Ad Code

មៀ​ច​ សុខ​រ៉ា​ជួប​សុខ ​ចិន្តា ឯ​សេក គឹម​រួន​ជួប​ចាន់ ​រក្សា​នៅ​SEA-TV

មៀ​ច សុខ​រ៉ា​អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ​នឹង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​សុខ ចិន្តា​ក្លិប​ឃ្លាំង​មឿង​កីឡា​ខេត្តពោធិ៍សាត់ ​នា​រសៀល​ថ្ងៃអាទិត្យ​ទី​០៤ ខែតុលា​ ឆ្នាំ២០១៥​នេះ​នៅ​លើ​សង្វៀន​SEA-TV ។​​



អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ​ពុំ​ធ្លាប់​ដែល​ជួបគ្នា​ទេ​ពី​មុន​មក​ព្រោះ​មៀ​ច សុខ​រ៉ា​ពីមុន​គេ​ជា​ជើង​ខ្លាំង​មួយ​រូប​ដែល​មាន​កម្រិត​សមត្ថភាព​លើ​សុខ ចិន្តា​មិនអាច​ផ្គូផ្គង​ឲ្យ​​ជួបគ្នា​បាន។ តែ​បន្ទាប់ពី​សុខ​រ៉ា​អវត្តមាន​លើ​សង្វៀន​យូរ​ឆ្នាំ​នោះ ទើប​ពេលនេះ​ត្រូវ​បាន​ផ្គូផ្គង​ឲ្យ​ជួប​អ្នក​ប្រដាល់​មិនសូវ​ដឺល​ឈ្នះ​សុខ ចិន្តា​នេះ​។​


សុខ​រ៉ា កាលពី​មិនទាន់​បាត់​មុខ​គេ​ជា​អ្នក​ប្រដាល់​ដែល​មាន​ឈ្មោះ​ល្បី​គួរសម​ដែរ​។ មិនតែប៉ុណ្ណោះ សុខ​រ៉ា​ធ្លាប់​ជួប​ប្រកួត​ជាមួយ​ផុន​ ផាន់​ណា​ជើង​ខ្លាំង​របស់​ក្លិប​អប្សរា​គុន​ខ្មែរ​វ៉ាន់​ ចាន់​វៃ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ក្លិប​ព្រះខ័នរាជ ហើយ​មុននឹង​បាត់​ខ្លួន​នេះ​សុខ​រ៉ា​បាន​ជួប​ប្រកួត​ជាមួយ​ស៊ីវ ឌី​ណា ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១​ដោយ​វាយ​ចាញ់​ឌី​ណា​ក្នុង​ទឹក​ទី​៣​កាលពី​ថ្ងៃ​២២ ខែ​មករា​ ឆ្នាំ២០១២​នោះ។ ប៉ុន្តែ​យ៉ាងណា​ក្រោយ​វិលត្រឡប់​មកកាន់​សង្វៀន​វិញ គេ​បាន​បំបាក់​ថៃ រិទ្ធី អ្នក​ប្រដាល់​ក្លិប​នាគរាជ​គុន​ខ្មែរ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២​កាលពី​ថ្ងៃទី​១៥​ ខែសីហា​កន្លង​មក​នេះ​។​



សុខ ចិន្តា​ជា​អ្នក​ប្រដាល់​យូរហើយ​តែ​គេ​មិនសូវ​ជា​មាន​ឈ្មោះ​ល្បី​នោះ​ទេ។ ជា​អ្នក​ប្រដាល់​ដែល​វាយ​ចាញ់​ច្រើនជាង​ឈ្នះ​។ តែ​យ៉ាងណា​ការប្រកួត​ចុងក្រោយ​របស់​ចិន្ដា​គឺ​វាយ​ឈ្នះ​ផៃ គឹម​ហឿ​ត​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ក្លិប​គី​សែ​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ​នៅ​លើ​សង្វៀន​SEA-TV​នេះ។​



យ៉ាងណា​រវាង​សុខ ចិន្តា និង​មៀ​ច សុខ​រ៉ា​នេះ​មិន​ដឹង​ថា ​នរណា​ឈ្នះ នរណា​ចាញ់​នោះ​ឡើយ សម្រាប់​ការ​ជួប​ប្រកួត​គ្នា​លើកដំបូង​នេះ ?។​



គួរ​បញ្ជាក់​ថា មៀ​ច សុខ​រ៉ា​គេ​ល្អ​ទាំង​កណ្ដាប់ដៃ ល្អ​ទាំង​ជើង​ហើយ​ចិត្ត​ប្រដាល់​ធំ​ថែមទៀត។​



​សេក គឹម​រួន​អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ នឹង​ជួប​ប្រកួត​ជាមួយ​ចាន់ រក្សា​អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា​ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦០​គីឡូក្រាម​។ គឹម​រួន​គេ​ចង់​សាកមើល​ថ្វីដៃ​របស់​ចាន់ រក្សា តើ​ខ្លាំង​ឬ​ខ្សោយ​នោះ?។​



