Ad Code

ទិវា​ជាតិ​អាហារូបត្ថម្ភ​លើក​ទី​២​កម្ពុជា​ប្រារព្ធ​ក្រោម​ប្រធានបទ​”​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​គឺជា​ការ​វិនិយោគ​ដ៏​ប្រសើរ​បំផុត​សម្រាប់​ជីវិត​កូន​អ្នក​”

ភ្នំពេញ ៖ ទិវា​ជាតិ​អាហារូបត្ថម្ភ​លើក​ទី​២​កម្ពុជា​ប្រារព្ធ​ក្រោម​ប្រធានបទ​”​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​គឺជា​ការ​វិនិយោគ​ដ៏​ប្រសើរ​បំផុត​សម្រាប់​ជីវិត​កូន​អ្នក​”​ កាលពី​ល្ងាច​ថ្ងៃទី​៦​ ខែវិច្ឆិកា ​ឆ្នាំ​២០១៥ ក្នុង​គោលបំណង​បង្កើន​ការ​យល់ដឹង​ជា​សាធារណៈ​អំពី​សារៈសំខាន់​ និង​គុណប្រយោជន៍​របស់​ទឹក​ដោះ​ម្តាយ​។​


​ ​ទិវា​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក​ឧបនាយករដ្ឋមន្ត្រី​ យឹម ឆៃលី ប្រធាន​ក្រុមប្រឹក្សា​ស្ដារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ និង​ជនបទ និង​បណ្ដា​ក្រសួង​ដៃគូ​អភិវឌ្ឍ​អង្គការ​សង្គម​ស៊ីវិល​រួម​ទាំង​វិស័យ​ឯកជន​ក៏បាន​ចូលរួម​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​ក្នុង​យុទ្ធនា​ការ​លើក​កម្ពស់​អាហារូបត្ថម្ភ​នេះ​ដែរ​។​



លោកស្រី​Natascha Paddison ប្រធាន​ស្តីទី​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍ថា ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​ផ្តល់​ឲ្យ​កុមារ​នូវ​ការ​ចាប់ផ្តើម​ជីវិត​ដ៏​ល្អ​បំផុត​។ វា​ជា​ជ្រុង​មួយ​សម្រាប់​ការរស់រាន​អាហារូបត្ថម្ភ និង​សុខ​ភាពល្អ​រួម​ទាំង​ការ​អភិវឌ្ឍ​ដំណាក់កាល​ដំបូង​របស់​ពួកគេ​។​


ការ​ទទួល​បានការ​បំបៅ​ដោយ​ទឹកដោះ​ដ៏​សមស្រប​គឺជា​សិទ្ធ​សម្រាប់​កុមារ​គ្រប់រូប​ដោយ​ពុំ​មាន​ការ​រើសអើង​ថា ​ពួកគេ​មកពី​ទីណា​ក្រ ​ឬ​មាន​នោះ​ទេ​។ ជា​ការ​ពិត​អនុសញ្ញា​ស្ដីពី​សិទ្ធ​កុមារ​បញ្ជាក់​ថា ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​គឺជា​សមាសភាគ​មួយ​ដ៏​សំខាន់​នៃ​សិទ្ធិ​របស់​កុមារ ដើម្បី​ឈាន​ទៅ​សម្រេច​បាន​ស្តង់ដារ សុខភាព​ដ៏​ខ្ពស់​បំផុត​។​ លោកស្រី​បាន​កត់​សំគាល់​ថា ចាប់តាំងពី​ឆ្នាំ​២០០០ អត្រា​ម្តាយ​បំបៅ​កូន​ដោយ​ទឹកដោះ​តែមួយគត់​បាន​ធ្លាក់ចុះ​ពី​៧៣,៥ភាគរយ​មក​ត្រឹម ៦៥​ភាគរយ​នៅ​កម្ពុជា ហើយ​ស្ថានភាព​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ទៅទៀត​នៅ​តាម​តំបន់​ទីក្រុង​ដែល​មាន​ម្តាយ​ត្រឹមតែ​៣៨​ភាគរយ​ប៉ុណ្ណោះ​បាន​បំបៅ​ដោះ​ដល់​កូន​របស់​ពួកគេ​ដែល​មាន​អាយុ​ក្រោម​៦​ខែ​។​ នេះ​បញ្ជាក់​ថា វឌ្ឍនភាព​កំពុងតែ​ត្រលប់​ថយក្រោយ និង​ប៉ះពាល់​ដល់​ការងារ​ដ៏​ធំធេង​ដែល​រដ្ឋាភិបាល​កំពុង​ប្រឹង​ប្រែង​អស់​រយៈពេល​ជិត​ពីរ​ទសវត្សរ៍​មកនេះ​។​

