ភ្នំពេញ ៖ បុរសជនជាតិបារាំងម្នាក់ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ តាមរយៈលោកឧត្ដមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី សហការជាមួយមន្ត្រីប៉ុស្តិ៍ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ធ្វើការបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជាវេលាម៉ោង១៦និង៣០នាទីល្ងាច ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥ តាមជើងយន្តហោះលេខ QR 971 ចេញពីភ្នំពេញឆ្ពោះទៅកាន់ប្រទេសដើមវិញ។
មន្ត្រីនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃបានប្រាប់ឲ្យដឹងថា ជនបរទេសរូបនេះមានឈ្មោះ Fretz Pascal Rene Leon ភេទប្រុស សញ្ជាតិបារាំង កើតថ្ងៃទី០៥/០៣/៧២ កាន់លិខិតធ្វើដំណើរលេខ០១៩៥៤៩៥ ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា ដោយសារទិដ្ឋាការហួសសុពលភាព ហើយលួចលាក់ស្នាក់នៅដោយខុសច្បាប់នៅខេត្តកែប រយៈពេល៦ឆ្នាំ។
មន្ត្រីនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃប្រាប់បន្តឲ្យដឹងថា ការបណ្ដេញចេញជនជាតិបារាំងឈ្មោះ Fretz Pascal Rene Leon ពីព្រះរាជាណាចក្រកម្ពុជា តាមរយៈសេចក្តីប្រកាសបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជារបស់ក្រសួងមហាផ្ទៃលេខ ៨០៣៧ ប្រ.ក ចុះថ្ងៃទី០៣/០៩/១៥ សហការជាមួយមន្ត្រីប៉ុស្តិ៍ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញធ្វើការបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជាវេលាម៉ោង១៦និង៣០នាទីល្ងាច ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥ តាមជើងយន្តហោះលេខ QR 971 ចេញពីភ្នំពេញ ឆ្ពោះទៅកាន់ប្រទេសដើមវិញ៕
បណ្ដេញបុរសជនជាតិបារាំងម្នាក់ចេញពីព្រះរាជាណាចក្រកម្ពុជា
0 Comments