ការស៊ើបអង្កេតរបស់អង្គការ Medicins San Frontieres ចូលទៅក្នុងការបំផ្ទុះគ្រាប់បែកមន្ទីរពេទ្យរបស់អាហ្វហ្គានីស្ថានដោយកងកម្លាំងរបស់សហរដ្ឋអាមេរិកបានរកឃើញថា មិនមានយុទ្ធជនប្រដាប់អាវុធ ឬអាវុធនៅក្នុងបរិវេណនោះទេ ហើយក៏មិនមានការប្រយុទ្ធគ្នាដែរនៅពេលការវាយប្រហារអាកាសបានកើតឡើង។
នៅក្នុងរបាយការណ៍របស់ខ្លួនដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ អង្គការ MSF បានបង្ហាញពី “ការវាយប្រហារពីលើអាកាសឥតឈប់ឈរ និងព្រៃផ្សៃដោយកងកម្លាំងសហរដ្ឋអាមេរិកដែលបានកើតឡើងនៅខេត្ត Kunduz នៅថ្ងៃទី៣ ខែតុលា និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣០ នាក់ដោយរួមទាំងបុគ្គលិករបស់អង្គការ MSF ផងដែរ”។
អង្គការនេះបានថ្លែងថា “ក្បួនច្បាប់របស់អង្គការ MSF នៅក្នុងមន្ទីរពេទ្យត្រូវបានអនុវត្តនិងគោរពរួមទាំងគោលការណ៍គ្មានអាវុធផងដែរ ហើយអង្គការ MSF បានត្រួតពិនិត្យយ៉ាងពេញលេញនៃមន្ទីរពេទ្យនេះនៅក្នុងពេលនៃការវាយប្រហារតាមអាកាស”។
បើយោងតាមលទ្ធផលនៃការស៊ើបអង្កេតនេះបានបង្ហាញថា មន្ទីរពេទ្យនេះគឺដំណើរការយ៉ាងពេញលេញជាមួយនឹងអ្នកជំងឺចំនួន១០៥នាក់នៅពេលនៃការវាយប្រហារតាមអាកាសបានកើតឡើង។
លើសពីនេះទៀតអង្គការ MSF បានថ្លែងថា “កិច្ចព្រមព្រៀងអព្យាក្រឹត្យនៃមន្ទីរពេទ្យរបស់យើងដោយពឹងផ្អែលើច្បាប់មនុស្សធម៌អន្តរជាតិត្រូវបានគោរពយ៉ាងពេញលេញហើយមានការព្រមព្រៀងជាមួយភាគីជម្លោះទាំងអស់មុនពេលនៃការវាយប្រហារនេះ”។
ទោះបីជាមានកិច្ចព្រមព្រៀងក៏ដោយមន្ទីរពេទ្យនេះនៅតែជាគោលដៅនៃការវាយប្រហារអាកាសរបស់អាមេរិកដែលនាំឲ្យអង្គការ MSF ចោទសួរថា តើការវាយប្រហារបែបនេះត្រូវបានអនុញ្ញាតឲ្យកើតឡើងដោយរបៀបណា។
ខណៈពេលកំពុងបង្ហាញរបាយការណ៍នេះ លោក Christopher Stokes អគ្គនាយកអង្គការ MSF បានថ្លែងថា “អ្វីដែលយើងកំពុងមើលឃើញនៅពេលនេះសកម្មភាពនេះគឺជាការខុសច្បាប់នៅក្នុងច្បាប់សង្គ្រាម។ មានសំណួរជាច្រើននៅតែគ្មានចម្លើយ”។
សេចក្ដីថ្លែងការណ៍របស់អង្គការ MSF បានរៀបរាប់ថា នេះជាស្ថានភាពសោកនាដកម្មនៅមន្ទីរពេទ្យ។
ក្រោយពីការវាយប្រហារពីលើអាកាសនេះ ដើមឡើយមន្ទីរបញ្ចកោណបានព្យាយាម ដើម្បីផ្លាស់ប្ដូរការទទួលខុសត្រូវទៅលើកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានដោយអះអាងថា ពួកគេបានស្នើសុំឲ្យមានការវាយប្រហារតាមអាកាស។
ទោះបីជាយ៉ាងណាក៏ដោយ នៅពេលក្រោមមក មេបញ្ជាការនៃកងកម្លាំងអាមេរិក និងណាតូនៅអាហ្វហ្គានីស្ថានលោកឧត្តមសេនីយ៍ John Campbell បានទទួលស្គាល់ថា ការវាយប្រហារនោះគឺជាការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកដែលបានធ្វើឡើងនៅក្នុងខ្សែសង្វាក់របស់បញ្ជាការអាមេរិក៕
RT
អង្គការ MSF បញ្ចេញរបាយការណ៍ស្ដីពីការទម្លាក់គ្រាប់បែកនៅមន្ទីរពេទ្យអាហ្វហ្គានីស្ថាន
0 Comments