Ad Code

លោក កឹម សុខា ត្រូវ​បាន​ប្រជាពលរដ្ឋ​ជាង​៣០០០​នាក់​ទាមទារ​ឲ្យ​ចុះ​ចេញពី​អនុប្រធាន​ទី​១​រដ្ឋសភា

*បាតុកម្ម​ទាមទារ​ឲ្យ​ដក​លោក កឹម សុខា ពី​អនុប្រធាន​ទី​១​រដ្ឋសភា ក្លាយ​អំពើ​ហិង្សា បណ្តាល​ឲ្យ​តំណាងរាស្ត្រ​ចំនួន​២ រូប​រង​របួស

ភ្នំពេញ ៖ លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​ទី​១ រដ្ឋសភា​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៣០០០នាក់​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​ចុះ​ចេញពី​តំណែង​អនុប្រធាន​ទី​១​រដ្ឋសភា ដោយ​សំអាង​ថា បាន​ឲ្យ​ធ្វើ​ឲ្យ​ខ្មែរ​បែកបាក់​សាមគ្គី កុហក​ប្រជាពលរដ្ឋ​រឿង​លុយ​៤ ម៉ឺន​រៀល និង​រើសអើង​ពូជសាសន៍ ជាពិសេស​ពួកគេ​បាន​បញ្ជាក់​ថា លោក កឹម សុខា គ្មាន​សមត្ថភាព​ធ្វើជា​អនុប្រធាន​ទី​១ រដ្ឋសភា​ទេ។


ការ​ទាមទារ​នេះ បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ នៅមុខ​មន្ទីរ​រដ្ឋសភា​ជាតិ និង​នៅមុខ​ផ្ទះ​របស់លោក កឹម សុខា ដែល​ស្ថិតនៅ​សង្កាត់​បឹងកក់​ទី​២ ខណ្ឌ​ទូល​គោក ហើយ​ការផ្ទុះ​បាតុកម្ម​ទាមទារ​នេះ បាន​ធ្វើឡើង​ខណៈ​ដែល​រដ្ឋ​សភា​កំពុង​បន្ត​សម័យប្រជុំ របស់ខ្លួន ដើម្បី​អនុម័ត​សេចក្តីព្រាងច្បាប់​មួយចំនួន ប៉ុន្តែ​បាតុកម្ម​នោះ​ក៏បាន​ក្លាយជា​អំពើ​ហិង្សា​ទៅលើ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ។


ជា​ការ​កត់សម្គាល់ នៅ​វេលា​ម៉ោង​ប្រមាណ​៨ ព្រឹក​ក្រុម​បាតុករ​ទាំងនោះ បាន​នាំ​គ្នា​ទៅដល់​មុខ​មន្ទីរ​រដ្ឋសភា ហើយ​បាន​នាំ​គ្នា​លើក​បដា ដោយ​សរសេរ​ឈ្មោះ​របស់លោក កឹម សុខា មាន​ខ្លឹមសារ​ផ្សេងៗ និង​បាន​នាំ​គ្នា​ឈរ​ស្រែក​តវ៉ា ក្នុង​ខ្លឹមសារ​ផ្សេងៗ ជាពិសេស​ទាមទារ​ឲ្យ​រដ្ឋសភា​ដក​តំណែង​លោក កឹម សុខា ពី​អនុប្រធាន​ទី​១ រដ្ឋសភា ហើយ​បន្ទាប់ពី​តំណាង​រដ្ឋសភា​ទទួល​ញត្តិ ពួក​កាត់​បាន​នាំ​គ្នា​ហែ​ក្បួន​ទៅផ្ទះ​លោក កឹម សុខា បន្ត​ទៀត​។


