កសិករខ្មែរតាំងពីបុរាណមកបានកត់ចំណាំអំពីបញ្ហាផ្គរលាន់ក្នុងរដូវវស្សា ដែលមានការចែកចេញជា៣ ដំណាក់កាលគឺ រដូវដើមឆ្នាំ, កណ្តាលវស្សា និងចុងឆ្នាំ ឬជាចុងរដូវវស្សា។ ចំពោះផ្គរលាន់ជាសញ្ញា អោយដឹងថា មានភ្លៀង ប៉ុន្តែសំឡេងផ្គរលាន់ភាគច្រើនក៏វាមិនទៀងដែរ ដូចពាក្យចាស់ពោលថា “ឮសូរ ផ្គរលាន់ កុំទាន់ចាក់ទឹកពាងចោល”។
ដូនតាបានបញ្ហាក់តមកថា បើគ្រាន់តែឮសូរផ្គរលាន់នោះកុំប្រញាប់ជឿថា មានភ្លៀង ព្រោះមានផ្គរលាន់ជាញឹកញាប់ និងជាច្រើនដងកន្លងមកហើយដែលជាផ្គរភូតកុហក និងភរបោកប្រាស់អ្នកស្រែ។ ឧទាហរណ៍ នៅពេលមានគ្រោះរាំងស្ងួតហួតហែង កសិករបានឮសូរផ្គរលាន់រណ្តំគ្រឹមៗឯនាយនឹកស្មានថា ភ្លៀងជិតធ្លាក់មកហើយ ម៉្លោះហើយកសិករមិនបាច់បូមទឹកបញ្ចូលស្រែនោះឡើយ។ មានអី! មានតែសំឡេងផ្គរប៉ុណ្ណោះតែបញ្ហាភ្លៀងមិនធ្លាក់មកនោះទេ។ ពេលនោះហើយដែលស្រូវត្រូវស្កក ឬស្រូវងាប់អស់គឺ អ្នកស្រែមិនបានទទួលផលស្រូវទាល់តែសោះ។ នេះគឺជាការខកបំណងរបស់អ្នកស្រែ ព្រោះសង្ឃឹមសំឡេងផ្គរគ្រហឹម ដែលមិនខុសពីសុភាសិតបុរាណពោលថា ឆ្កែព្រុសមិនដែលខាំផ្គរលាន់រអាំមិនដែលមានភ្លៀង”។ មានឧទាហរណ៍ មួយទៀតបានបញ្ជាក់តាមន័យដើមទាំងស្រុងថា ” ឮសូរ ផ្គរលាន់ ចាក់ទឹកពាងចោល” នោះគឺ ទឹកពាងនៅមានសម្រាប់ប្រើប្រាស់បានជាធម្មតា។ ប៉ុន្តែនៅពេលដែលបានឮសូរផ្គរលាន់រណ្តំមកនោះអ្នកម្ចាស់ផ្ទះបានស្តារពាងតាមរយៈការចាក់ទឹកពាងនោះចោលដោយនៅរង់ចាំត្រងទឹកភ្លៀងដែលធ្លាក់មកថ្មី ដើម្បីអោយបានទឹកពេញពាងឡើងវិញ។ ជាញឹកញាប់នោះ មេឃមិនបានបង្អុរភ្លៀងទៅតាមសំឡេងផ្គរនោះឡើយ។ នេះគឺជាការខកបំណងរបស់ម្ចាស់ផ្ទះ ព្រោះអត់ទឹកប្រើប្រាស់ ស្រឡះដៃធេង ឬក៏មិនខុសពីសុភាសិតបុរាណពោលថា “ត្រីរ៉ស់ក៏រួច ទន្សាយក៏រួច” ពិតប្រាកដ។ តាមរយៈហេតុផលដូចបានបង្ហាញត្រួសៗនេះហើយទើបដូនតាខ្មែរបានកត់ចំណាំទុកជាឧត្តមគតិក្នុងការក្រើនរំលឹកដាស់តឿនកូនចៅអោយបានចងចាំនិងកុំអោយប្រហែសខ្លួនបែរជាធ្លោយទៅជឿសំឡេងផ្គរលាន់អោយសោះ។ ជាពិសេសផ្គរលាន់នេះគឺ ជាសំឡេងអួតអាងយ៉ាងរំពងមេឃ ថា មានមហិទ្ធិឫទ្ធិក្នុងការនាំមកនូវទឹកភ្លៀង។ ប៉ុន្តែចំពោះមេឃដែលមានភ្លៀងធ្លាក់មកនោះ មិនមែនសម្រេចឡើងតាមរយៈផ្គរលាន់នេះទេ គឺនៅពេលមានភ្លៀងខ្លាំងនោះប្រាកដជាមិនមានផ្គរលាន់រណ្តំនោះទៀតឡើយ។
បណ្តាំរបស់ដូនតាបានបញ្ជាក់ថា អោយថែរក្សាទឹកដែលមានស្រាប់ នៅកំពុងតែប្រើប្រាស់នោះទុកបន្តអោយបានគង់វង្ស។ បើមានទឹកថ្មី ឬទឹកភ្លៀងធ្លាក់មកនោះត្រូវត្រងទុកអោយបានច្រើនតម្កល់ទុកជាស្រេចហើយទើបស្តារទឹកពាងជាក្រោយហើយចាក់ទឹកថ្មីបញ្ចូលវិញទើបទឹកនៅមាននិរន្តរភាពក្នុងការប្រើប្រាស់។
ផ្តើមចេញអំពីអត្ថន័យនៃផ្គរលាន់ និងភ្លៀងដែលជាបណ្តាំដូនតាទុកជាទស្សនៈ ដ៏ប្រសើរមកនេះក្នុងន័យរំលឹកដាស់តឿនកូនចៅកុំអោយចាញ់បោកគេតាមរយៈសម្តីអួតអាងភូតភរថា ខ្លាំងថា ពូកែ ថាល្អ…។ ការពិតសម្តីអួតអាងទាំងនោះវា មិនខុសពីពាក្យចាស់ពោលថា “ទូងៗ ដូចស្គរ ខាងក្នុងប្រហោងធ្លុង” នោះឡើយ។ ជាក់ស្តែងនៅពេលជិតដល់រដូវបោះឆ្នោតម្តងៗគេតែងបានឮសំឡេងឃោសនានៃគណបក្សនយោបាយជាច្រើនដែលបានបង្ហាញអំពីសមត្ថភាព ឬអត្តភាពដ៏ខ្លាំងពួកែ និងដ៏ឈ្លាសវៃភាពជាអ្នកដឹកនាំរបស់ខ្លួនក្នុងបំណងអោយប្រជាពលរដ្ឋ មានការគាំទ្រ។
មេរៀន ឬបទពិសោធន៍នេះប្រជាពលរដ្ឋបានជួបប្រទះជាច្រើនលើក ច្រើនសាមកហើយដែលបានទទួលផលដែលមិនជាទីគាប់ចិត្ត ព្រោះបានថ្មីចោលចាស់ប្រាកដជាស្រឡះដៃធេង។ ជា ពិសេសក្រុមអ្នកអួតគឺជាអ្នកអត់ ឬជាអ្នកមានតែត្រឹមបាតដៃទទេ ឬមានតែពោះនិងទឹកវិលចូលស្រុកដើម្បីឆ្លៀតយកប្រជាពលរដ្ឋធ្វីជាស្ពាននយោបាយរបស់ខ្លួន។ នេះជាមេរៀនចាស់កន្លងមកទើបពាក្យចាស់បានទូន្មានមកថា “ឮសូរ ផ្គរលាន់ កុំទាន់ចាក់ទឹកពាងចោល”ព្រោះយើងធ្លាប់ជួបនូវការខកបំណងទើបនឹកស្តាយក្រោយ៕
ទស្សនៈ ៖ ឮ ផ្គរលាន់
0 Comments