ក្រុមសកម្មជនដែលស្និទ្ធនឹងលទ្ធិប្រជាធិបតេយ្យមួយបាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេមានផែនការនឹងដើរហែជាក្បួនឲ្យបានច្រើន បន្ទាប់ពីមានបាតុកម្មនយោបាយយ៉ាងធំបំផុត នៅក្នុងរាជធានីនៃប្រទេសថៃឡង់ដ៍ ចាប់តាំងពីរដ្ឋាភិបាលយោធាមួយបានឡើងមកកាន់អំណាចនៅក្នុងខែឧសភា ឆ្នាំ២០១៤ មកនោះ។
មានការប្រឆាំងតវ៉ាមួយទៀតដែលនឹងកើតមានឡើងជាចំណុចក្ដៅជាមួយរបប Junta ត្រូវបានចាត់ទុកថា ជាការផ្ដើមសកម្មភាពប្រឆាំងទៅនឹងអ្នករៀបចំមនុស្សដែលចូលរួមដល់ទៅ រាប់រយនាក់ ដែលបំពានទៅនឹងបទបញ្ជារបស់រដ្ឋាភិបាល បានធ្វើដំណើរហែជាក្បួននៅឯវិមានប្រជាធិបតេយ្យនៃក្រុងបាងកក កាលពីថ្ងៃសៅរ៍។
ចលនាប្រជាធិបតេយ្យថ្មី (NDM) ប្រហែលជាផ្ដើមចេញនូវព្រឹត្ដិការណ៍មួយទៀតនៅដើមខែតុលា នេះជាការលើកយកមកនិយាយដោយលោក Rangsiman Rome ជាអ្នកសម្របសម្រួលម្នាក់នៃចលនា NDM និងជានិស្សិតច្បាប់ម្នាក់នៅឯសាកលវិទ្យាល័យធម្មសាស្ដ្រ។
ក្រុមនោះមានការអនុញ្ញាតឲ្យបើកជាវេទិកាមួយនៅឯសាកលវិទ្យាល័យកាលពីថ្ងៃសៅរ៍ ប៉ុន្ដែមិនអនុញ្ញាតឲ្យដើរហែជាក្បួនទេ។
នៅមិនទាន់ច្បាស់ការណ៍នោះទេដែលថា ហេតុអ្វីទើបបានជាអាជ្ញាធរអនុញ្ញាតឲ្យក្នុងការធ្វើដូច្នេះ។ ក្រុមបាតុករនៅឯក្រុមមនុស្សតូចៗជាច្រើនដែលមកប្រមូលផ្ដុំគ្នារងការចាប់ឃុុំខ្លួនដោយរដ្ឋាភិបាល។
មេដឹកនាំរដ្ឋប្រហាររបប Junta និងជានាយករដ្ឋមន្ដ្រី លោក Prayuth Chan-Ocha បានហាមប្រាមការប្រមូលផ្ដុំផ្នែកនយោបាយលើសពី៥នាក់ឡើងទៅ ហើយបានទាំងកោះហៅសកម្មជនដល់ទៅរាប់រយនាក់ដើម្បីយកមកសួរចម្លើយ។ ភាគច្រើនអ្នកដែលត្រូវកោះហៅនោះមានទាំងអ្នកកាសែត និងអ្នកនយោបាយដែលត្រូវរងការចាប់បង្ខំឲ្យទៅកែប្រែឥរិយាបថនៅឯមូលដ្ឋានកងទ័ពទៀតផង។
គោលនយោបាយនៃការប្រមូលផ្ដុំមនុស្សនោះ មិនប្រែប្រួលឡើយ។ នេះជាការលើកឡើងដោយបុរសអ្នកនាំពាក្យរបស់ Junta លោក Winthai Suvaree។ អ្នកនាំពាក្យនេះនិយាយថា ត្រូវតែមើលថា តើការធ្វើបាតុកម្មនោះមានលក្ខណៈស្របច្បាប់ ឬក៏មិនស្របច្បាប់។ ជាទូទៅយើងមិនអនុញ្ញាតឲ្យមានការធ្វើបាតុកម្មក្នុងបុព្វហេតុនយោបាយណាមួយឡើយ។
លោក Prayuth នឹងចេញដំណើរទៅក្រុងញូវយ៉កនៅសប្ដាហ៍នេះ ដើម្បីថ្លែងសុន្ទរកថា នៅឯមហាសន្និបាតនៃអង្គការសហប្រជាជាតិក្នុងក្រុងញូវយ៉ក។ នេះជាការលើកឡើងដោយប្រមុខរដ្ឋាភិបាលស្ដីទីលោក Sansern Kaewkamnerd កាលពីថ្ងៃសៅរ៍។
កងទ័ពបើតាមមើលទៅមិនមានគម្រោងការដើម្បីចែករំលែកអំណាចនោះឡើយ។ លោក Prayuth បាននិយាយរួចហើយកាលពីសប្ដាហ៍កន្លងទៅនេះថា ការបោះឆ្នោតមួយប្រហែលជានឹងប្រព្រឹត្ដទៅនៅខែកក្កដា ឆ្នាំ២០១៧៕
Reuters
ក្រុមសកម្មជនថៃមានផែនការដើម្បីបំពានទៅលើបម្រាមរបស់របបJunta ជាមួយនឹងការដើរហែជាក្បួន
0 Comments