Ad Code

កំពុង​ដើរ​កៀង​ទា​ត្រូវ​រន្ទះបាញ់​ស្លាប់

កណ្ដាល​ ៖ ​បុរស​អ្នក​ឃ្វាល​ទា​ម្នាក់​បាន​ស្លាប់​នៅ​កណ្តាល​វាល​ស្រែ​ ខណៈ​មាន​ផ្គរ​រន្ទះ​ខ្លាំងៗ​ និង​ភ្លៀង​ធ្លាក់​ហើយ​ត្រូវ​បាន​សមត្ថកិច្ច​អះអាង​ថា​គាត់​ស្លាប់​ដោយ​ត្រូវ​រន្ទះបាញ់។


ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​១២ ​ខែ​កញ្ញា ​​ឆ្នាំ​២០១៥ ម៉ោង​១៦​និង​៣០​នាទី​ត្រង់ចំណុច ភូមិ​តា​គាត់​កើត ឃុំ​ជ័យធំ​ ស្រុក​ខ្សាច់​កណ្តាល​ ខេត្ត​កណ្ដាល​(​ចម្ងាយ​ពី​ភូមិ​២៥០០​ម៉ែត្រ)។


នគរបាល​ស្រុក​ខ្សាច់​កណ្តាល​បាន​ឲ្យ​ដឹង​ថា​ ជនរងគ្រោះ​ឈ្មោះ​សៅ សឺ​ន ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​មុខរបរ ចិញ្ចឹម​ទា នៅ​ភូមិ​តា​គាត់​លិច ឃុំ​ជ័យ​ធំ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​ (​ស្លាប់​)​ប្រពន្ធ​ឈ្មោះ​ចាន់ ជា អាយុ​៣៥​ឆ្នាំ មុខរបរ កសិករ មាន​កូន ស្រី​១​នាក់ ​អាយុ​២​ឆ្នាំ។


មុន​ពេល​កើតហេតុ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​ប្រពន្ធ​របស់​ជនរងគ្រោះ​ថា នៅ​ពេល​វេលា​ខាង​លើ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ ហើយ​ប្តី​របស់​គាត់​បាន​ដើរ​កៀង​ទា​​ ដែល​​​កំពុង​ដើរ​រក​ស៊ី​នៅ​វាលស្រែ​ដើម្បី​បញ្ចូល​ទ្រុង។ ពេល​នោះ​ស្រាប់​តែ​មាន​ផ្គរ​រន្ទះ​ខ្លាំងៗ​ បន្ទាប់មក​ឃើញ​ប្តី​គាត់​ដួល​ទៅ​ដីស្រែ​ភ្លាមៗ​គាត់​ក៏​រត់​ទៅ​មើល​ ប្តី​របស់​គាត់​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ទើប​គាត់​បាន​ស្រែកហៅ​អ្នកភូមិ​ឲ្យជួយ។ នគរបាល​បាន​ប្រាប់​ឲ្យ​ដឹងថា ​ភ្លាមៗ​ពេល​ទទួល​បាន​ព័ត៌មាន​ខាងលើ​ជំនាញ​បាន​ចុះទៅ​ពិនិត្យ​ឃើញ​ថា​ ជនរងគ្រោះ​បាន​ស្លាប់​ដោយ​ត្រូវ​រន្ទះបាញ់ ​ហើយ​ក៏​បានប្រគល់​​​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។


សមត្ថកិច្ច​ក៏​បាន​អំពាវនាវ​ផង​ដែរ​ដល់​ប្រជាពលរដ្ឋ​គួរ​មានការ​ប្រុង​ប្រយ័ត្ន ​នេះ​ជា​គ្រោះធម្មជាតិ​មែន​ តែ​នៅ​ពេល​មាន​ភ្លៀង​ និង​ផ្គរ​រន្ទះ​ខ្លាំងៗ​គួរ​កុំ​ចេញ​ពីផ្ទះ​ជាពិសេស​កុំ​នៅ​កណ្ដាល​វាល​ ឬ​ជ្រក​ក្រោម​ដើមឈើ បង្គោល​ដែក​ព្រោះ​វា​អាច​កើតហេតុ​ការណ៍​ដូច​ខាងលើ៕



កំពុង​ដើរ​កៀង​ទា​ត្រូវ​រន្ទះបាញ់​ស្លាប់

Post a Comment

0 Comments

Close Menu