Ad Code

ចិន​មិន​បានដឹង​ពី​ផែនការ​លើកឡើង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​កិច្ចប្រជុំ APEC

អ្នកការទូត​ជាន់ខ្ពស់​របស់​ចិន​បាន​និយាយ​នៅ​ថ្ងៃ​អង្គា​រថា ប្រទេស​ចិន​គឺ​មិន​បានដឹង​ពី​ផែនការ​ ដើម្បី​ពិភាក្សា​អំពី​សមុទ្រ​ចិន​ខាងត្បូង​ដែល​មាន​ជម្លោះ​ជាមួយនឹង​ក្រុម​មេដឹកនាំ​ឡើយ​នៅ​ឯ​ជំនួប​កំពូល​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​សប្ដាហ៍​ក្រោយនេះ​ក្នុង​ទីក្រុង​ម៉ានីល​ចំ​ពេល​មាន​ភាព​តានតឹង​រវាង​ចិន​ និង​ហ្វីលីពីន​លើ​បញ្ហា​ដែនទឹក​។​



លោក Xi Jinping ប្រធានាធិបតី​ចិន​នឹង​ចូល​រួម​ក្នុង​កិច្ចប្រជុំ​កំពូល​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC)។​



កិច្ចប្រជុំ​កំពូល APEC នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ម៉ានីល​ចាប់ពី​ថ្ងៃទី​១៧​ដល់​១៩​ខែវិច្ឆិកា​។​ សមាជិក​រប​ស់ APEC រួមមាន​សហរដ្ឋអាមេរិក ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី​ និង​កាណាដា​។​



អនុ​រដ្ឋមន្ត្រីការបរទេស​ចិន​លោក Li Baodong បាន​ប្រាប់​អ្នកកាសែត​ថា​ “​មនុស្ស​គ្រប់គ្នា​ដឹង​ថា APEC គឺ​ពិភាក្សា​ជា​ចម្បង​អំពី​កិច្ច​សហប្រតិបត្តិការ​ធ្វើ​ពាណិជ្ជកម្ម​ និង​ហិរញ្ញវត្ថុ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។


តាម​ដែល​ខ្ញុំ​បានដឹង​គឺថា នៅ​ឯ​ជំនួប​កំពូល​នៅ​ឆ្នាំនេះ​គឺ​មិន​មាន​ផែនការ ​ដើម្បី​ពិភាក្សា​អំពី​សមុទ្រ​ចិន​ខាងត្បូង​នោះ​ទេ​”​។​



កិច្ចប្រជុំ​កំពូល​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​នៅ​សប្ដាហ៍​មុន​ដែល​បាន​ចូលរួម​ដោយ​ទាំង​សហ​រដ្ឋ​អាមេរិក​ និង​ប្រទេស​ចិន​នោះ​បាន​បរាជ័យ​ក្នុង​ការ​បង្កើត​សេចក្ដីថ្លែងការណ៍​ចុងក្រោយ​មួយ​ពី​ព្រោះ​គណៈប្រតិភូ​មិនអាច​យល់​ព្រម​គ្នា​ថា​ តើ​គួរ​ត្រូវ​និយាយ​ពី​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ ឬក៏​អត់​។​



ប្រទេស​ចិន​បាន​ខឹង​សម្បារ​ជាពិសេស​លើ​ករណី​ដែល​ប្រទេស​ហ្វីលីពីន​បាន​ដាក់​ពាក្យបណ្ដឹង​ដល់​តុលាការ​នៅ​ប្រទេស​ហូ​ឡង់​ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។ ប្រទេស​ចិន​បាន​និយាយ​ថា​ ខ្លួន​នឹង​មិន​ទទួលស្គាល់​ឬ​មិន​ចូលរួម​នៅក្នុង​ករណីនេះ​ទេ​។​



រដ្ឋមន្ត្រីការបរទេស​ចិន​លោក Wang Yi បាន​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ហ្វីលីពីន​នៅ​ថ្ងៃ​អង្គារ​ដើម្បី​ពិភាក្សា​ពី​ការ​ត្រៀម​រៀបចំ​សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​លោក Xi និង​វិធី​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ជាមួយនឹង​ទីក្រុង​ម៉ានីល​។​



ដោយឡែក​ក្រសួងការពារជាតិ​រប​ស់​ប្រទេស​ចិន​បាន​និយាយ​ថា លោក Wu Shengli ប្រមុខ​កងទ័ព​ជើង​ទឹក​បាន​ចាកចេញ​សម្រាប់​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​ និង​ឥណ្ឌូណេស៊ី​ ខណៈ​ប្រទេស​ម៉ាឡេស៊ី​ក៏បាន​ទាមទារ​ទឹកដី​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ផង​ដែរ​៕


Reuters




ចិន​មិន​បានដឹង​ពី​ផែនការ​លើកឡើង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​កិច្ចប្រជុំ APEC

Post a Comment

0 Comments

Close Menu