ប៉ូលិសទួរគី កាលពីថ្ងៃអង្គារ បានប្រើឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់កាំភ្លើងកៅស៊ូ ព្រមទាំងកាណុងបាញ់ទឹក ដើម្បីបំបែកក្រុមបាតុករនៅឯកណ្ដាលក្រុង Istanbul ដោយបានចាប់ឃុំខ្លួនមនុស្សជាង១០នាក់ថែមទៀតផង នេះជាការលើកឡើងដោយអ្នកថតយករូបភាពម្នាក់របស់ទីភ្នាក់ងារព័ត៌មានបារាំង AFP។
ការប្រមូលផ្ដុំដោយមានការជួបជុំគ្នានៃមនុស្សប្រមាណ៥០០នាក់ បានចាប់ផ្ដើមប្រព្រឹត្ដទៅ
ដោយសន្ដិវិធីនៅដងវិថី Istiklal Street នៅកណ្ដាលទីក្រុងអឺរ៉ុបនេះ។
ប៉ូលិសបានអន្ដរាគមន៍ ខណៈពេលដែលក្រុមបាតុករមានចេតនានឹងបង្កើតឲ្យមានជាខ្សែមនុស្សមួយ ហើយស្រែកអាក្រោសពាក្យស្លោកប្រឆាំងនឹងរដ្ឋាភិបាលរបស់ប្រធានាធិបតី Recep Tayyip Erdogan និងការវាយលុករបស់រដ្ឋាភិបាលនេះប្រឆាំងនឹងសកម្មជនប្រយុទ្ធឃើដ។ ពេលនោះកាណុងបាញ់ទឹកក៏បានបាញ់ទឹកទៅលើក្រុមបាតុករ ដែលនៅពាក់កណ្ដាលផ្លូវ ដែលជាតំបន់ហាងលក់ដូរដ៏កុះករ ហើយប៉ូលិសក៏បានប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈពេលដែលក្រុមបាតុកររត់រកទីជម្រក។
ក្នុងចំណោមមនុស្សដែលត្រូវចាប់ខ្លួននោះ មានទាំងលោក Yasin Akgul ដែលជាអ្នកថតរូបកាសែតសេរីម្នាក់ជនជាតិទួរគី ដែលបំពេញការងារឲ្យទីភ្នាក់ងារព័ត៌មានបារាំង Agence France Press នោះផងដែរ។ គាត់រងការចាប់ក្រៀកផ្ទប់នៅដី ដោយប៉ូលិសប៉ុន្មាននាក់ ពេលដែលគាត់ព្យាយាមថតយករូបភាពនៃការចាប់ខ្លួនទាំងឡាយនោះ។
លោក Akgul ត្រូវបាននាំខ្លួនទៅកាន់រថយន្ដរង់ចាំរបស់ប៉ូលិស មុនពេលត្រូវបានដោះលែងវិញ បន្ទាប់ពីក្រុមសហសេវិកលើកអំណះអំណាងថា គាត់ជាអ្នកថតរូបឲ្យបណ្ដាញផ្សព្វផ្សាយព័ត៌មាននោះទេ។ គាត់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារតែរបួសដៃម្ខាង ហើយបន្ទាប់មកក៏ត្រូវបានអនុញ្ញាតឲ្យវិលទៅផ្ទះសម្បែងវិញទៅ។
របាយការណ៍ក៏បាននិយាយដែរថា អ្នកកាន់កាមេរ៉ាថតរូបម្នាក់របស់ទីភ្នាក់ងារព័ត៌មានរដ្ឋ លោក Anatolia របស់ប្រទេសទួរគី ក៏រងរបួសផងដែរ។ លោក Anatolia រាយការណ៍ថា សរុបមាន១៤នាក់ត្រូវរងការចាប់ឃាត់ខ្លួន៕
AFP
ប៉ូលិសទួរគីបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកបាតុកម្មតវ៉ា នៅក្រុង Istanbul
0 Comments