កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥ សមត្ថកិច្ចចំរុះថ្នាក់ខេត្ត ដឹកនាំដោយលោក ស៊ុន សុវណ្ណរិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង បានចុះត្រួតពិនិត្យមើលការបន្លាស់ទីផ្ទះបណ្តែតទឹកនិងប៊ែត្រីរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងទន្លេ ឲ្យចេញផុតពីមុខទន្លេផ្សារក្រោមក្រុងកំពង់ឆ្នាំង ដើម្បីខេត្តរៀបចំច្រាំង។
ទន្លេផ្សារក្រោម ឲ្យមានបរិស្ថាន និងសោភណភាពល្អ ក្លាយជាតំបន់ទេសចរណ៍ និងដើម្បីរៀបចំការប្រណាំងទូកង ក្នុងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ក្នុងខែវិច្ឆិកាខាងមុខនេះ។
លោក ស៊ុន សុវណ្ណរិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមចំរុះថ្នាក់ខេត្តបានមានប្រសាសន៍ឲ្យដឹងថា យោងតាមផែនរបស់គណៈអភិបាលខេត្តកំពង់ឆ្នាំង គឺត្រូវរៀបចំសណ្តាប់ធ្នាប់រស់នៅលើផ្ទះបណ្តែតទឹក ក្នុងទន្លេផ្សារក្រោមឲ្យមានរបៀបរៀបរយ ដើម្បីអភិវឌ្ឍន៍តំបន់មាត់ទន្លេផ្សារក្រោមក្នុង ក្រុងកំពង់ឆ្នាំង ឲ្យក្លាយជាតំបន់ទេសចរណ៍ មានបរិស្ថានល្អ សោភណភាពល្អ ស្របតាមគោលការណ៍ប្រលងប្រណាំងទីក្រុងស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនាកំសាន្ត តំបន់ទេសចរណ៍ធម្មជាតិតាមមាត់ទន្លេ និងទេសចរណ៍ប្រវត្តិសាស្ត្រភ្នំនាងកង្រី។
លោកបានឲ្យដឹងទៀតថា ប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែតទឹកក្នុងទន្លេសរុបមានចំនួន៩៩៦គ្រួសារ ស្មើនិង១.៤៨៦ខ្នងផ្ទះ និងប៊ែត្រី។ តាមផែនការរបស់ខេត្ត គឺអាជ្ញាធរខេត្តនិងក្រុង ត្រូវធ្វើការផ្សព្វផ្សាយផែនការនេះនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ ហើយចាប់អនុវត្តឲ្យប្រជាពលរដ្ឋធ្វើការបន្លាស់ប្តូរទីតាំងផ្ទះ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣០ ខែតុលាឆ្នាំ២០១៥។
តាមការពិនិត្យជាក់ស្តែង ក្រោយពីអាជ្ញាធរខត្ត និងក្រុង បានផ្សព្វផ្សាយផែនការនេះ បានរយៈពេល២ថ្ងៃ យើងពិនិត្យឃើញ ប្រជាពលរដ្ឋនាំគ្នាអូសផ្ទះទឹកផ្លាស់ប្តូរទីតាំង បាន៩០ភាគរយហើយគិតត្រឹមថ្ងៃទី០៥ ខែតុលានេះ។ ដោយឡែកប្រជាពលរដ្ឋមួយចំនួនទៀតដែលនៅសល់ កំពុងបន្តត្រៀមលក្ខណៈធ្វើការផ្លាស់ប្តូរទីតាំងជាបណ្តើរៗទៀត។ ក្រុមការងារចំរុះបានសន្និដ្ឋានថា បើមានការចូលរួមពីប្រជាពលរដ្ឋដោយស្ម័គ្រចិត្តបែបនេះ ផែនការផ្លាស់ប្តូរទីតាំងផ្ទះបណ្តែតទឹកអាច
ជោគជ័យមុនពេលកំណត់។ ចំណែកទីតាំងថ្មីដែលខេត្តបានកំណត់ឲ្យ ផ្ទះបណ្តែតទឹកទាំងអស់សំចតនៅជាប់ណ្តោះអាសន្ននោះ គឺនៅចំណុចខាងលិចទីតាំងបូបទឹករបស់រដ្ឋាករទឹកក្រុមហ៊ុនអានកូ នៅចុងភូមិចុងកោះ សង្កាត់កំពង់ឆ្នាំងដែលមានចម្ងាយប្រមាណជាង២គីឡូម៉ែត្រពីសួនច្បារមាត់ទន្លេផ្សារក្រោម។
លោក ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាក់ទៀតថា អាជ្ញាធរខេត្តកំពង់ឆ្នាំង មានគម្រោងកសាងសួនច្បារបន្ថែម ,ទីតាំងលក់ដូរផ្សារឆ្នាំង,ផ្លូវមាត់ទន្លេ ,បណ្តាញទឹកស្អាត ,បណ្តាញអគ្គិសនី, កន្លែងហាត់ប្រាណ និងវេទិកាសម្រាប់ធ្វើពិធីផ្សេងៗមួយ នៅអែបមាត់ទន្លេផ្សារក្រោម។ ទីតាំងដែលត្រូវមានគម្រោងអភិវឌ្ឍន៍ មានប្រវែង ២.៧១១ម៉ែត្រ ចាប់ពីមុខវត្តទេពធីតារាម ហៅវត្តលោកយាយទេព រហូតដល់ស្ថានីយទឹកស្អាតអានកូ ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ គម្រោងនេះ អាចជាផ្នែកមួយក្នុងការត្រៀមខ្លួនរៀបចំបុណ្យអុំទូក និងអាចទទួលបន្ទុកការរៀបចំពិធីបុណ្យទន្លេក្នុងខេត្តកំពង់ឆ្នាំងនាឆ្នាំខាងមុខនេះ៕
អភិបាលរងខេត្តកំពង់ឆ្នាំងដឹកនាំក្រុមការងារចំរុះចុះត្រួតពិនិត្យការបន្លាស់ទីផ្ទះបណ្តែត
0 Comments