​ ​

នា​ខែឧសភា​ឆ្នាំនេះ របាយការណ៍​រួម​របស់​អង្គការ​ទស្សនៈ​ពិភពលោក និង​អង្គការ​ហេឡែន​ឃែ​ល​ល័​រ​អន្តរជាតិ​បាន​បង្ហាញថា ផលិតផល​ជំនួស​ទឹកដោះ​ម្តាយ​អាច​រកបាន​នៅ​គ្រប់​ទីកន្លែង​នៅក្នុង​ខេត្ត​ចំនួន​៦​ក្នុង​ប្រទេស​កម្ពុជា​។ ​របាយការណ៍​បាន​កំណត់​ថា មាន​ផលិតផល​ជំនួស​ទឹកដោះ​ម្តាយ​ចំនួន​១១០​ប្រភេទ​ដាក់​តាំង​លក់​នៅ​លើ​ទីផ្សារ​ក្នុង​បណ្ដា​ខេត្ត​ទាំងនោះ​។​ ភស្តុតាង​សកលលោក​បញ្ជាក់​យ៉ាង​ច្បាស់​លាស់​ថា កុមារ​ដែល​បំបៅ​ដោយ​ទឹកដោះ​ម្តាយ​តែមួយ​មុខ​គត់ ទំនងជា​គេច​ផុត​ពី​ការ​ស្លាប់​ក្នុង​រយៈពេល​៦​ខែ​ដំបូង​នៃ​ជីវិត​១៤​ដង​តិច​ជាង​កុមារ​ដែល​មិនបាន​បំបៅ​ដោយ​ទឹកដោះ​ម្តាយ​តែ​មួយ​មុខ​គត់ ដូច្នេះ​យើង​ត្រូវ​ដោះស្រាយ​បញ្ហា​នេះ​ជា​បន្ទាន់​ដោយ​ការប្រតិបត្តិ​តាមច្បាប់​។ ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ កាត់បន្ថយ​មរណភាព​បាន​យ៉ាងច្រើន​ពី​ជំងឺ ចំបង​ពីរ​ប្រភេទ​ដែល​សម្រាប់​កុមារ​គឺ​រលាក​ផ្លូវដង្ហើម​ និង​រាករូស​ស្រួចស្រាល់​។​



​ការ​ចាប់ផ្តើម​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​ក្នុង​អំឡុង​មួយ​ម៉ោង​ដំបូង​បន្ទាប់ពី​សម្រាល​​អាច​ទប់ស្កាត់​មរណភាព​ទារក​បាន​ប្រហែល​២០​ភាគរយ​។ ការអនុវត្ត​ផ្តល់​អាហារ​ផ្សេងៗ​មុន​ពេល​បំបៅ​ដោះ ឬ​មាន​ន័យថា ផ្តល់​អាហារ​ផ្សេងៗ​ដល់​ទារក​ជំនួស​ទឹកដោះ​ម្តាយ​គឺជា​ឧបសគ្គ​មួយ​ដែល​រារាំង​ដល់​ការ​ឆាប់​ចាប់ផ្តើម​បំបៅ​ដោះ​កូន។ ​រយៈពេល​ជាង​៤​ឆ្នាំ​កន្លងទៅ ប្រេ​វ៉ាឡង់​នៃ​ទារក​ទើបនឹង​កើត​ដែល​ទទួល​អាហារ​ផ្សេងៗ​មុន​ពេល​បំបៅ​ដោះ​បាន​កើនឡើង​ចំនួន​៨,៦​ភាគរយ។​ អត្រា​នេះ​ក៏បាន​កើន​ឡើង​ជិត​ពីរ​ដង​នៅ​តាម​តំបន់​ទីក្រុង រហូតដល់​ជាង​៥០​ភាគរយ ក្នុង​ឆ្នាំ​២០១៤ បើ​ធៀប​នឹង​ឆ្នាំ​២០១០​មាន​ត្រឹមតែ​២៥​ភាគរយ​ប៉ុណ្ណោះ​។ ការ​ផ្តល់​ទឹក ឬ​អាហារ​ផ្សេងៗ មុន​ពេល​បំបៅ​ដោះ​ដល់​ទារក​ទើប​នឹង​កើត​នាំ​ឲ្យ​ទារក​ទទួល​ទឹកដោះ​ម្តាយ​ជា​លើកដំបូង​យឺតយ៉ាវ និង​រារាំង​មិន​ឲ្យ​កុមារ​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​។​

