ភ្នំពេញ ៖ ក្រុមកំប្លែងរបស់នាយក្រិនបានបង្កបរិយាកាសជូនបងប្អូនអាណិកជនខ្មែរដែលរស់នៅលើទឹកដីអាមេរិកឲ្យសប្បាយរីករាយរហូតទទួលបានភាពជោគជ័យ។ ទាំងនាយក្រិននិងនាងប្រិមប្រិយអាចចំណាយពេលច្រៀងសម្ដែង និងកើបប្រាក់នៅទីនោះរយៈពេលកន្លះឆ្នាំ ដែលផ្ទុយពីឱកាសរបស់តារាមួយចំនួនមានត្រឹមតែរយៈពេល៣ខែប៉ុណ្ណោះ។
អ្នកនាង ម៉ក់ សុគន្ធដានិច្ច ហៅ ប្រិមប្រិយបានថ្លែងតាមសារអេឡិចត្រូនិកពីអាមេរិកមកថា នាងទើបតែសម្តែងជាមួយបងប្អូនខ្មែរនៅអាមេរិកបានជាង១ខែតែប៉ុណ្ណោះ ដោយនៅមានគម្រោងចេញទៅសម្តែងនៅតាមរដ្ឋផ្សេងៗទៀត តាមការរៀបចំរបស់ម្ចាស់កម្មវិធី។ នាងនិយាយទៀតថា ក្រុមរបស់នាងមានសមាជិក៣រូបគឺ រូបនាង នាយក្រិន និងអ្នកនាង យ៉ុង ចាន់សុធាវី ហើយក្រុមនាងទទួលបានការគាំទ្រច្រើនពីបងប្អូនខ្មែររស់នៅអាមេរិកព្រោះតែក្រុមនាងមានទាំងតារាកំប្លែង និងអ្នកចម្រៀងអាជីព ទើបមានការគាំទ្រលើសពីការរំពឹងទុក។ បើតាមគម្រោងពួកនាងអត់ទាន់វិលមកប្រទេសកម្ពុជាឆាប់ៗបាននោះទេ គឺនៅសម្តែងរហូតដល់បុណ្យចូលឆ្នាំខ្មែរឆ្នាំ២០១៦ឯណោះទើបហោះត្រឡប់មកវិញ។
តារាដែលមានជំនាញខាងលេងល្ខោនតាំងពីកុមារមកនោះបានបញ្ជាក់ទៀតថា បងប្អូនខ្មែរគាត់បានសើចសប្បាយច្រើនដោយសារតែរវាងនាងនិងបងក្រិនបានបញ្ចូលការលេងកំប្លែងផ្ដល់សំណើចជូនពួកគាត់ព្រមទាំងរាំច្រៀងតាមចង្វាក់ខ្មែរផ្សេងៗទៀតនោះរឹតតែបង្កបរិយាកាសមួយផ្នែកបំបាត់ការនឿយហត់ខ្លះ។ នាងប្រិមប្រិយបន្តថា ជាមួយគ្នានេះដែរនាងក៏ដូចជាក្រុមការងាររបស់នាងបានសម្តែងការអរគុណចំពោះបងប្អូនទស្សនិកជនដែលនឹករលឹករូបនាង នាយក្រិន និងអ្នកសិល្បៈឯទៀត។
ដោយឡែកលោកទេស សុជន ហៅនាយក្រិនវិញបាននិយាយតាមឆាតយ៉ាងខ្លីថា ចំពោះការស្នាក់នៅអាមេរិកគឺពិតជាទទួលបានភាពកក់ក្តៅណាស់ ដោយសារតែបងប្អូនខ្មែរនៅទីនេះគាត់មានការរាក់ទាក់ និងជូនដើរកម្សាន្តនៅពេលទំនេរពីការសំដែង តែបើទោះជាយ៉ាងណានាយមានការនឹករលឹកចំពោះប្រពន្ធកូនខ្លាំងណាស់៕
នាយក្រិន និងនាងប្រិមប្រិយជោគជ័យលើទឹកដីមហាអំណាចអាមេរិក
0 Comments