Ad Code

អង្គការ​តាម​ឃ្លាំមើល​ការ​គោរពសិទ្ធិមនុស្ស HRW ថ្កោលទោស​ប្រទេស​អេហ្ស៊ីប​ ក្នុង​ការ​កម្ទេច​រង្គាល​លំនៅដ្ឋាន​ នៅខេត្ដ​ស៊ីណៃ

អង្គការ​តាមឃ្លាំមើល​ការ​គោរពសិទ្ធិ​មនុស្ស​ Human Right Watch (HRW) កាលពីថ្ងៃ​អង្គារ​កន្លងទៅនេះ បាន​ថ្កោល​ទោស​ទៅលើ​កង​ទ័ព​​នៃ​ប្រទេស​អេហ្ស៊ីប​ថា បាន​រំលោភបំពាន​ទៅ​លើ​ច្បាប់អន្ដរ​ជាតិ តាម​រយៈ​ការ​កម្ទេច​យ៉ាង​រង្គាល​នូវលំនៅដ្ឋាន​ និង​បណ្ដេញ​ប្រជា​ជន​អស់​រយៈ​ពេល​២ឆ្នាំកន្លង​ទៅហើយ នៅតាម​បណ្ដោយ​ព្រំដែន​ជាប់ជាមួយ​នឹង​ហ្កាហ្សា​។


កង​ទ័ព​នៃ​ប្រទេស​អេហ្ស៊ីប នៅក្នុង​ខែ​តុលា​កន្លងទៅនេះ បាន​បង្កើត​ឲ្យ​ក្លាយទៅជា​តំបន់​វាល​ល្វឹង​ល្វើយ​មួយ​នៅ​តាម​បន្ទាត់ព្រំដែន​ជាប់​ជាមួ​យនឹងក្រុង​ Rafah ដែល​ស្ថិតនៅ​ភាគខាង​​ជើង​នៃ​ជ្រោយ​ស៊ីណៃ ដែលនៅទីនោះ​ប្រទេស​អេហ្សុីប បាននិយាថា គឺរូង​ក្រោមដីទាំងឡាយ​បានផ្ដល់​លទ្ធភាព​ និងអំណោយ​ផល​ដល់ក្រុម​សកម្ម​ជន​ប្រយុទ្ធ​ ព្រមទាំងអាវុធ​យុទ្ធភណ្ឌ​ដល់​ជន​ប៉ាឡេស្ទីន។


អង្គការសិទ្ធិ​មនុស្ស​ដដែល​បាន​និយាយ​ថា ការ​កម្ទេច​ក្នុងមាត្រដ្ឋានដ៏ធំនោះ យ៉ាង​ហោច​ណាស់​ក៏មានអគារ​៣,២៥៥​កន្លែង នោះ​ក៏​ជា​ការ​គំរាម​កំហែង​​ទៅ​នឹង​អ្វីដែល​អេហ្ស៊ីប​និយាយ​ថា ជាកន្លែង​ឆ្លងកាត់​ក្រុមសកម្មប្រយុទ្ធ និង​ព្រម​ទាំងសព្វាវុធ​របស់ប៉ាឡេស្ទីន​ផងដែរ។ នេះ​បើ​តាម​ការឲ្យដឹងពីអង្គការតាមឃ្លាំមើលសិទ្ធិ​មនុស្ស​ថា កាតព្វកិច្ចរបស់ប្រទេស​អេហ្ស៊ីប ស្ថិតនៅ​ក្រោម​សិទ្ធិ​មនុស្ស​អន្ដរ​ជាតិ​ និង​ច្បាប់​អន្ដរជាតិ ព្រមទាំង​ច្បាប់​នៃ​សង្គ្រាមនោះ គឺ​ប្រទេស​នេះ មិនបានអនុវត្ដ​បានសោះឡើយ​។


គួររំលឹកថា ប្រទេស​អេហ្ស៊ីប បានឈាន​ឡើង​ក្នុងការបើកសមរភូមិប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ក្រុម​អ្នក​ធ្វើសង្គ្រាមពិសិដ្ឋ​ជីហាដ ដែល​ក្នុង​នោះ​គឺក្រុម​រដ្ឋ​ឥស្លាម​ដែលមាន​សាខា​នៅ​ក្នុង​ប្រទេស​អេហ្សុីប ពិសេស​គឺនៅក្នុង​ខេត្ដ​ស៊ីណៃ ចាប់តាំងពីពេលដែលនាយ​អគ្គសេនា​ធិការ​​ លោក Abdel Fattah al-Sisi នៃ​កងទ័ព​អេហ្ស៊ីប បានបណ្ដេញប្រធានាធិបតីឥស្លាម​ដែល​ជាប់ឆ្នោត​លោក Mohamed Morsi ឲ្យ​ចុះចេញពីតំណែង​ទៅវិញនៅក្នុង​ខែ​កក្កដា ឆ្នាំ​២០១៣នោះ។ ម្យ៉ាង​ទៀត ក្រុមសកម្ម​ជនប្រយុទ្ធ​ឥស្លាម​ដែល​នៅ​ក្នុង​ខេត្ដ​ស៊ីណៃ បាន​ទាំង​សម្លាប់​ប៉ូលិស​ ព្រមទាំង​ទាហាន​របស់​រដ្ឋាភិបាល​ ចាប់តាំងពីមានការ​ទម្លាក់​លោក​ប្រធានាធិបតី Morsi មកនោះ។ ក្រុម​សកម្ម​ប្រយុទ្ធ​បានទាំងប្ដេជ្ញាថា នឹង​ធ្វើ​ការសង​សឹក​ចំពោះ​ការបង្ក្រាបអ្នក​ដែល​គាំទ្រ​ខ្លួន ហើយ​ដែលបានបាត់បង់​ជីវិត​អស់​ដល់ទៅ​ជាង​១,៤០០​នាក់​ ព្រមទាំង​មនុស្ស​រាប់​ពាន់​នាក់​ទៀត​ត្រូវ​ជាប់​ឃុំឃាំង។


ដោយឡែក​រដ្ឋាភិបាល​អេហ្ស៊ីប ខកខាន​មិន​បានផ្ដល់​ឲ្យ​បាន​គ្រប់គ្រាន់​នូ​វជម្រក​សម្រាប់​ប្រជា​ជន​ប្រមាណ​៣,២០០គ្រួសារនោះទេ ទាំង​នៅក្នុង​ពេល​ និ​ងនៅក្រោយពេល​ត្រូវ​បណ្ដេញ​ចេញពីផ្ទះសម្បែង​របស់​ពួកគេ​នោះ នេះ​ជាការ​លើកឡើងដោយអង្គការ​តាមឃ្លាំមើល​ការ​គោរពសិទ្ធិ​មនុស្ស​នៅក្នុងប្រទេស​អេហ្ស៊ីប៕


AFP


 



អង្គការ​តាម​ឃ្លាំមើល​ការ​គោរពសិទ្ធិមនុស្ស HRW ថ្កោលទោស​ប្រទេស​អេហ្ស៊ីប​ ក្នុង​ការ​កម្ទេច​រង្គាល​លំនៅដ្ឋាន​ នៅខេត្ដ​ស៊ីណៃ

Post a Comment

0 Comments

Close Menu