សៀមរាប ៖ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ លោកឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តបានអនុញ្ញាតឲ្យលោក ប៊ីល វិសសុន អ្នកដឹកនាំផលិតខ្សែភាពយន្តអន្តរជាតិជួបសម្ដែងការគួរសម និងពិភាក្សាការងារអំពីការថតភាពយន្តដំបូងគេគឺរឿង”ពួកគេសម្លាប់ឪពុកខ្ញុំ”ដែលគ្រោងនឹងចាប់ផ្តើមថតនៅក្នុងភូមិសាស្ត្រខេត្តសៀមរាបពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦។ បច្ចុប្បន្នក្រុមការងារបាននិងកំពុងចាប់ផ្តើមរៀបចំការងាររើសទីកន្លែងថត រើសតួសម្ដែង និងទំនាក់ទំនងការងារជាមួយអាជ្ញាធរអប្សរា ចំពោះតំបន់មួយចំនួនដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា។ ប៉ុន្តែនៅមានការងារមួយចំនួនទៀតដែលពាក់ព័ន្ធជាមួយអាជ្ញាធរខេត្ត ឬអាជ្ញាធរមូលដ្ឋានផ្ទាល់។
លោក ប៊ីល និងក្រុមការងារបានបង្ហាញអំពីទីតាំងដែលបានជ្រើសរើសសម្រាប់ថតខ្សែភាពយន្តចំនួន១៤គោលដៅមាននៅក្នុងក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកបន្ទាយស្រី ស្រុកពួក និងតំបន់អង្គរវត្ត ឬប្រាសាទបាយ័ន។ ក្នុងទីតាំងទាំងអស់នៅភូមិសាស្ត្រស្រុកបន្ទាយស្រីមានច្រើនជាងគេគឺមាន៧គោលដៅក្នុងចំណោមនេះមានគោលដៅទីតាំងក្នុងព្រៃស្ថិតក្នុងភូមិស្រះខ្វាវ ឃុំត្បែងស្រុកបន្ទាយស្រីមានថតឈុតឆាកបាញ់ប្រយុទ្ធ និងផ្ទុះគ្រាប់សិប្បនិមិត្ត។ ក្រុមការងារបានជំរាបអភិបាលខេត្តពីគោលបំណងដើម្បីសុំការអនុញ្ញាត សុំទីតាំងថតដែលពេលខ្លះសុំការបិទផ្លូវមួយរយៈខ្លី មានឈុតខ្លះមានស្នូរផ្ទុះបាញ់បោះខ្លះៗ និងសុំកាយរង្វង់រណ្ដៅជាស្នាមគ្រាប់ធ្លាក់នៅផ្លូវចូលទៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា និងសុំរុះដកស៊ុមឈើដែលហ៊ុំកូនឈើនៅតាមដងផ្លូវនៅផ្លូវអាជ្ញាធរអប្សរាជាដើម និងសុំអាជ្ញាធរខេត្តជូនដំណឹងដល់ក្រុមហ៊ុនភ្នាក់ងារទេសចរ និងអ្នកទេសចរណ៍ព្រមទាំងប្រជាពលរដ្ឋក្នុងតំបន់ដែលត្រូវថតមានស្នូរផ្ទុះចៀសវាងការភ័យខ្លាច។
លោកអភិបាលខេត្តបានឯកភាពគាំទ្រយល់ព្រមតាមការស្នើសុំតែថា ថតកន្លែងណាក៏ដោយមានកន្លែងខ្លះស្ថិតក្នុងការគ្រប់គ្រងរបស់អាជ្ញាធរអប្សរាត្រូវបន្តទៅទំនាក់ទំនងជាមួយអាជ្ញាធរអប្សរាដូចជា កាយផ្លូវចូលដែលសុំកាយរណ្ដៅ និងដកស៊ុមកូនឈើជាដើម។ បញ្ហាសំខាន់មួយចំនួនពីរគឺបង្កស្នូរផ្ទុះនៅទីតាំងថត