បើ​តាម​ការសង្កេត​ជាក់ស្តែង ការ​ចេញ​មក​ធ្វើបាតុកម្ម​របស់​ប្រជាពលរដ្ឋ ក៏​ដូចជា​យុវជន​ទាំងនោះ ពួកគាត់​មិនបាន​បញ្ចេញ​អត្តសញ្ញាណ​ថា មកពី​គណបក្ស​ណា​នោះ​ទេ ប៉ុន្តែ​ហាក់ដូច​ជា​មាន​ការ​រៀប​ចំ​ទុក ពី​តាម​បណ្តា​ខណ្ឌ​ទាំង​១២ ក្នុង​រាជធានី​ភ្នំពេញ ហើយ​ការ​ធ្វើ​បាតុកម្ម​នេះ មិន​មាន​ការ​ហាមឃាត់ ឬ​រារាំង​ពី​សំណាក់​អាជ្ញា​ធរមាន​សមត្ថកិច្ច​នោះទេ។


លោក ប៉ាន់ ប៊ុនថន ជា​តំណាង​បាតុករ ហើយ​ដែល​គេ​ស្គាល់​ថា ជា​ប្រធាន​យុវជន​សម្ព័ន្ធ​សេនា​នាគ និង​ជា​ពិធីករ​របស់​ស្ថានីយទូរទស្សន៍​អប្សរា ហើយ​ជា​អ្នកដឹកនាំ​ធ្វើបាតុកម្ម នៅមុខ​រដ្ឋសភា​បាន​ថ្លែង​ទៅកាន់​អ្នកចូលរួម​ថា ប្រទេស​កម្ពុជា​បាន​សុខ​សប្បាយ​ជាង​៣០ ឆ្នាំ​មក​ហើយ ប៉ុន្តែ​គេ​ឃើញ​ដំណាក់កាល​ចុងក្រោយ​នេះ បន្ទាប់ពី​លោក កឹម សុខា ចូល​ឆាកនយោបាយ ក៏ដូចជា​កាន់​តំណែង​ជា​អនុប្រធាន​ទី​១​រដ្ឋសភា បាន​ធ្វើ​ឲ្យ​មាន​បញ្ហា​ផ្សេងៗ ជាពិសេស​បញ្ហា​សន្តិសុខ​សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​នៅក្នុង​សង្គម ដោយ​ការ​ធ្វើ​បាតុកម្ម​ផ្សេងៗ ហើយ​បញ្ហា​សំខាន់​ទៀត គឺ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​រើសអើង​គ្នា​ទៅវិញទៅមក​។


លោក ប៉ាន់ ប៊ុនថន បាន​លើក​ឡើង​ទៀត​ថា ក្រៅពី​បញ្ហា​ខាងលើ​នេះ លោក កឹម សុខា ក៏បាន​ញុះញង់​លើ​បញ្ហា​ព្រំដែន ដែល​នាំ​ឲ្យ​មានការ​រើសអើង និង​ប្រកាន់ពូជសាសន៍​ផង​ដែរ​។ ដោយឡែក​អ្នកចូលរួម​ផ្សេងៗ​ទៀត ក៏​បាន​លើក​ឡើង​ប្រហាក់ប្រហែល​គ្នា​ផង​ដែរ និង​បាន​នាំ​គ្នា​ហែ​ជុំវិញ​សួនច្បារ​ខាងមុខ​រដ្ឋសភា ព្រមទាំង​ស្រែក​ខ្លាំងៗ​ឲ្យ​លោក កឹម សុខា ចុះចេញ​ពី​តំណែង។


រហូតដល់​វេលា​ម៉ោង​១១ ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ នេះ ក្រុម​បាតុករ ដែល​បាន​ធ្វើ​ការ​តវ៉ា​ឲ្យ​លោក​កឹម សុខា ចុះ​ចេញពី​តំណែង​តាំង​ពី​ព្រឹក​ព្រលឹម​មក​នោះ បាន​នាំ​គ្នា​រំសាយ​ជា​បណ្ដើរៗ​ហើយ បន្ទាប់ពី​លោកស្រី​ឡោក ផេង តំណាង​ឲ្យ​រដ្ឋសភា​បាន​ចេញ​មក​ទទួល​ញត្តិ​របស់​ពួកគេ។