ចាន់ រក្សា​ជា​អ្នក​ប្រដាល់​ជើងចាស់​មួយ​រូប​ក្នុង​ទម្ងន់​៦០​គីឡូក្រាម​នេះ​។ រក្សា មាន​ផ្លែ​កណ្ដាប់ដៃ​ល្អ តែ​កម្លាំង​ស៊ុ​ហ្វ​មិនសូវ​រឹងមាំ​ទេ។ គេ​មិន​ធ្លាប់​ជួប​ប្រកួត​ជាមួយ​សេក គឹម​រួន​តែ​គេ​ធ្លាប់​ជួប​ជើង​ខ្លាំង​ច្រើន​នាក់​ដែរ​ហើយ។ ចាន់ រក្សា​មិន​ងាយ​ចុះចាញ់​អ្នកណា​ងាយៗ​នោះ​ឡើយ ទោះបីជា​ខ្លួនឯង​អន់​កម្លាំង​ក៏ដោយ។



សេក គឹម​រួន​គេ​ជា​អ្នក​ប្រដាល់​ខ្លាំង​គួរសម​ដែរ​។ គេ​មានចិត្ត​ប្រដាល់​ធំ​ហើយ​កម្លាំង​ស៊ុ​ហ្វ​របស់​គេ​ក៏​ខ្លាំង​ដែរ​។ ប៉ុន្តែ​អ្នក​ប្រដាល់​នេះ​ប្រកួត​មិនសូវ​ឆ្លាត​នោះ​ទេ​។ គេ​ប្រកួត​អាង​តែ​លើ​កម្លាំង​កាយសម្បទា​រប​ស់​គេ​ខ្លាំង​ម្ល៉ោះហើយ គេ​វាយ​សម្រុក​ខ្លាំង​តាំងពី​ក្នុង​ទឹក​ទី​១​ទៅ​ធ្វើ​ឲ្យ​នៅ​ចុង​ទឹក​កម្លាំង​ស៊ុ​ហ្វ​គេ​ធ្លាក់ចុះ​ដែល​នាំ​ឲ្យ​ចាញ់​ប្រៀប​ឈ្នះ​របស់​គូប្រកួត។​



ទោះជា​យ៉ាង​ណា​ក្តី ​រវាង​ចាន់ រក្សា និង​សេក គឹម​រួន​នេះ​មិន​មាន​អ្នកណា​ហ៊ាន​ទាយ​មុន​ថា​ អ្នកណា​ឈ្នះ អ្នក​ចាញ់​នោះ​ទេ​។ ការប្រកួត​ចុងក្រោយ​របស់​សេក គឹម​រួន​គឺ​វាយ​ចាញ់​ថៃ​(Yoth Sing​ដោយ​ពិន្ទុ​)​ ឯ​ចាន់ រក្សា​ប្រកួត​ចុងក្រោយ​វាយ​ឈ្នះ​ស៊ូ ពី​ក្លិប​ពោធិ​ជ័យ​កីឡា​ក្នុង​ទឹក​ទី​៣​។ ចាំ​មើល​សម្រាប់​ជំនួប​គ្នា​លើកដំបូង​នេះ តើ​សេក គឹម​រួន​ឈ្នះ ឬ​ចាន់ រក្សា​ជា​អ្នកឈ្នះ​នោះ?។​



អ៊ិន កំសត់​អ្នក​ប្រដាល់​ក្លិប​សម្រែក​រាជសីហ៍​នឹង​ជួប​សងសឹក​ជាមួយ​ថៃ​សាក់ សារៈ​អ្នក​ប្រដាល់​ក្លិប​កងទ័ពជើងទឹក​។ ការ​ជួបគ្នា​លើក​មុននៅថ្ងៃទី០៦​ ខែកញ្ញា​ ឆ្នាំ២០១៥​សារៈ ឈ្នះ​អ៊ិន កំសត់​ដោយ​ពិន្ទុ។​

​ថៃ សាក់​សារ៉ាក់​ជា​អ្នក​ប្រដាល់​ស្រករ​មុន និង​សំបូរ​ល្បិច​ច្រើន​។ អ្នក​ដែល​ជួប​ប្រកួត​ជាមួយនឹង​គេ​គឺ​មិនជា​ស្រួលខ្លួន​ប៉ុន្មាន​ទេ។



ជា​ការពិត​អ្នកណា​ប្រកួត​ជាមួយ​សារ៉ាក់​គឺ​ច្បាស់​ជា​ទ្រោម​ខ្លួន​ហើយ ព្រោះ​សារៈ វាយ​ខ្លាំង ហើយ​គេ​វាយ​សម្រុក​មិន​ដក​ដៃ​ឡើយ ម្ល៉ោះហើយ​ទម្រាំ​ចប់​ការប្រកួត​ប្រាំ​ទឹក​ដៃគូ​ត្រូវ​វេទនា​ខ្លួន​មិន​តិច​ទេ។​



អ៊ិន កំសត់​ថ្វីត្បិតតែ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ ប៉ុន្តែ​គេ​វាយ​ល្អ​ និង​ស៊ូ​ចំពោះ​ការប្រកួត​។ ដូច្នេះ ចាំ​មើល​តើ​អ្នកណា​ឈ្នះ​រវាង​ថៃ សាក់​សារៈ និង​អ៊ិន កំសត់ នេះ ?៕


3-10-2015e


3-10-2015e2



មៀ​ច​ សុខ​រ៉ា​ជួប​សុខ ​ចិន្តា ឯ​សេក គឹម​រួន​ជួប​ចាន់ ​រក្សា​នៅ​SEA-TV

Post a Comment

0 Comments

Close Menu