ប្រធានាធិបតីរុស្ស៊ី លោកវ៉្លាឌីមៀរ ពូទីន បានណែនាំដល់រដ្ឋាភិបាលឲ្យអភិវឌ្ឍការធ្វើដំណើរដោយមិនបាច់មានទិដ្ឋាការសម្រាប់ដំណើរបំពេញទស្សនកិច្ចរយៈពេលខ្លី និងការឆ្លងកាត់ដោយអ្នកទេសចរបរទេសមកពីក្រុមប្រទេស BRICS។ កាលបរិច្ឆេទសម្រាប់ដាក់ជូននូវសំណើនេះ គឺកំណត់នៅថ្ងៃទី៣០ ខែតុលា។
BRICS រួមមាន៥ប្រទេសដែលសេដ្ឋកិច្ចកំពុងតែអភិវឌ្ឍ គឺប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។ លោកពូទីន ក៏បានស្នើផងដែរ ឲ្យធ្វើការផ្លាស់ប្ដូរច្បាប់ ដើម្បីបង្កើនចំនួនកំពង់ផែរបស់ប្រទេសរុស្ស៊ី ដែលអនុញ្ញាតឲ្យអ្នកដំណើរបរទេសធ្វើដំណើរតាមផ្លូវសមុទ្រចូលមកប្រទេសរុស្ស៊ី។
គំនិតនៃការធ្វើដំណើរដោយមិនតម្រូវឲ្យមានទិដ្ឋាការនៅក្នុងប្លុកពាណិជ្ជកម្មនេះត្រូវបានស្នើឡើងជាលើកដំបូងនៅក្នុងឆ្នាំ២០១៣ នៅក្នុងជំនួបកំពូលលើកទី៥របស់ប្រទេស BRICS នៅទីក្រុង Durban ប្រទេសអាហ្វ្រិកខាងត្បូង។ គំនិតនេះបានផ្ដល់រួចហើយដល់អាជីវករមកពីប្រទេស BRICS ងាយស្រួលចូលមកក្នុងប្រទេសនេះ។ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃរបស់អាហ្វ្រិកខាងត្បូង លោក Malusi Gibaba បាននិយាយដូច្នេះនៅក្នុងខែកុម្ភៈ។
នៅក្នុងចំណោមគម្រោងដ៏សំខាន់របស់ក្រុមនេះ គឺធនាគារអភិវឌ្ឍថ្មីរបស់ BRICS ដែលបើកសម្រាប់ប្រតិបត្ដិការនៅសៀងហៃ នៅថ្ងៃទី២១ ខែកក្កដា សំដៅដាក់ប្រាក់៥០ពាន់លានដុល្លារនៅក្នុងដើមទុនដំបូងដើម្បីឧបត្ថម្ភដល់គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍប្រកបដោយនិរន្ដរភាព។ គម្រោងមួយទៀតគឺការអភិវឌ្ឍមូលនិធិរួមរូបិយប័ណ្ណបម្រុង១០០ពាន់លានដុល្លារ ដើម្បីការពាររូបិយប័ណ្ណជាតិពីទីផ្សារដែលឆេវឆាវនៅក្នុងពិភពលោក៕
RT
លោកពូទីន ចង់ឲ្យប្រទេសរុស្ស៊ី លើកលែងទិដ្ឋាការសម្រាប់ប្រទេស BRICS
0 Comments