ចំណែក​លោកស្រី ឡោក ផេង តំណាង​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា​បាន​ថ្លែង​ទៅកាន់​បាតុករ​ខណៈ​ពេល​ចេញ​ទទួល​ញត្តិ​ប្រជាពលរដ្ឋ​នៅ​ខាង​មុខ​រដ្ឋសភា​ថា លោកស្រី​នឹង​យក​ញត្តិ​នេះ​ដាក់​ជូន​ប្រធានរដ្ឋសភា​ដើម្បី​សម្រេច​។ លោកស្រី​បញ្ជាក់​ថា សកម្មភាព​នៃ​ការ​តវ៉ា​នៅ​ព្រឹក​នេះ​បាន​បញ្ជាក់​ពី​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ​មួយ​របស់​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត ហើយ​ការ​ទាមទារ​ឲ្យ​ដក​តំណាង​លោក កឹម សុខា ដែល​ជា​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា​នោះ ក៏​ជា​លើក​ទី​១​ផងដែរ។


ដោយឡែក​សង្គម​ស៊ីវិល ដែល​បាន​តាមដាន​សកម្មភាព​នៃ​ការ​តវ៉ា​នេះ គឺ​លោក អំ សំអាត ដែល​ជា​មន្ត្រី​ស៊ើបអង្កេត​មកពី​អង្គការ​លីកាដូ បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ខាង​មុខ​មន្ទីរ​រដ្ឋសភា​ដែរ​ថា នេះ​គឺជា​ការអនុវត្ត​សិទ្ធិ​បញ្ចេញមតិ​នៅក្នុង​ប្រទេស​លទ្ធិប្រជាធិបតេយ្យ មួយ ហើយ​សកម្មភាព​នៃ​ការ​តវ៉ា​នេះ គឺ​ពួកគាត់​បាន​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​យ៉ាង​ពេញលេញ ប៉ុន្តែ​ទោះជា​យ៉ាងណា​លោក អំ សំអាត បាន​ថ្លែង​ថា ការអនុវត្ត​សិទ្ធិ​នៃ​ការ​បញ្ចេញមតិ​ជាមួយ​ក្រុម​ផ្សេង​នៅ​មិនទាន់​បាន​ពេញលេញ​ដូច​គ្នា​នេះ​ទេ។


យោង​តាម​ញត្តិ​របស់​ក្រុម​ប្រជាពលរដ្ឋ ដែល​ដាក់​ជូនទៅ​រដ្ឋសភា​បាន​លើក​ឡើង​ថា “​យើងខ្ញុំ​ទាំងអស់គ្នា​ជា​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ដែល​មាន​ស្នាម​មេដៃ​តំណាង​ដូច​ខាងក្រោម​សូម​គោរព​ជូន សម្ដេច ប្រធានរដ្ឋសភា​មេត្តា​ជ្រាប​ថា រយៈពេល​កន្លង​មក​នេះ ឯកឧត្ដម​កឹម សុខា អនុប្រធានរដ្ឋសភា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​សកម្មភាព​ឃោសនា បោកប្រាស់​ញុះញង់ បំបែកបំបាក់ បង្ក​អស្ថិរភាព ព្រមទាំង​ធ្វើការ​អុកឡុក បង្ក​ឲ្យ​មាន​កំហឹង​ពូជសាសន៍ និង​អាចឈាន​បង្ក​ឲ្យ​មាន​សង្គ្រាម​កើតមាន​ក្នុង​ផ្ទៃ​ប្រទេស ដែល​សកម្មភាព​ទាំងនេះ​គឺ​ពិតជា​មិន​សក្ដិ​សមជា​ថ្នាក់ដឹកនាំ​ស្ថាប័ន​កំពូល​របស់​ជាតិ​ទេ​”។


