ព្រះសីហនុ ៖ តាមការព្យាករណ៍របស់សាខាពន្ធដារខេត្តព្រះសីហនុ ក្នុងឆ្នាំ២០១៥នេះ អាចប្រមូលចំណូលប្រចាំឆ្នាំលើសផែនការពី៣០ ទៅ៤០% នេះបើតាមការអះអាងរបស់លោក នុត វុត្ថា ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ គ្រាន់តែក្នុងរយៈពេល៨ខែ ដើមឆ្នាំ២០១៥នេះ សាខាពន្ធដារខេត្តព្រះសីហនុប្រមូលចំណូលបានចំនួន១៩.៧៦១.៥១៣លានរៀល បើធៀបនឹងផែនការប្រចាំឆ្នាំ គឺបាន៩១.៣៣%។ បើប្រៀបធៀបរយៈពេលដូចគ្នាទៅនឹង៨ខែដើមឆ្នាំ២០១៥ មានការកើនឡើង ៣៣.៤៤%។
លោកប្រធានពន្ធដារបានឲ្យដឹងថា ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៥ គឺចាប់អនុវត្តពីថ្ងៃទី១០ ខែកក្កដា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ខាងមុខនេះ។ មកដល់ដើមខែសីហានេះសាខាពន្ធដារខេត្តព្រះសីហនុប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទបានចំនួន២៥១.៤២៥.០០០លានរៀល គឺបាន១០% នៃផែនការប្រចាំឆ្នាំ ហើយឆ្នាំ២០១៤ សាខាពន្ធដារខេត្តព្រះសីហនុប្រមូលពន្ធមធ្យោបាយដឹកជញ្ជូនបានចំនួន២.៣៤៣៦៦៥.០០០លានរៀល។
ដោយឡែកការប្រមូលពន្ធលើអចលនទ្រព្យរយៈពេល៨ខែ ប្រមូលបានចំនួន ១.៤៣៤.៩០៣.១៦២លានរៀល ស្មើនឹង៤០% នៃផែនការប្រចាំឆ្នាំ។ ការប្រមូលពន្ធលើអចលនទ្រព្យក្នុងឆ្នាំ២០១៤ បានចំនួន៤.០៦១.៩២៥.៣៣៣លានរៀល។ តាមផែនការឆ្នាំ២០១៥ សាខាពន្ធដារខេត្តព្រះសីហនុ ត្រូវការប្រមូលពន្ធឲ្យបានចំនួន២១.៣៦៣.០០០.០០០លានរៀល នៃផែនការប្រចាំឆ្នាំ។
លោកបានឲ្យដឹងទៀតថា មន្ត្រីរបស់យើងបានសហការជាមួយអាជ្ញាធរខេត្តព្រះសីហនុ មន្ទីរ អង្គភាពពាក់ព័ន្ធចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមបណ្ដាកោះ ដូចជាកោះរុង ឲ្យចូលរួមកាតព្វកិច្ចបង់ពន្ធ ព្រោះបច្ចុប្បន្ននេះនៅតាមបណ្ដាកោះមានអាហារ ភោជនីយដ្ឋានជាច្រើនកំពុងបើកដំណើរការអាជីវកម្មរបស់ខ្លួន។ ដោយកន្លងមកប្រជាពលរដ្ឋ និងអាជីវករនៅតាមកោះមិនដែលបំពេញកាតព្វកិច្ចចូលរួមបង់ពន្ធនោះទេ ក្នុងឆ្នាំ២០១៥នេះ យើងប្រមូលពន្ធនៅលើកោះក្នុងមួយខែបានជាង៥លានរៀល ហើយចំណូលនេះនឹងមានការកើនឡើងជាបន្តបន្ទាប់ទៀតនៅឆ្នាំខាងមុខ។
លោក នុត វត្ថា សង្ឃឹមថា ក្នុងឆ្នាំ២០១៥នេះ មន្ត្រីសាខាពន្ធដារខេត្តព្រះសីហនុ និងខិតខំ កៀរគររកចំណូលពីប្រជាពលរដ្ឋ អាជីវករ និងបណ្ដាក្រុមហ៊ុនឲ្យបានលើសផែនការប្រចាំឆ្នាំពី៣០ ទៅ៤០% ព្រោះគ្រាន់តែរយៈពេល៨ខែ ដើមឆ្នាំ២០១៥នេះ សាខាពន្ធដារប្រមូលថវិកាបានចំនួន ១៩.៧៦១.៧៤៩.៥១៣លានរៀល ស្មើនឹង៩១%។
លោកប្រធានបានបញ្ជាក់ថា ទោះបីការប្រមូលពន្ធមានការកើនឡើងក៏នៅមានបញ្ហាប្រឈមមួយចំនួនដោយសារប្រជាពលរដ្ឋ ក៏ដូចអាជីវករ និងបណ្ដាក្រុមហ៊ុនមួយចំនួនមិនទាន់បានចូលមកបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋនៅតាមសាខាពន្ធដារខេត្តព្រះសីហនុ។
លោក នុត វត្ថា ក៏បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋ អាជីវករ ក្រុមហ៊ុន អញ្ជើញរួសរាន់ ចូលមកបំពេញកាតព្វកិច្ចបង់ពន្ធឲ្យបានគ្រប់គ្នា ព្រោះការចាប់ផ្ដើមបង់ពន្ធនៅលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ចាប់ពីថ្ងៃទី១០ ខែកក្កដា រហូតដល់ថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ខាងមុខ ព្រោះបច្ចុប្បន្ននេះប្រជាពលរដ្ឋចូលមកបង់ពន្ធមានភាពលឿន រហ័ស ហើយនៅពេលជិតបិទបញ្ចប់ការបង់ពន្ធពួកគាត់បាននាំគ្នាចូលមកបំពេញកាតព្វកិច្ចបង់ពន្ធធ្វើឲ្យមានការកកស្ទះ និងរង់ចាំពេលយូរ ធ្វើឲ្យមានការធុញទ្រាន់ក្នុងការបង់ពន្ធដោយរង់ចាំពេលយូរ។
លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាមានការយល់ដឹងនូវវប្បធម៌បង់ពន្ធកាន់តែច្រើនឡើងៗនៅតាមសាខាពន្ធដារខេត្ត/ក្រុង/រាជធានី ជាពិសេសប្រជាពលរដ្ឋខេត្តព្រះសីហនុពួកគាត់មកបំពេញកាតព្វកិច្ចបង់ពន្ធកាន់តែច្រើនឡើង។ លោកសង្ឃឹមថា នៅឆ្នាំ២០១៥នេះ សាខាពន្ធដារខេត្តព្រះសីហនុ នឹងអាចប្រមូលពន្ធបានលើសផែនការពី៣០ទៅ៤០%៕
សាខាពន្ធដារខេត្តព្រះសីហនុ ព្យាករណ៍ប្រមូលចំណូលក្នុងឆ្នាំ២០១៥នេះ លើសផែនការពី៣០ ទៅ៤០%
0 Comments