Ad Code

កីឡាករ​ស្វាយរៀង​ កំពុង​ហ្វឹកហាត់​នៅ​អង់គ្លេស ​និង​ចូល​ទស្សនា​ប្រកួត​រវាង Man Utd ជាមួយ West Brom នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ​

កីឡាករ​ក្រុម​ស្វាយរៀង​អែ​ហ្វ​ស៊ី ដែល​កំពុង​ហ្វឹកហាត់​នៅ​ប្រទេស​អង់គ្លេស ពោល​គឺ​ក្នុង​សាលា Brooke House College នឹង​ទៅ​ទស្សនាការ​ប្រកួត​ផ្ទាល់​លើ​ទីលាន Old Trafford នៅ​រាត្រី​ថ្ងៃ​សៅរ៍ ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៥​នេះ​ ក្នុង​ការ​ប្រកួត​រវាង​ក្រុម​ម្ចាស់ផ្ទះ Manchester United ជាមួយ​ក្រុម West Bromwich Albion វេលា​ម៉ោង​១០​យប់​(​ម៉ោង​នៅ​កម្ពុជា​) ក្នុង​វគ្គ​សន្សំ​ពិន្ទុ​នៃ​ពានរង្វាន់​បាល់ទាត់​លី​ក​កំពូល​អង់គ្លេស (Barclays Premier League)។


កីឡាករ​ដែល​ស្វាយរៀង​បាន​បញ្ជូន​កីឡាករ​ទាំង​៨​នាក់​ដែល​មាន​ឈ្មោះ​ចេញទៅ​ហ្វឹកហាត់​លើ​ទឹកដី​ប្រទេស​ល្បី​ខាង​បាល់ទាត់​នៅ​តំបន់​អឺរ៉ុប​មួយ​នេះ​មាន​កីឡាករ អឿន ប៊ី​លី​, ផន ភា​រ៉ា​, ឡាយ រស្មី​, គ​ន្ធា រ៉ា​វ៉ាន់​, គឹម ហាប់​, អោម ឧ​ត្ត​ម​, អ៊ុក វ៉ាន់​ណេ និង​ទេព វា​នា​កុមារ​ពិទូរ្យ ក្រោម​ការដឹកនាំ​ពី​សំណាក់​លោក សុក វាសនា និង​លោក សំអែល ណា​សា អតីត​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា។​


លោក សុក វាសនា គ្រូ​បង្វឹក​ក្រុម​យុវជន​របស់​ក្លិប​ស្វាយរៀង​អែ​ហ្វ​ស៊ី ដែល​កំពុងតែ​ស្នាក់នៅ​និង​ហ្វឹកហាត់​នៅ​ប្រទេស​អង់គ្លេស​រយៈពេល​ជាង​២​សប្ដាហ៍​បាន​ប្រាប់​ថា «​ជំទាវ ជុំ ស្រី​ទូច នាយក​ក្រុមហ៊ុន RTV Tours បាន​ចេញថ្លៃ​សំបុត្រ​ចូល​ទស្សនា​ឲ្យ​យើង​ទាំង​អស់​គ្នា​បាន​ចូល​មើល​ការ​ប្រកួត​របស់​ក្រុម​លំដាប់​ពិភពលោក​មួយ​នេះ​»។


លោក​បាន​បន្ថែម​ទៀត​ថា ការ​ហ្វឹកហាត់​នៅ​ទីនោះ​មាន​ទាំង​ហ្វឹកហាត់​លើ​ទីលាន​ផង និង​ហ្វឹក​ហាត់​ជា​ទ្រឹស្ដី​ផង ដោយមាន​បែងចែក​កាលវិភាគ​ត្រឹមត្រូវ។ ប៉ុន្តែ​កូន​ក្រុម​របស់​លោក​ជួប​បញ្ហា​មួយ​ចំនួន​ដូចជា បញ្ហា​អាកាសធាតុ​ត្រជាក់​ខ្លាំង និង​កម្លាំង​នៅ​ខ្សោយ។


យោង​តាម​ប្រភព​មកពី​ក្លិប​ស្វាយរៀង​អែ​ហ្វ​ស៊ី​បាន​លើក​ឡើង​ថា ក្រុម​ទាំងមូល​នឹង​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥​ខាងមុខ បន្ទាប់ពី​បញ្ចប់​ការ​ហ្វឹកហាត់​រួមគ្នា​នៅ​ទី​នោះ​រយៈពេល​ជាង​២​សប្ដាហ៍​រួចមក។


ការ​ហ្វឹកហាត់​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​សាលា Brooke House College ដែល​មាន​ទីតាំង​ក្នុង​ទីក្រុង Leicester ប្រទេស​អង់គ្លេស។​

សម្រាប់​គម្រោង​ស្នើសុំ​ទៅ​ហ្វឹកហាត់​នៅ​ខាង​អង់គ្លេស គឺ​តាមរយៈ​ក្រុមហ៊ុន​RTV Tours ដែល​មាន​កូនប្រុស​របស់​លោក​ជំទាវ ស៊ុយ សុផាន់ ​ឈ្មោះ តាន់ រិទ្ធី​វិវឌ្ឍន៍។ រិទ្ធី​វិវឌ្ឍន៍ ជា​យុវជន​ថ្នាល​ស្វាយរៀង ហើយ​គេ​កំពុង​សិក្សា ​និង​ហ្វឹកហាត់​នៅ​ទីនោះ ព្រមទាំង​ហ្វឹកហាត់​ផង​បាន​ស្នើសុំ​ទៅ​សាលា​ដើម្បី​នាំ​មិត្ត​រួម​ក្រុម​ទៅ​ហ្វឹកហាត់​តែម្ដង។​ នេះ​ជា​ការ​បណ្ដុះបណ្ដាល​ធនធាន​កីឡាករ​កម្រិត​អន្តរជាតិ​របស់​ក្លិប​ស្វាយរៀង​អែ​ហ្វ​ស៊ី ក្រោម​ការ​ជួយ​ជ្រោមជ្រែង​យ៉ាងសកម្ម​ពី​ឯកឧត្ដម ឌី វិជ្ជា ជា​ប្រធាន ខណៈ​នៅ​កម្ពុជា​មិន​ទាន់មាន​ក្លិប​ណា​បញ្ជូន​កីឡាករ​ទៅ​ហ្វឹកហាត់​នៅ​តំបន់​អឺរ៉ុប​ឡើយ​នា​ពេល​កន្លង​មក៕


 




កីឡាករ​ស្វាយរៀង​ កំពុង​ហ្វឹកហាត់​នៅ​អង់គ្លេស ​និង​ចូល​ទស្សនា​ប្រកួត​រវាង Man Utd ជាមួយ West Brom នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ​

Post a Comment

0 Comments

Close Menu