កំពង់ធំ ៖ ប្រជាពលរដ្ឋជាង២០០គ្រួសារកើតទុក្ខមិនសុខចិត្ត រួមទាំងអន្ទះសាចង់ឲ្យសម្ដេចហ៊ុន សែន ជួយរកយុត្តិធម៌ជូនពួកគាត់ ដោយសារតែមានការរំលោភដីធ្លី និងរំលោភលើកិច្ចសន្យាមិនគោរពតាមកិច្ចសន្យាព្រមព្រៀងទិញ លក់ដី ពីសំណាក់លោកស្រី ម៉ែន សោភ័ណ ត្រូវជាប្រពន្ធលោកផ្កាយពីរឈ្មោះសៅ វណ្ណី ដែលបានប្រើល្បិចលួងលោម ឲ្យតំណាងប្រជាពលរដ្ឋ រកទិញដីពីប្រជាពលរដ្ឋជាច្រើនពាន់ ហិកតា លុះប្រជាពលរដ្ឋព្រមលក់ដីឲ្យ ហើយធ្វើកិច្ចសន្យា ផ្តិតមេដាយឲ្យលោកស្រីអស់ តែបែរជាមិនព្រមសងលុយ ទើបពួកគាត់កើតទុក្ខទាមទារយកដីមកវិញ ឬសងលុយឲ្យគ្រប់ចំនួន។
សេចក្តីរាយការណ៍ តាមប្រភពព័ត៌មានច្បាស់ការ បានបញ្ជាក់ថា លោកស្រី ម៉ែន សោភ័ណ អាយុ៣៣ឆ្នាំ បានតាំងខ្លួនជាអ្នកទិញដី តំណាងក្រុមហ៊ុនចិនមួយ ស្ថិតនៅក្នុងឃុំស្រឡៅ ឃុំ ទ្រៀល ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលទីតាំងដីស្ថិតនៅក្នុងតំបន់២ ដោយលោកស្រី ម៉ែន សោភ័ណ បានចាត់តាំងឲ្យលោក ឡុយ ស៊ុយ អាយុ៤៦ឆ្នាំ រស់នៅឃុំស្រឡៅ និងលោក អ៊ឹម ប៊ុនថាន ដែលជាតំណាងប្រជាពលរដ្ឋ ដើម្បីឲ្យលោកទាំង២នាក់ ជួយប្រមូលទិញដីស្រែ ហើយនៅ ពេលដែលមានប្រជាពលរដ្ឋ ជាង២០០គ្រួសារ បានព្រមព្រៀងលក់ដី ហើយលោកស្រីម៉ែន សោភ័ណ បានបង្គាប់ឲ្យ ប្រជាពលរដ្ឋផ្តិតមេដៃ ដែលបានលក់ដីឲ្យ ក្នុងមួយហិកតា ៩០០ដុល្លារ រហូតដល់១៥០០ដុល្លារ តែលោកស្រីបានកក់ប្រាក់ជូនប្រជាពលរដ្ឋត្រឹម១០ភាគរយគ្រប់គ្នា ហើយបានចុះកិច្ចសន្យាជាមួយតំណាងប្រជាពលរដ្ឋថា នឹងសងលុយឲ្យគ្រប់ចំនួននៅពេលដែល លោកស្រីបានទទួលប្លង់ដីពីប្រជាពលរដ្ឋ។ ក្រោយមកលោកស្រីបានទទួលប្លង់ដីហើយ ក៏មិនព្រមសងលុយមកឲ្យប្រជាពលរដ្ឋ ដោយសុំពន្យារពេល ម្តងហើយម្តងទៀត ជាច្រើនលើកច្រើនសា រហូតប្រជាពលរដ្ឋ និងតំណាងប្រជាពលរដ្ឋ បានឡើងទៅប្តឹងនៅសាលាខេត្តកំពង់ធំ តែបែរជាលោកស្រី ប្រាប់អាជ្ញាធរខេត្តថា បានសងលុយគ្រប់ចំនួនអស់ហើយ លោកស្រីបានបន្តភូតកុហកដល់ចៅហ្វាយ ខេត្តកំពង់ធំថា លោកស្រី មានដីចំនួន ៥២០០ហិកតា និងសុំការអនុញ្ញាតកាយព្រំ។ អ្វីដែលធ្វើឲ្យប្រជាពលរដ្ឋមានការឈឺចាប់ និងអាចនឹងមានផ្ទុះហិង្សា ដោយសារតែ ការរំលោភបំពាន់លើពួកគាត់ដែល ជាជនក្រីក្ររ រកព្រឹកខ្វះល្ងាច ដោយសារតែលោកស្រី ម៉ែន សោភ័ណ មិនព្រមសងលុយដែលនៅសល់ ៩០ភាគរយទៀតនោះ តែបែរជាដាក់ពាក្យប្តឹង តំណាងប្រជាពលរដ្ឋរបស់គាត់ ថាបោកប្រាស់ និងបានក្លែងឯកសារ ទៅក្រសួងមហាផ្ទៃ ផ្នែកនគរបាលព្រហ្មទណ្ឌ លេខ១៣៤១ល.ក.ហសំណុំរឿងលេខ ៦៧៤ព្រ.ទ១៥ បានប្តឹងលោក ឡុញ ស៊ុយ និងលោក សេង ធួក ឲ្យចូលទៅបំភ្លឺតាមពាក្យបណ្តឹងរបស់លោកស្រី ម៉ែន សោភ័ណ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ ម៉ោង៨.៣០នាទី។
ប្រជាពលរដ្ឋកើតទុក្ខមិនសុខចិត្ត ចំពោះទង្វើរបស់លោក ស្រី ម៉ែន សោភ័ណ ដែលបានភូតកុហក បោកប្រាស់ ប្រជាពលរដ្ឋ ទិញដីមិនទាន់ឲ្យលុយគ្រប់ចំនួនផង បែរជានាំក្រុមហ៊ុនចិន មកសាងសង់ឃ្លាំងនៅលើដីរបស់ប្រជាពលរដ្ឋ។ ដូច្នេះពួកគាត់បានសំណូមពរឲ្យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត ជួយរកយុត្តិធម៌ដល់ប្រជាពលរដ្ឋផង ខណៈពេលដែលពួកគាត់កំពុងតែរងគ្រោះ ដោយសារតែលោកស្រី ម៉ែន សោភ័ណ បានបោកប្រាស់ និងរំលោភលើកិច្ចសន្យា ទាំងបំពានដណ្តើមដីស្រែរបស់គាត់៕
ប្រជាពលរដ្ឋជាង២០០គ្រួសារចោទថាប្រពន្ធផ្កាយ២ម្នាក់ ប្រើស្ទីល៣សន្លឹករំលោភយកដី
0 Comments