ភ្នំពេញ ៖ រហូតមកទល់ពេលនេះមានរយៈពេលជិត៤ខែហើយ ដែលលោក សុខ ប៊ុន អតីតមានងារជាឧកញ៉ា និងជាអតីតប្រធានក្រុមហ៊ុន TEHO Development និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ត្រូវជាប់ពន្ធនាគារ ក្រោមបណ្ដឹងរបស់កញ្ញាឯក សុជាតា ហៅសាសា អតីតពិធីការិនីទូរទស្សន៍ស៊ីធីអ៊ិន។
មន្ត្រីតុលាការថ្លែងនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះថា សំណុំរឿងលោក សុខ ប៊ុន គឺរហូតមកទល់ពេលនេះ តុលាការកំពុងបន្តនីតិវិធី ពោលគឺពុំទាន់បិទការស៊ើបសួរ បញ្ជូនទៅបើកសវនាការជំនុំជម្រះនៅឡើយទេ។ ដោយឡែក អត្តសញ្ញាណរបស់អង្គរក្សលោក សុខ ប៊ុន ក៏តុលាការកំពុងស្វែងរកដើម្បីចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់ផងដែរ។
កាលពីពេលថ្មីៗនេះ លោក សុខ ប៊ុន ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ហៅពេទ្យរុស្ស៊ី ព្រោះសម្ពាធឈាមឡើងខ្ពស់។ ទោះបីយ៉ាងណា បើតាមមន្ត្រីពេទ្យរុស្ស៊ី បានឲ្យដឹងថា ស្ថានភាពជំងឺលោក សុខ ប៊ុន បានធូរស្រាលវិញហើយបន្ទាប់ពីបានជួយសង្គ្រោះ។
គួររំលឹកថា កាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ លោក លាង សំណាត់ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនលោក សុខ ប៊ុន ដាក់ពន្ធនាគារបណ្ដោះអាសន្ន ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត។
លោក សុខ ប៊ុន ត្រូវបានលោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន ចោទប្រកាន់ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀល ទៅ១០លានរៀល។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវឲ្យលោក សុខ ប៊ុន ចូលដោះស្រាយតាមច្បាប់ជាបន្ទាន់ ករណីប្រើអំពើហិង្សាលើកញ្ញា សាសា។ ប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបែបនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ក្នុងពិធីប្រគេនសញ្ញាបត្រដល់សាមណៈនិស្សិតពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នៅក្នុងវិទ្យាស្ថានជាតិអប់រំ ក្បែរវិមានឯករាជ្យ រាជធានីភ្នំពេញ។
លោក សុខ ប៊ុន អាយុ៣៧ឆ្នាំ មានទីលំនៅផ្ទះលេខ១០៩ ផ្លូវ៩៩កែង ផ្លូវលេខ៤៩៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន បានត្រូវកញ្ញា សាសា ដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃមហាផ្ទៃ ដោយចោទប្រកាន់ពីបទប្រើអំពើហិង្សា ដោយភ្ជាប់យកហេតុការណ៍ដែលកើតឡើងកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចក្លិបកម្សាន្តឡាហ្គេនបា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាដើមចម ដាក់បន្ទុកក្នុងការចោទប្រកាន់នេះ៕
តុលាការ បន្តនីតិវិធីសំណុំរឿងលោក សុខ ប៊ុន ប្រើអំពើហិង្សាលើកញ្ញា សាសា
0 Comments