កំពង់ស្ពឺ ៖ រថយន្តកុងតឺន័រមួយគ្រឿងបានបើកវ៉ាក្នុងស្ថានភាពផ្លូវចង្អៀត ក៏បានជ្រុលបុកម៉ូតូចំនួន២គ្រឿង ដែលកំពុងធ្វើដំណើរស្របទិសគ្នាបណ្ដាលឲ្យជនរងគ្រោះចំនួន៣នាក់បានរងរបួសធ្ងន់។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតមានឡើងកាលពីវេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ37-38មុខផ្សារព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោកអនុសេនីយ៍ទោ យន់ វន មេប៉ុស្តិនគរបាលត្រពាំងគងបានប្រាប់ថា រថយន្តកុងតឺន័រ ពាក់ស្លាកលេខភ្នំពេញ 3A.6085 អ្នកបើកបរមិនស្គាល់ឈ្មោះបានរត់គេចខ្លួនបាត់ ធ្វើដំណើរមកពីទិសខាងលិចទៅកើត។ លោកបន្តថា ម៉ូតូរងគ្រោះមានចំនួន២គ្រឿង រងការខូចខាតធ្ងន់ ទី១ម៉ាកហុងដាC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AK.1552 បើកបរដោយឈ្មោះលាង សុខុម ភេទស្រី អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិសំរោងទងកណ្ដាល ឃុំ-ស្រុកសំរោងទងរបួសធ្ងន់ ម៉ូតូទី២ម៉ាកហុងដាC125 ពណ៌ខ្មៅ ស្លាកលេខកំពង់ស្ពឺ 1B.8745 អ្នកបើកបរឈ្មោះស៊ិន ខេង ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិសួស្ដី ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងអ្នកជិះពីក្រោយម្នាក់ទៀតឈ្មោះច្រឹង ជា ភេទប្រុស អាយុ ១៧ឆ្នាំរងរបួសធ្ងន់។
លោកយន់ វនបានបន្តថា ក្រោយពេលកើតហេតុ អ្នករងរបួសធ្ងន់ទាំង៣នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីជួយ សង្គ្រោះភ្លាមៗផងដែរ។
សាក្សីនិយាយថា មុនពេលកើតហេតុ ពួកគាត់បានឃើញរថយន្តសណ្តោងកុងតឺន័រ បើកបរមកពីទិសខាងលិចទៅកើតយ៉ាងលឿន ហើយបានបើកវ៉ារថយន្តផ្សេងទៀតក្នុងស្ថានភាពគ្រោះថ្នាក់ ក៏ជ្រុលទៅបុកម៉ូតូចំនួន២គ្រឿងនៅខាងមុខបណ្ដាលឲ្យមនុស្ស៣នាក់របួសធ្ងន់។ បន្ទាប់មករថយន្តកុងតឺន័របានជាន់ហ្វ្រាំងក្រឡាប់ដេកស្ដូកតែម្តង។
មហាជនរិះគន់ថា ក្រុមរថយន្តដឹកទំនិញធំតាមផ្លូវជាតិលេខ៤នេះបើកបរក្នុងល្បឿនលឿនៗណាស់ និងមិនគោរពច្បាប់ចរាចរណ៍ទៀតផង។ បើសិនបង្កគ្រោះមានអ្នកស្លាប់ ឬរបួសតៃកុងតែងតែរួចខ្លួនរហូត ដោយសារពួកគេសំអាងមានការធានារ៉ាប់រង។ បច្ចុប្បន្នករណីនេះប៉ូលិសចរាចរណ៍ស្រុកសំរោងទង បានធ្វើការវាស់វែង និងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងតាមនីតិវិធី និងរង់ចាំដោះស្រាយគ្នាក្រៅប្រព័ន្ធតុលាការ៕
កុងតឺន័របើកវ៉ាក្នុងស្ថានភាពគ្រោះថ្នាក់បុកម៉ូតូ២គ្រឿងរបួសធ្ងន់៣នាក់ រួចក្រឡាប់ស្ដូក(Update)
0 Comments