនមនុស្ស៣ នាក់ ដើម្បីធ្វើការសាកសួរ និងអប់រំ ពីករណីប្រឆាំងដោយហិង្សាមកលើសមត្ថកិច្ច ដែលកំពុងតែប្រតិបត្តិតួនាទី ដោយប្រើប្រាស់កម្លាំងប្រឆាំងតវ៉ា មានអាវុធ រួមទាំងឃាត់រថយន្តសមត្ថកិច្ចបម្រុងចាក់សាំងដុតរថយន្តសមត្ថកិច្ច មកផ្នែកដើម្បីសម្របសម្រួល ណែនាំអប់រំ៕
កម្លាំងចម្រុះរុះរើផ្ទះប្រជាពលរដ្ឋសាងសង់លើផ្ទៃដីហាមឃាត់របស់រដ្ឋ
0 Comments