ញត្តិ​លើកឡើង​ទៀត​ថា “​ដើម្បី​រក្សា​បាន​នូវ​សន្តិភាព សុវត្ថិភាព ស្ថិរភាព​ល្អ​ប្រសើរ​ដូច​ពេល​សព្វថ្ងៃ ពិសេស​រក្សា​បាន​នូវ​សន្តិភាព​ពេញ​បរិបូណ៌ សាមគ្គីភាព និង​ឯកភាព​ជាតិ ទឹកដី មានតម្លៃ​មហាសាល​មិនអាច​កាត់ថ្លៃ​បាន ដែល​ប្រជាពលរដ្ឋ​ចង់បាន យើងខ្ញុំ​ទាំងអស់គ្នា​គោរព​ស្នើសុំ​ដោយ​ទទូច​ដល់​សម្ដេច ប្រធានរដ្ឋសភា និង​អ្នកតំណាងរាស្ត្រ​ទាំងអស់ មេត្តា​ដក​ឯកឧត្ដម​កឹម សុខា ចេញពី​តំណែង​ជា​អនុប្រធានរដ្ឋសភា ឲ្យ​បាន​ឆាប់​បំផុត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​មាន​អារម្មណ៍​រស់​នៅ​ក្នុង​ភាព សុខដុមរមនា និង​ប្រកបមុខរបរ​រស់នៅ​ប្រចាំថ្ងៃ​បានជា​ប្រក្រតី​។ យើងខ្ញុំ​ទាំង​អស់​គ្នា​សង្ឃឹម និង​ជឿជាក់​ថា សម្ដេច ប្រធានរដ្ឋសភា ក៏ដូចជា​អ្នកតំណាងរាស្ត្រ​ទាំងអស់​នឹង​ចាត់វិធានការ​តាម​ការ​ស្នើសុំ​របស់ យើងខ្ញុំ​ដែល​ជា​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​”។


ទាក់ទង​និង​ការ​ធ្វើ​បាតុកម្ម​ទាមទារ​ទម្លាក់​លោក កឹម សុខា នេះ កម្ពុជា​ថ្មី​នៅ​មិនទាន់​សុំ​ការ​បញ្ជាក់​ពី​មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​នៅឡើយ​ទេ ដោយ​ទូរស័ព្ទ​ពុំ​មាន​អ្នកទទួល ប៉ុន្តែ​លោក ម៉ៅ មុនី​វណ្ណ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ខេត្តកំពង់ចាម​បាន​សរសេរ​លើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​យ៉ាង​ខ្លី​ថា ការ​ធ្វើ​បាតុកម្ម​នោះ ជា​ការ​រៀបចំ​ដោយ​បក្ស​កាន់អំណាច។


លោក​បញ្ជាក់​ថា “​គណបក្សកាន់អំណាច​ធ្វើបាតុកម្ម​ត្រៀមខ្លួន​ធ្វើជា​គណបក្សប្រឆាំង​។ គណបក្សកាន់អំណាច​បា​ន​រៀបចំ​បាតុកម្ម​ប្រឆាំង​លោក​ប្រធាន​ស្ដី​ទី កឹម សុខា អនុប្រធាន​ទី​១ រដ្ឋសភា។ នេះ​បញ្ជាក់​ថា គណបក្សកាន់អំណាច​កំពុង​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ធ្វើជា​គណបក្សប្រឆាំង​នៅ​ឆ្នាំ​២០១៨ ខាងមុខ​”។


ចំណែក​លោក ឈឹម ផល​វរុណ មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​កម្ពុជា​ថ្មី​ថា ការ​ធ្វើ​បាតុកម្ម​នោះ វា​ពិបាក​កំណត់​ថា ពី​គណបក្ស​ណា ដោយសារតែ​ការរៀបចំ​នោះ ផ្អែក​ទី​លើ​ទិដ្ឋភាព​ជាក់ស្តែង​ទាក់ទង និង​លក្ខណៈ​សម្បត្តិ​របស់លោក កឹម សុខា តែ​ទម្រង់​យ៉ាងម៉េច​នោះ យើង​មិនដឹង​ទេ គ្រាន់តែ​បាតុកម្ម​នោះ​ធ្វើឡើង​ដោយ​សន្តិវិធី គឺ​ការ​ល្អ​។