​ ​

លោក​ឧបនាយករដ្ឋមន្ត្រី ​យឹម ឆៃលី ប្រធាន​ក្រុមប្រឹក្សា​ស្ដារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​និង​ជនបទ​បាន​មានប្រសាសន៍​ក្នុងនាម​ជា​សេនាធិការ​ជូន​រាជរដ្ឋាភិបាល ក្រុមប្រឹក្សា​ស្ដារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​និង​ជនបទ​មាន​ភារកិច្ច​ចំបង​៣​ធំៗ​ក្នុង​ការ​សម្របសម្រួល​រៀបចំ​គោលនយោបាយ យុទ្ធសាស្ត្រ​ និង​អនុវត្តន៍​កម្មវិធី​ទាក់ទង​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ និង​ជនបទ នៅ​កម្ពុជា​លើ​ការងារ​អន្តរ​វិស័យ​បី ទី​១ សន្តិសុខ​ស្បៀង​ និង​អាហារូបត្ថម្ភ ទី​២ ការ​គាំពារ​សង្គម​សំរាប់​ជន​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​និង​ទី​៣ ការងារ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ​ដែល​ភារកិច្ច​ធំៗ​ទាំង​៣ នេះ​នឹង​បន្ត​កិច្ច​សហ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​ក្រសួង ស្ថាប័ន ពាក់ព័ន្ធ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដៃគូ​អភិវឌ្ឍ អង្គការ​សង្គម​ស៊ីវិល និង​ផ្នែក​ឯកជន ដើម្បី​ធ្វើការ​សម្របសម្រួល​រៀប​ផែនការ​សកម្មភាព​ការងារ ថវិកា ការ​អនុវត្ត​គម្រោង​ និង​តាមដាន ពិនិត្យ វាយតម្លៃ ក្នុង​គោលបំណង​រួមចំណែក​លើកកម្ពស់​សេវា​សង្គម និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ ដើម្បី​គុណភាព​ជីវិត និង​ការរស់នៅ​របស់​ប្រជាជន​និង​ធ្វើ​ឲ្យ​កម្ពុជា​សម្រេច​បាន​តាម​គោលដៅ​នៃ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣​នៃ​នីតិ​កាល​ទី​៥​របស់​រាជ​រដ្ឋា​ភិបាល​។​

​ ​

ដោយឡែក​នៅក្នុង​ទិវា​ជាតិ​អាហារូបត្ថម្ភ​លើក​ទី​២​កម្ពុជា​ប្រារព្ធ​ក្រោម​ប្រធានបទ​”​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​គឺជា​ការ​វិនិយោគ​ដ៏​ប្រសើរ​បំផុត​សម្រាប់​ជីវិត​កូន​អ្នក​” ធ្វើឡើង​ក្នុង​គោលបំណង​បង្កើន​ការ​យល់​ដឹង​ជា​សាធារណៈ​អំពី​សារៈសំខាន់​ និង​គុណប្រយោជន៍​របស់​ទឹកដោះ​ម្តាយ​។ ដោយសារ​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​នេះ​បាន​រួម​ចំណែក​ផ្តល់​នូវ​អត្ថប្រយោជន៍​ជាច្រើន​ដល់​ស្ត្រី​ជា​ម្តាយ និង​ទារក​ទើប​កើត ទាំង​ផ្នែក​សុខភាព បញ្ញា និង​ស្មារតី ព្រមទាំង​ផ្តល់​ដល់​ទារក​នូវ​ការ​ចាប់ផ្តើម​ជីវិត​ដ៏​ល្អ​សម្រាប់​អនាគត​របស់​ពួកគេ គ្រួសារ​គេ និង​សង្គមជាតិ​យើង​ទាំងមូល​៕​



ទិវា​ជាតិ​អាហារូបត្ថម្ភ​លើក​ទី​២​កម្ពុជា​ប្រារព្ធ​ក្រោម​ប្រធានបទ​”​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​គឺជា​ការ​វិនិយោគ​ដ៏​ប្រសើរ​បំផុត​សម្រាប់​ជីវិត​កូន​អ្នក​”

Post a Comment

0 Comments

Close Menu