ពោធិ៍សាត់ ៖ ឃាតករសម្លាប់មនុស្សដល់ទៅ២នាក់នៅឯខេត្តស្ទឹងត្រែង ដែលបានព្យាយាមគេចខ្លួនបានជិតមួយឆ្នាំមិនទាំងហ៊ាននៅក្នុងស្រុកភូមិខ្លួនឯង ទៅរស់នៅឯស្រុកតំបន់ព្រៃភ្នំ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ យ៉ាងប្រកិតនិងក្ដៅគគុករហូតតុលាការចេញអនុវត្តដីកាឲ្យនគរបាលយុត្តិធម៌តាមចាប់ខ្លួនទាន់តែបាន ដើម្បីបញ្ជូនឃាតករនេះទៅខេត្តស្ទឹងត្រែងវិញ ដើម្បីធ្វើការកាត់ទោស។
ការស្រាវជ្រាវស៊ើបអង្កេតស៊ីជម្រៅរបស់មន្ត្រីជំនាញតាមចាប់ខ្លួនបាន គឺកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងភូមិឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោក ស៊ឹង សុភ័ក្រ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តពោធិ៍សាត់ បានប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៤ ក្នុងភូមិឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង ឃាតករម្នាក់ដែលរស់នៅខេត្តពោធិ៍សាត់ បានកាប់សម្លាប់មនុស្សប្រុស២នាក់ យកសពទៅដាក់ទូកផ្កាប់ពន្លិច ខណៈដែលពួកគេទៅធ្វើកម្មករក្រុមហ៊ុនវារីអគ្គិសនីសេសា២ ពេលផឹកស៊ីស្រវឹងទាស់សំដីគ្នា។
លោក សុភ័ក្រ បន្តថា ក្រោយពីជនដៃដល់សម្លាប់រួចក៏បានគេចខ្លួនរហូត ស្របពេលដែលសមត្ថកិច្ចបើកការស៊ើបអង្កេតដ៏ក្ដៅគគុក រហូតដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ កម្លាំងនគរបាលព្រហ្មទណ្ឌការិយាល័យកម្រិតធ្ងន់ខេត្តស្ទឹងត្រែង បានកំណត់អត្តសញ្ញាណសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តពោធិ៍សាត់ ចុះដល់ទីតាំងរបស់ជនដៃដល់ ដែលលាក់ខ្លួនរស់នៅតំបន់នេះ។
លោកក៏បានពន្យល់ទៀតថា ភ្ជាប់ជាមួយនឹងដីការបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្ទឹងត្រែ ឲ្យចាប់ខ្លួនដែលជំនាញនគរបាលខេត្តស្ទឹងត្រែង យកមកជាមួយទៀត យើងក៏បានសហការជាមួយសមត្ថកិច្ចមូលដ្ឋានធ្វើការចាប់ខ្លួន ជនដៃដល់ឈ្មោះ តុន មឿន អាយុ២៥ឆ្នាំដែលមានទីលំនៅពិតប្រាកដនៅភូមិអូស្រាវ ឃុំព្រងឹល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ហើយបាន មកលាក់ខ្លួនរស់នៅភូមិឃុំប្រម៉ោយនេះ ដោយខាងជំនាញនគរបាលព្រហ្មទណ្ឌខេត្តស្ទឹងត្រែងនាំខ្លួនជនដៃដល់នេះទៅកាន់ ខេត្តកើតហេតុវិញដើម្បីកាត់ទោសជននេះដាក់ទោសតាមផ្លូវច្បាប់។
លោក ងិន លីម អ្នកឆ្លើយឆ្លងព័ត៌មានកាសែតកម្ពុជាថ្មីនៅខេត្តស្ទឹងត្រែងបានឲ្យដឹងនៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះថា ជនសង្ស័យជាឃាតករសម្លាប់មនុស្សក្នុងអំឡុងខែមីនា ឆ្នាំ២០១៤ នៅភួមិឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង ត្រូវចាប់បាននៅខេត្តពោធិ៍សាត់នោះ ខាងនគរបាលយុត្តិធម៌ ផ្នែកព្រហ្មទណ្ឌបានយកមកដល់ខេត្តស្ទឹងត្រែងហើយ៕
ឃាតករសម្លាប់មនុស្ស២នាក់នៅខេត្តស្ទឹងត្រែងអំឡុងឆ្នាំ២០១៤គេចខ្លួននោះគឺចាប់បាននៅខេត្តពោធិ៍សាត់ហើយ
0 Comments