លោក​បញ្ជាក់​ថា “​បើ​ពិនិត្យ​ទៅលើ​សេរីភាព​នៃ​ការ​ធ្វើ​បាតុកម្ម វា​មិន​ខុសពី​អ្វី ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​បាន​ធ្វើ​នោះ​ទេ​ ពីព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​បាន​ធ្វើ​ដូច​នៅ​បារាំង​កាលពី​ថ្មីៗ​នេះ​ជាដើម ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី​ចុះ​ចេញពី​តំណែង ដូច្នេះ​សេរីភាព​បែបនេះ​មិនមែន​មានតែ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ គណបក្ស​ផ្សេង​ក៏​គេ​មាន​ដែរ បើ​គេ​ចង់​ប្រើ​”។


តាម​លោក ឈឹម ផល​វរុណ បាន​បញ្ជាក់​ថា “​តាម​ទម្រង់​នៃ​ការ​ធ្វើ​បាតុកម្ម​នេះ មិន​មានអី​ខុស​ទេ ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​គោរព​នូវ​លក្ខណៈ​ប្រជាធិបតេយ្យ យើង​ត្រូវ​ដឹង​ថា គោលការណ៍​កៅ​អី​អនុប្រធាន​ទី​១​រដ្ឋសភា ជា​កៅអី​កូតា​គណបក្ស​សង្គ្រោះ​ជាតិ តែ​មិនមែន​សម្រាប់​លោក កឹម សុខា ទេ វា​អាស្រ័យ​ទៅ​នឹង​សន្លឹកឆ្នោត​គាំទ្រ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​មាន​សម្លេង​គាំទ្រ​គ្រប់គ្រាន់​សម្រាប់​កៅអី​នោះ​ទេ ប្រសិនបើ​គ្មាន​ការ​គាំទ្រ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដូច្នេះ​លោក កឹម សុខា ក៏​ត្រូវតែ​ដឹង​ដែរ​ថា ប្រសិនបើ​ប្រជាពលរដ្ឋ​ធ្វើការ​ទាមទារ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា គោរព​ទៅតាម​ការ​ទាមទារ​របស់​ប្រជាពលរដ្ឋ ហើយ​ស្នើ​ទៅ​ប្រធានរដ្ឋសភា និង​បើ​ប្រធានរដ្ឋសភា​ពិនិត្យ​ទៅតាម​ការ​ទាមទារ​ហ្នឹង សំឡេង​ភាគច្រើន​គាំទ្រ​លោក កឹម សុខា ទៅតាម​ហ្នឹងហើយ ប្រជាធិបតេយ្យ​មាន​ខុស​អី ពីព្រោះ​គណបក្ស​ដទៃៗ​ក៏​មាន​សិទ្ធិ​ធ្វើ​ដូចគ្នា​ដែរ​”។


ទោះជា​យ៉ាងណា​ការ​ធ្វើ​បាតុកម្ម​នេះ បាន​ឈាន​ទៅ​ដល់​ការប្រើ​អំពើ​ហិង្សា​ទៅលើ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ គឺ​នៅ​វេលា​ម៉ោង​ប្រមាណ​១២ និង​៣០ នាទី​ថ្ងៃត្រង់ បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​រដ្ឋសភា តំណាងរាស្ត្រ​២​រូប​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ គឺ​លោក គង់ សុភា និង​លោក ញ៉យ ចំរើន ត្រូវ​បាន​ក្រុម​បាតុករ​វាយតប់​ឲ្យ​រង​របួស ហើយ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ។


