ភ្នំពេញ ៖ បន្ទាប់ពីក្រសួងអប់រំយុវជន និងកីឡាបានធ្វើការប្រកាសលទ្ធផលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនៅឆ្នាំនេះ ប្រសិនបើបេក្ខជន មាតាបិតា អ្នកអាណាព្យាបាល ឬអ្នកពាក់ព័ន្ធដែលមិនពេញចិត្តនឹងលទ្ធផលនៃការប្រឡង អាចមានសិទ្ធិប្ដឹងតវ៉ាក្នុងរយៈពេល៣០ ថ្ងៃ ចាប់ពីថ្ងៃប្រកាសលទ្ធផលប្រឡង។
លទ្ធផលប្រឡងបាក់ឌុបក្រសួងបានប្រកាសរួចហើយនៅរាជធានីភ្នំពេញ និងខេត្តកណ្តាលកាលពីរសៀលថ្ងៃទី១២ ខែកញ្ញានិងបន្តប្រកាសនៅទូទាំងប្រទេសតាមបណ្តាខេត្តទាំង២៣ទៀតចាប់ពីម៉ោង៧ព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៥នេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ដែលបានចេញផ្សាយកាលពីរសៀល ថ្ងៃទី១២ដែលជាថ្ងៃប្រកាសលទ្ធផលប្រឡងសម្រាប់មណ្ឌលភ្នំពេញនិងខេត្តកណ្តាល និងថ្ងៃទី១៣កញ្ញានៅតាមខេត្តផ្សេងៗទៀតបានឲ្យដឹងថា បេក្ខជនប្រឡងជាប់សម័យប្រឡងឆ្នាំ២០១៥នេះ មានចំនួន៤៦៥៦០នាក់ត្រូវជា៥៥,៨៨ ភាគរយនៃបេក្ខជនវត្តមានចំនួន៨៣៣២៥ នាក់ ក្នុងនោះមានបេក្ខជនជាប់និទ្ទេសAមានចំនួន១០៨នាក់ និទ្ទេសBមាន១០៨៥ និទ្ទេសC៣២៩២ និទ្ទេសD ៦០៩៣ និងនិទ្ទេស E ៣៥៩៨២។ក្នុងចំណោមបេក្ខជនជាប់ និទ្ទេសAទាំង១០៨នាក់នោះមកពីរាជធានីភ្នំពេញ៤៨នាក់, សៀមរាប១៤នាក់, បាត់ដំបង៧នាក់, ត្បូងឃ្មុំនិងតាកែវ៦នាក់ក្នុង១ខេត្ត ,ខេត្តកណ្ដាល និងកំពង់ចាម៥នាក់ក្នុង១ខេត្ត, កំពត៤នាក់, ព្រះវិហារ កំពង់ធំ បន្ទាយមានជ័យ ក្រចេះ និងព្រះសីហនុ២នាក់ក្នុង១ខេត្ត ហើយកំពង់ស្ពឺ ស្វាយរៀង និងប៉ៃលិន ម្នាក់ក្នុង១ខេត្ត។
យោងតាមទំព័រហ្វេប៊ុករបស់ក្រសួងអប់រំបានឲ្យដឹងថា ក្នុងករណីមិនពេញចិត្តនឹងលទ្ធផលប្រឡងនេះបេក្ខជន មាតាបិតា អ្នកអាណាព្យាបាល ឬអ្នកពាក់ព័ន្ធដែលមិនពេញចិត្តនឹងលទ្ធផល នៃការប្រឡង មានសិទ្ធិប្ដឹងតវ៉ាក្នុងរយៈពេល៣០ (សាមសិប)ថ្ងៃ ចាប់ពីថ្ងៃប្រកាសលទ្ធផលប្រឡង។ ដោយអ្នកប្ដឹងតវ៉ាត្រូវសរសេរជាលាយលក្ខណ៍អក្សរត្រឹមត្រូវ មានភស្តុតាង មានឈ្មោះ មុខរបរ អាសយដ្ឋានច្បាស់លាស់ និងមានការទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ទំព័រហ្វេសប៊ុកខាងលើបានឲ្យដឹងបន្តថា ក្នុងករណីមានពាក្យបណ្ដឹង ឬពិនិត្យឃើញថា ការប្រឡងមានភាពមិនប្រក្រតីលើកិច្ចការរបស់បេក្ខជន និងលើការអនុវត្តភារកិច្ចរបស់គណៈមេប្រយោគ និងគណៈកម្មការផ្សេងៗ ក្រសួងត្រូវបង្កើត គណៈកម្មការកោសល្យវិច័យ។
ពាក់ព័ន្ធនឹងការប្តឹងជំទាស់នេះដែរកាលពីម្សិលមិញនេះកញ្ញាធីសុវណ្ណថាដែលមានការលេចធ្លោនៅក្នុងទំព័រហ្វេសប៊ុកនោះបានស្នើសុំទៅក្រសួងអប់រំពិនិត្យកំណែវិញ្ញាសារបស់ខ្លួនឡើងវិញបន្ទាប់ពីខ្លួនប្រឡងធ្លាក់។
កញ្ញាធីសុវណ្ណថាបានប្រកាស ដោយសរសេរតាមហ្វេសប៊ុករបស់នាងថា នាងនឹងមិនតវ៉ា និងមិនធ្វើបាតុកម្ម ប្រឆាំងនឹងលទ្ធផលប្រឡងនេះទេ តែនាងនឹងស្នើឲ្យក្រសួងអប់រំពិនិត្យកំណែវិញ្ញាសារបស់នាងឡើងវិញ។
កញ្ញាធីសុវណ្ណថាបានសរសេរលើហ្វេសប៊ុករបស់នាង ហើយបង្ហោះកាលពីរសៀលថ្ងៃទី១២កញ្ញាថា «ស្ទើរមិនគួរឲ្យជឿ លទ្ធផលបាក់ឌុបរបស់ខ្ញុំគឺ “ធ្លាក់” ខ្ញុំមិនប្រឆាំងតវ៉ា និងមិនធ្វើបាតុកម្ម ប្រឆាំងលទ្ធផលប្រឡងនេះទេ តែខ្ញុំនឹងស្នើសុំក្រសួងអប់រំ ដើម្បីពិនិត្យកំណែវិញ្ញាសារបស់ខ្ញុំ»។
ការសរសេរបង្ហោះលើអាខោនរបស់នាង ក្រោយពីនាងដឹងថានាងបានធ្លាក់ការប្រឡងបាក់ឌុប ដែលក្រសួងបានប្រកាសលទ្ធផលជាផ្លូវការកាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥នេះ។ លទ្ធផលនោះបានបង្ហាញឲ្យឃើញថាមិនមានឈ្មោះនាងនៅក្នុងបញ្ជីឈ្មោះ លទ្ធផលប្រឡងបាក់ឌុបឆ្នាំនេះឡើយ ហើយលទ្ធផលបែបនេះក៏បានធ្វើឲ្យនាងខកចិត្តមិនស្ទើរទេ ព្រោះកាលពីទី១១ ខែសីហា នាងបានសរសេរលើអាខោនរបស់ខ្លួនថា«ថ្ងៃស្អែក ចេញលទ្ធផលបាក់ឌុប ប្រសិន ខ្ញុំជាប់និទ្ទេសA ត្រូវទទួលរង្វាន់ពី លោក ហ៊ុន សែនតើខ្ញុំត្រូវធ្វើយ៉ាងណា?។ ជាពិសេសជាងនេះទៅទៀតបានធ្វើឲ្យនាងបាក់អំនួត និងត្រូវបានបណ្ដាញសង្គមហ្វេសប៊ុកធ្វើការបង្ហោះនូវលទ្ធផលនៃ អំនួតរបស់នាង ព្រមទាំងចែកចាយជាបន្តបន្ទាប់អមជាមួយការការសរសេររិះគន់ផងដែរ៕
ក្រសួងអប់រំផ្ដល់សិទ្ធិ៣០ថ្ងៃឲ្យបេក្ខជនប្ដឹងតវ៉ាលទ្ធផលប្រឡងបាក់ឌុប
0 Comments