Ad Code

ប៉ូ វណ្ណស័ក្ត ជួបជើងថ្មី វែន សុភ័ក្រ នៅSEA-TVនាយប់ថ្ងៃអាទិត្យនេះ

*នី ចាន់រ៉ា ជួប គួន សុវណ្ណ

ប្រដាល់ ៖ ប៉ូ វណ្ណស័ក្ត អ្នកប្រដាល់ជើងចាស់ក្លិបគីសែមានរិទ្ធ ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយអ្នកប្រដាល់ជើងថ្មី វែន សុភ័ក្រ ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ នាយប់ថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០១៥នេះ នៅលើសង្វៀនSEA-TV។

វែន សុភ័ក្រ គេមិនមែនថ្មីចែសនោះទេ គេប្រកួតបានប្រហែលជិត២០ដងហើយ ដោយគ្រាន់តែក្នុងការប្រកួតទាំងនោះ សុភ័ក្រ ទទួលបានលទ្ធផលល្អ ពោលគឺឈ្នះច្រើនជាងចាញ់។ គេប្រកួតចុងក្រោយនេះ បានវាយឈ្នះ ញ៉េ សិទ្ធ អ្នកប្រដាល់ក្លិបអេភូថងកីឡាដោយពិន្ទុ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៥។


សុភ័ក្រ គេមានកណ្ដាប់ដៃល្អ ហើយជើង ជង្គង់ ក៏មានផ្លែល្អដែរ។ មួយទៀតគេនៅក្មេងកម្លាំងស៊ុហ្វខ្លាំង យ៉ាងហោចណាស់ក៏មិនអាចឲ្យ ប៉ូ វណ្ណស័ក្ត មើលស្រាលឬព្រហើនដាក់ខ្លាំងពេកដែរ។


ប៉ូ វណ្ណស័ក្ត ពីមុនគេជាអ្នកប្រដាល់ខ្លាំង តែសម្រាប់បច្ចុប្បន្នមិនជាប៉ុន្មាននោះឡើយ។ អ្នកប្រដាល់ជើងចាស់រូបនេះ វាយនៅតែខ្លាំងដដែល តែបានពីរទៅបីទឹកដំបូងប៉ុណ្ណោះ គឺទៅលែងរួចហើយ។


ការប្រកួតចុងក្រោយរបស់ ប៉ វណ្ណស័ក្ត គឺវាយស្មើជាមួយជើងថ្មី ពុទ្ធ សុជាតិ អ្នកប្រដាល់ក្លិបពុទ្ធសេរីវង្សកីឡា។ ប្រកួតពីរទឹកដំបូង វណ្ណស័ក្ត វាយសម្លុតសុជាតិឡើងចង់បាក់ ប៉ុន្តែក្រោយពីបំបាក់ សុជាតិ មិនបាន ប៉ូ វណ្ណស័ក្ត ចាប់ផ្ដើមថយកម្លាំងនិងចាញ់ប្រៀបគេវិញហើយ។ ដោយសារតែបែបនេះហើយ ទើបគេហ៊ានផ្គូឲ្យ សុភ័ក្រ ដែលជាជើងថ្មីជួបជាមួយ ដោយដឹងថា វណ្ណស័ក្ត មិនអាចស៊ី សុភ័ក្រ បានស្រួលៗនោះឡើយ។ ហើយស្រួលមិនស្រួល វណ្ណស័ក្ត អាចនឹងចាញ់ សុភ័ក្រ វិញផងក៏ថាបានដែរ។ ចាំមើល រវាង ប៉ូ វណ្ណស័ក្ត និងវែន សុភ័ក្រ ជួបគ្នានេះ តើនរណាឈ្នះនោះ?


នី ចាន់រ៉ា អ្នកប្រដាល់ក្លិបរាជសីហ៍ខេត្តរតនគិរី នឹងជួបប្រកួតជាមួយ គួន សុវណ្ណ អ្នកប្រដាល់ក្លិបសុភានូមានជ័យ។ ពួកគេទាំងពីរ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៥១គីឡូក្រាម។ អ្នកប្រដាល់ទាំងពីរនាក់នេះ ទោះបីជាចាន់រ៉ាជាអ្នកប្រដាល់ស្រករក្រោយក្តី តែក៏មិនជាចាញ់ សុវណ្ណ ដែលជាអ្នកប្រដាល់ចាស់វស្សាប៉ុន្មានដែរ។


គួន សុវណ្ណ គេប្រកួតសូវដែលឃើញឈ្នះគេទេកន្លងមក។ គេប្រកួតចុងក្រោយនេះ វាយចាញ់ សយ សី អ្នកប្រដាល់ជើងថ្មីក្លិបពន្លឺវិបុលរិទ្ធីដោយពិន្ទុ។ ចំណែកការប្រកួតចុងក្រោយរបស់ នី ចាន់រ៉ា ក៏ប្រកួតចាញ់ ជា សំណាង អ្នកប្រដាល់ក្លិបអមតៈគុនខ្មែរខេត្តសៀមរាបដោយពិន្ទុ។ ដូច្នេះសម្រាប់ការជួបគ្នារវាង នី ចាន់រ៉ា និងគួន សុវណ្ណនេះ មិនដឹងថានរណាជាអ្នក ឈ្នះនោះឡើយ?


វេន សំណាង អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡា ត្រូវជួបប្រកួតជាមួយ ប្រាក់ វិឆ័យ អ្នកប្រដាល់ក្លិបតាឯកដំបងដែកមានរិទ្ធខេត្តព្រៃវែង។ ពីរនាក់នេះប្រកួតគ្នាក្នុង ទម្ងន់ ៦០គីឡូក្រាម ។ ពួកគេពុំធ្លាប់ដែលប៉ះគ្នាទេកន្លងមក។


ប្រាក់ វិឆ័យ ជាអ្នកប្រដាល់ថ្មីដែរ តែវាយល្អ ខ្លាំងនិងអាចធានាស៊ុហ្វសម្រាប់ការវាយប្រាំទឹកថែមទៀត។ អ្នកប្រដាល់រូបនេះ ប្រកួតចុងក្រោយឈ្នះ លីន ចំរើន អ្នកប្រដាល់ក្លិបបូរីរាជសីហ៍មានរិទ្ធក្នុងទឹកទី៤ ខណៈដែលការប្រកួតចុងក្រោយរបស់ វេន សំណាង គេវាយចាញ់ ផាន់ គីម អ្នកប្រដាល់ក្លិបរស្មីកុមារកំព្រាក្នុងទឹកទី៣។ ចាំមើល វេន សំណាង ឡើងប្រកួតលើកនេះអាចយកឈ្នះប្រាក់ វិឆ័យ បានឬអត់?៕
Pisey-2015-09-26-full-C


Pisey-2015-09-26-full-C1



ប៉ូ វណ្ណស័ក្ត ជួបជើងថ្មី វែន សុភ័ក្រ នៅSEA-TVនាយប់ថ្ងៃអាទិត្យនេះ

Post a Comment

0 Comments

Close Menu