លោក ញ៉យ ចំរើន តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន ក្រោយពី​ទទួលរង​អំពើ​ហិង្សា​នោះ​ថា នៅ​ម៉ោង​ជិត​១២​ថ្ងៃត្រង់ ពេល​លោក​និង​តំណាងរាស្ត្រ​មួយ​រូប​ទៀត គឺ​លោក គង់ សភា ជា​តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង​ចេញពី​ប្រជុំ​សភា​តាម​ទ្វារ​ក្រោយ​ស្រាប់​តែ​មាន​ហិង្សា​កើតឡើង​តែម្តង​។


លោក​បន្ត​ថា លោក​រងរបួស បែកក្បាល របួស​មុខ និង​អាច​នឹង​បាក់​កដៃ ហើយ​តំណាងរាស្ត្រ​មួយ​រូប​ទៀត គឺ​លោក គង់ សភា ក៏​រង​របួស​បែកក្បាល​ផង​ដែរ តែ​លោក​មិនដឹង​ពី​ស្ថានភាព​របស់​លោក​នៅឡើយ​ទេ។


ចំពោះ​ការ​ផ្ទុះ​អំពើ​ហិង្សា​នេះ​ដែរ ការិយាល័យ​របស់​នៅ​មិនទាន់​សុំ​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​រាជធានី ក៏​ដូចជា​អ្នក​នាំ​ពាក្យ​ក្រសួងមហាផ្ទៃ​បានទេ ប៉ុន្តែ​លោក ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្កោលទោស​លើ​អំពើ​ហិង្សា​នេះ​។


លោក ហ៊ុន ម៉ា​នី សរសេរ​លើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា “​ក្នុងនាម​ជា​តំណាងរាស្ត្រ​មួយ​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា ខ្ញុំ​តែងតែ​យកចិត្តទុកដាក់​ចំពោះ​ការ​តវ៉ា សំណូមពរ និង​មតិយោបល់​របស់​ប្រជាជន ដោយ​គ្មាន​ការរើសអើង នា​ពេល​កន្លងមក ប៉ុន្តែ​ខ្ញុំ​មិន​គាំទ្រ និង​ថ្កោលទោស​លើ​អំពើ​ហិង្សា ដែល​ប្រព្រឹត្ត​លើ​ប្រជាពលរដ្ឋ និង​ជាពិសេស​លើ​តំណាងរាស្ត្រ ហើយ​សូម​អំពាវនាវ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​អនុវត្ត​ច្បាប់ ដើម្បី​វែកមុខ និង​ដាក់ទោស​ដល់​ជន​ដៃ​ដល់ ដែល​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ទាំងនេះ ស្របតាម​គោលការណ៍​នីតិរដ្ឋ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។


ដោយឡែក​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​ចំពោះ​អំពើ​ហិង្សា​នោះ​ផង​ដែរ ដោយ​បាន​លើក​ឡើង​ថា អំពើ​ហិង្សា​ដ៏​ឃោរឃៅ និង​ព្រៃផ្សៃ​នេះ ជា​អំពើ​រំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ និង​ជា​ការ​រំលោភបំពាន​លើ​អភ័យឯកសិទ្ធិសភា​របស់​តំណាងរាស្ត្រ ដែល​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​បាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ចាត់វិធានការ​ស្រាវជ្រាវ និង​ចាប់ខ្លួន​មក​ផ្តន្ទាទោស​តាមច្បាប់​៕


T-10-26-15-g-fullT-10-26-15-gg-fullT-10-26-15-ggg-full



លោក កឹម សុខា ត្រូវ​បាន​ប្រជាពលរដ្ឋ​ជាង​៣០០០​នាក់​ទាមទារ​ឲ្យ​ចុះ​ចេញពី​អនុប្រធាន​ទី​១​រដ្ឋសភា

Post a Comment

0 Comments

Close Menu