និងបញ្ហាបិទផ្លូវសាធារណៈសម្រាប់ថតខ្សែភាពយន្តដែលខេត្តត្រូវយកចិត្តទុកដាក់ពិនិត្យគម្រោងប្លង់ជាមុនសិនទើបអនុញ្ញាតិ។ ព្រោះថា សៀមរាបជាខេត្តតូច និងជាខេត្តទេសចរណ៍រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ហើយការថតក៏ចំវេលាដែលភ្ញៀវសម្រុកមកទស្សនាអង្គរវត្តពីគ្រប់ទិសទី ហេតុនេះការសុំបិទផ្លូវក្នុងរយៈពេលខ្លីណាមួយ ដើម្បីថតមិនអាចចេះតែបិទបានទេព្រោះផ្លូវវាងខ្លះមានលក្ខណៈតូចចង្អៀត ហើយបើបិទផ្លូវយូរដល់ទៅបីបួនម៉ោងវានាំឲ្យរំខានដល់ភ្ញៀវទេសចរណ៍។ អាជ្ញាធរខេត្តបានសម្របសម្រួលឲ្យមុននឹងថតកន្លែងណាក៏ដោយត្រូវជូនដំណឹងមុនហើយខេត្តនឹងចាត់មន្ត្រីមន្ទីរពាក់ព័ន្ធសហការគ្នាទៅពិនិត្យមើលផ្លូវដែលអាចវាងបាន បើមិនអាចមានផ្លូវវាងបានទេនោះមិនអនុញ្ញាតិឲ្យថតនៅតំបន់នោះឡើយ ព្រោះអាចនាំឲ្យប៉ះពាល់ពេលវេលាដំណើរទស្សនាតំបន់ប្រាសាទ និងប៉ះពាល់ពេលវេលាធ្វើដំណើរចេញចូលរបស់ភ្ញៀវទេសចរណ៍ សូមបង្ហាញប្លង់គោលដៅដែលត្រូវថតមកខេត្តមុននោះ ខេត្តនឹងចាត់មន្ត្រីទៅពិនិត្យថា តើអាចបិទផ្លូវបាន ឬមិនបាន?។ បញ្ហាស្នូរផ្ទុះដើម្បីចៀសវាងការរំខានខ្លះគួររុញទីតាំងថតឲ្យឆ្ងាយផុតពីទីប្រជុំជន។
សូមជំរាបថា ខេត្តសៀមរាបត្រូវបានជ្រើសរើសធ្វើជាទីតាំងផលិតខ្សែភាពយន្តខ្នាតធំរឿងដំបូងគឺរឿង”ពួកគេសម្លាប់ឪពុកខ្ញុំ”ផលិត និងដឹកនាំដោយតារាសម្ដែងភាពយន្តខ្មែរអាមេរិកកាំង អ្នកស្រី អិនជៀលីណា ជូលី ភីតខ្សែភាពយន្តនេះនឹងចាប់ផ្តើមថតពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ដល់ដំណាច់ខែមករា ឆ្នាំ២០១៦នៅខេត្តសៀមរាប ហើយនៅដើមខែកុម្ភៈនឹងបន្តថតនៅខេត្តបាត់ដំបង។
សូមស្តាប់ចំណាប់អារម្មណ៍របស់លោក ប៊ីល អ្នកដឹកនាំផលិតនិងសហការីសម្របសម្រួលដូចតទៅ
សាច់រឿងនៃខ្សែភាពយន្តនេះនិយាយពីអារម្មណ៍របស់កុមារីអាយុ៥ឆ្នាំម្នាក់បានឆ្លងកាត់របបវាលពិឃាដដែលពួកគេបានសម្លាប់ឪពុកនាង។ តាមរយៈខ្សែភាពយន្តនេះផ្តល់ប្រយោជន៍ជាច្រើនសម្រាប់ប្រជាជនកម្ពុជា ក្រៅពីជួយផ្តល់កំរៃ និងការងារដល់អ្នកចូលរួមជាមួយការផលិតនេះក៏ដូចជាជួយផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ធម្មជាតិ វប្បធម៌ប្រវត្តិសាស្ត្រ នៅកម្ពុជាបង្ហាញដល់ពិភពលោកបានដឹងបានស្គាល់អំពីកម្ពុជា និងមកទស្សនាកម្ពុជាកាន់តែច្រើន៕
ផលិតករភាពយន្តហូលីវូដជ្រើសរើសយកខេត្តសៀមរាប និងខេត្តមួយចំនួនទៀត ដើម្បីថតខ្សែភាពយន្តខ្នាតធំគឺរឿង"ពួកគេសម្លាប់ឪពុកខ្ញុំ"
0 Comments