Ad Code

បង្ក្រាប​បទ​ល្មើស​របាំង​សាច់​អួន​៨​កន្លែង ​និង​កាប់​បំផ្លាញ​ប្រវែង​១.៤០០​ម៉ែត្រ​នៅ​ឃុំ​ផ្លូវ​ទូក​

កំពង់ឆ្នាំង ៖ របាំង​សាច់​អួន​ចំនួន​៨​កន្លែង មាន​ប្រវែង​១.៤០០​ម៉ែត្រ និង​លប​លូ​សាច់​អួន​ចំនួន​១៨​មាត់ នៅ​ក្នុង​ភូមិសាស្ត្រ​ភូមិ​ថ្នល់​ឈើទាល ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ ដឹក​នាំ​ដោយ​លោក​នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​សហការ​ជាមួយ​សមត្ថកិច្ច​ចម្រុះ​ក្នុងស្រុក ធ្វើ​ការ​ចុះ​បង្ក្រាប​កាប់​បំផ្លាញ​ចោល​នៅ​នឹង​កន្លែង កាលពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៥។​


លោក ម៉ប់ សាម៉ុន នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​បាន​និយាយ​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ខាង​លើ​នេះ​គឺ​មានការ​បញ្ជា​ពី​លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង ដោយ​សហការ​ជាមួយ​លោក ផៅ ស្រៀ​ង អភិបាលរង​ស្រុក​កំពង់លែង និង​សមត្ថកិច្ច​ចម្រុះ​រួមមាន យោធា​ស្រុក នគរបាល​ស្រុក សរុប​ចំនួន​១៨​នាក់ ប្រើប្រាស់​កាណូត​បាឡាស្មាច់​ចំនួន​៦​គ្រឿង បាន​បើកកាណូត​បង្ក្រាប​បទល្មើស​នេសាទ​ពេញ​មួយថ្ងៃ​នៅ​ក្នុង​ភូមិសាស្ត្រ​ភូមិ​ថ្នល់​ឈើទាល ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង។ លទ្ធផល​បង្ក្រាប​បាន​ធ្វើការ​កាប់​បំផ្លាញ​ចោល​របាំង​សាច់​អួន ចំនួន​៨​របាំង ស្មើនឹង​ប្រវែង​១.៤០០​ម៉ែត្រ បង្គោល​៧៥០​ដើម លប​លូ​សាច់​អួន​១៦​មាត់ និង​ចាក់​លែង​ត្រី​ចម្រុះ​ចំនួន​៣០​គីឡូក្រាម។​


លោក ម៉ប់ សាម៉ុន បាន​ឲ្យ​ដឹង​ទៀត​ថា បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ​នេសាទ​ឆ្នាំ​២០១៥​នេះ​មានការ​ថយ​ចុះ ព្រោះ​កត្តា​ទឹកទន្លេ​ឡើង​ទាប​ជាង​ឆ្នាំ​ចាស់​ជាង​២​ម៉ែត្រ ទើប​ការ​បង្ក្រាប​បទល្មើស​នេ សាទ​ខាង​លើ​នេះ​បាន​លទ្ធផល​តិច។


ទោះ​បី​បែបនេះ​ក្តី​តាម​ផែនការ​របស់​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត លោក​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​បាន​ដាក់​បញ្ជា​ឲ្យ​ធ្វើ​ការ​បង្ក្រាប​ជា​រៀងរាល់ថ្ងៃ ដូច​ភ្លៀងរលឹម មិន​ត្រូវ​បណ្ដែត​បណ្ដោយ​ឲ្យ​មាន​បទល្មើស​យ៉ាង​អានាធិបតេយ្យ​នោះ​ឡើយ។​


គួរ​បញ្ជាក់​ថា រដូវ​បិទ​ការ​នេសាទ​ នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​៣១ ខែ​កញ្ញា ឆ្នាំ​២០១៥ ហើយ​រដូវ​បើក​នេសាទ​ និង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​០១ ខែ​តុលា ឆ្នាំ​២០១៥​តទៅ​ហើយ សមត្ថកិច្ច​រដ្ឋបាល​ជលផល​ក៏​សូម​អំពាវនាវ​ផង​ដែរ​ដល់​ប្រជា​នេសាទ​ទាំងអស់ កុំ​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់ ដូចជា​ដាក់​រ​បាំង​សាច់​អួន​វែង​លើស​ការកំណត់ ប្រើ​សាច់​អួន​ក្រឡា​តូច ប្រើ​ឧបករណ៍​នេសាទ​កែច្នៃ​ទំនើប និង​ការ​ឆក់​ត្រី​ដែល​ច្បាប់​ហាមឃាត់ ដែល​ប្រឈម​នឹង​ការ​បង្ក្រាប​ពី​សមត្ថកិច្ច និង​ដែល​នាំ​ឲ្យ​មាន​ទោស​ទណ្ឌ​ដល់​ខ្លួន និង​ខាតបង់​ថវិកា​នៅ​ក្នុង​គ្រួសារ៕
Pisey-2015-09-21-full-a6


Pisey-2015-09-21-full-a8


Pisey-2015-09-21-full-a9




បង្ក្រាប​បទ​ល្មើស​របាំង​សាច់​អួន​៨​កន្លែង ​និង​កាប់​បំផ្លាញ​ប្រវែង​១.៤០០​ម៉ែត្រ​នៅ​ឃុំ​ផ្លូវ​ទូក​

Post a Comment

0 Comments

Close Menu