Ad Code

បញ្ជូន​ខ្លួន​ថៅកែ​ឡាន​រឿង​ឆបោក​លុយ​ជាង​១០ម៉ឺន​ដុល្លារ​​ទៅ​តុលាការ

ភ្នំពេញ​ ៖​ បុរស​ម្នាក់​ ដែល​គេ​ស្គាល់​ថា​ជា​ថៅកែ​ឡាន​នាំ​ឡាន​ស៊េរី​ទំនើប​ៗ​ពី​អាមេរិក​មក​កម្ពុជា​ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជូន​ខ្លួន​ទៅ​តុលាការ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ ខែ​​តុលា​ឆ្នាំ​២០១៥​ បន្ទាប់ពី​ធ្វើការ​ចាប់ខ្លួន​ពី​ក្នុង​ផ្ទះ​ជួល​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។ ថៅកែ​ឡាន​រូប​នេះ​រង​ការ​ចោទ​ប្រកាន់​ថា ​​បាន​ឆបោក​យក​លុយ​ចំនួន​១០​ម៉ឺន​ដុល្លារ​ថ្លៃ​កក់​ទិញ​រថយន្ត​ស៊េរី​ទំនើប​ដែល​កុម្ម៉ង់​ទិញ​ពី​បរទេស ហើយ​គេចវេះ​មិន​ព្រម​សង​ ដោយ​លើស​កិច្ចសន្យា​ជាង​៣​ខែ​មក​ហើយ ​ ​និង​មួយទៀត​ករណី​ក្លែង​ឯកសារ។


លោក​វរសេនីយ៍ទោ​មុំាង សុខ​លុច ​នាយការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​ថា ​ជន​សង្ស័យ​ដែល​កម្លាំង​អាវុធហត្ថ​ចាត់​បញ្ជូន​ទៅ​តុលាការ​នៅ​ល្ងាច​នេះ​មាន​ឈ្មោះ​ឈាង ​សុផល​ ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​ មុខរបរ​លក់​រថយន្ត​ មាន​ស្រុក​កំណើត​នៅ​ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម ស្នាក់នៅ​ផ្ទះ​ជួល​លេខ​២០៧ ផ្លូវ​៥៩៨​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ​ថៃ ឈុន​គ្រី ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ​ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​៦​អឺ​០​ ផ្លូវ​លេខ​៨៨​ សង្កាត់​ស្រះចក ខណ្ឌដូនពេញ។


លោក​មុំាង សុខ​លុច​បន្តថា បន្ទាប់ពី​ទទួល​ពាក្យ​បណ្តឹង​ពី​ឈ្មោះ​ថៃ ឈុន​គ្រី ​​និង​ការ​​អនុញ្ញាត​ពី​លោក​ស៊ុំ វ​ណ្ណី​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ​កម្លាំង​របស់​លោក​​​ចាប់ខ្លួន​ឈ្មោះ​ឈាង សុផល​នៅផ្ទះ​ជួល​ខាងលើ ​មក​សាកសួរ​តាម​នីតិវិធី ហើយ​បន្ត​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់។


យោងតាម​ពាក្យ​បណ្តឹង​របស់​ឈ្មោះ​ថៃ ឈុន​គ្រី​បាន​ឲ្យ​ដឹង​ថា​ នៅ​អំឡុង​ខែមេសា ​ឆ្នាំ​២០១៥​ឈ្មោះ​ឈាង សុផល​បាន​ប្រើ​ឈ្មោះ​ក្រុមហ៊ុន​Asia Business Solution(Cambodia)Co,ltd ថា​ជា​ក្រុមហ៊ុន​របស់​គាត់​ ហើយ​ប្រាប់​គាត់ ​និង​ប្រពន្ធ​ដែល​ធ្លាប់​ស្គាល់​គ្នា​យូរ​មក​ហើយ​ថា​ “​មាន​លក់​រថយន្ត​ស៊េរី​ទំនើបៗ​ច្រើន​ប្រភេទ​អាច​បញ្ជា​ទិញ​តាមចិត្ត​ចង់បាន​រយៈពេល​តែ​៤​សប្តាហ៍​គិត​ចាប់​ពីថ្ងៃ​ចុះ​កិច្ចសន្យា​ និង​ទទួល​ប្រាក់​កក់​”​។


ឮដូច្នេះ​គាត់​និង​ប្រពន្ធ​​ ​បាន​បញ្ជា​ទិញ​រថយន្ត​ម៉ាក​Land Rover Vouge​ស៊េរី​២០១៤​ដោយ​បាន​ធ្វើ​កិច្ចសន្យា​ទិញ​លក់​នៅ​ថ្ងៃ​ទី​២៤​ ខែ​មេសា ​ឆ្នាំ​២០១៥​ក្នុង​តម្លៃ​១២៨.០០០​ដុល្លារ​(​ដប់​ពីរ​​ម៉ឺន​ប្រាំបី​ពាន់​) ហើយ​ឈ្មោះ​ឈាង សុផល​តម្រូវ​ឲ្យ​កក់​លុយ​៥០​ភាគរយ​ស្មើនឹង​៦៤.០០០​ដុល្លារ​(​ប្រាំមួយម៉ឺន​បួន​ពាន់​)​ ដោយ​ប្រាប់​ថា​”​រថយន្ត​នោះ​កំពុង​នៅ​លើ​កប៉ាល់, នៅ​ខែ​មិថុនា​នឹង​មកដល់​កំពង់ផែ​ព្រះសីហនុ ​ដូចនេះ​ត្រូវ​បង់​ថែម​៣០​ភាគរយ​ទៀត។ គាត់​ក៏បាន​បង់​៣០​ភាគរយ​ទៀត​ស្មើនឹង​៣៨.០០០​ដុល្លារ​(​បី​ម៉ឺន​ប្រាំបី​ពាន់)។


ពាក្យបណ្តឹង​បន្ត​ថា ក្រោយពេល​ទទួល​លុយ​បាន​ហើយ​ ជនសង្ស័យ ឈាង សុផល​បាន​ប្រគល់​លិខិត​B/L​លេខ​៦០៣៩២៩០៧០​ចុះ​ថ្ងៃ​ទី​១៨​ ខែ​មិថុនា ​ឆ្នាំ​២០១៥​ជា​ភាសា​អង់គ្លេស​តាមរយៈ​​សារ​អេឡិចត្រូនិក​(Email)​នា​ថ្ងៃ​ទី​២០​ ខែ​មិថុនា ​ឆ្នាំ​២០១៥​ថា​កុងតឺន័រ​លេខ​MRKU០០៣៤៥៦០​មាន​រថយន្ត​ម៉ាក​Land Rover Vouge​ស៊េរី​២០១៤​និង​ភ្ជាប់​នូវ​រូបថត​រថយន្ត​ច្រើន​សន្លឹក ហើយ​នៅ​ពេល​ប្រគល់​រថយន្ត​ខ្លួន​នឹង​យក​លុយ​២០​ភាគរយ​ទៀត។ លុះដល់​ថ្ងៃ​ប្រគល់​រថយន្ត​ស្រាប់តែ​ឈាង សុផល​ប្រាប់ថា “​រថយន្ត​ដែល​ខ្លួន​បញ្ជា​ទិញ​ត្រូវ​បាន​គេ​ចាប់ ​និង​កម្ទេច​អស់​ហើយ​”។ បន្ទាប់មក​គាត់​បាន​ពឹង​មេធាវី​ឲ្យ​ទៅ​ស្រាវជ្រាវ​គឺ​ពុំ​មាន​ករណី​កម្ទេច​រថយន្ត​នោះ​ទេ។ ក្រោយមក​លោក​ក៏បាន​ទារ​លុយ​១០ម៉ឺន​ដុល្លារ​វិញ តែ​ឈ្មោះ​ឈាង​សុផល​ពុំ​ព្រម​ប្រគល់​ប្រាក់ ​និង​គេចវេះ​រហូត ទើប​លោក​សម្រេចចិត្ត​ប្តឹង​តែម្តង។


បន្ទាប់ពី​ចាប់ខ្លួន​រួចមក​ជនសង្ស័យ ឈ្មោះ​ឈាង​សុផល​បាន​សារភាព​ប្រាប់​អាវុធហត្ថ​ថា​ខ្លួន​ពិតជា​បាន​ទទួល​លុយ​កក់​ទិញ​រថយន្ត​១០​ម៉ឺន​ដុល្លារ​មែន ហើយក៏​ពុំទាន់​សង​ទៅ​លោក​ថៃ ឈុន​គ្រី​វិញ​ដែរ។ ក្នុង​ករណី​នេះ​សមត្ថកិច្ច​កំពុង​ចាត់ការ​តាម​នីតិវិធី​​​​​​​​​ច្បាប់​បន្ត​ទៀត៕

M18-10-15-i1



បញ្ជូន​ខ្លួន​ថៅកែ​ឡាន​រឿង​ឆបោក​លុយ​ជាង​១០ម៉ឺន​ដុល្លារ​​ទៅ​តុលាការ

Post a Comment

0 Comments

Close Menu