ភ្នំពេញ ៖ ផ្ទះសាងសង់អំពីឈើប្រក់ស័ង្កសីចំនួន១១ខ្នងក្នុងតំបន់មិនរៀបរយមួយត្រូវបានអគ្គីភ័យឆាបឆេះអស់ក្លាយជាផេះផង់ ក្នុងខណៈដែលម្ចាស់ផ្ទះមួយនោះបានដេកលង់លក់ពេលថ្ងៃ ហើយត្រូវភ្លើងឆេះទាំងមិនដឹងខ្លួន និង បន្តការឆាបឆេះរាលដាលយ៉ាងពេញបន្ទុកនោះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្នុងហេតុការណ៍អាក្រក់នេះមិនបានធ្វើឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ។
ហេតុការណ៍អាក្រក់នេះ បានកើតមានឡើងកាលពីរសៀល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង១៦ និង ៣០នាទីនៅផ្ទះដែលជាសំណង់មិនរៀបរយ ស្ថិតតាមបណ្តោយផ្លូវរថភ្លើង ជាប់តំបន់អភិវឌ្ឍន៍បឹងកក់ ក្រុម៥៤ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
តាមការអះអាងរបស់អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ផ្ទះដែលបង្កឲ្យមានការឆាបឆេះនេះត្រូវបានគេស្គាល់ឈ្មោះតួ នី ភេទ ស្រី អាយុប្រមាណជាង៣០ឆ្នាំ មុខរបរបម្រើការងារនៅក្នុងខារ៉ាអូខេ ស្នាក់នៅកន្លែងកើតហេតុខាងលើ។
មន្ត្រីមូលដ្ឋានរូបនោះបន្តថា នៅមុនពេលកើតហេតុគេបានឃើញអណ្តាតភ្លើងឆាបឆេះចេញពីផ្ទះរបស់ឈ្មោះតួ នី គឺក្នុងខណៈពេលដែលស្ត្រីម្នាក់នេះកំពុងតែដេកនៅក្នុងបន្ទប់ ដោយឃើញអណ្តាតភ្លើងឆាបឆេះបែបនេះប្រជាពលរដ្ឋក្បែរខាងក៏បាននាំគ្នាទៅគោះទ្វារអោយម្ចាស់ផ្ទះបានដឹង ប៉ុន្តែអ្វីៗវាបានហួសពេលទៅហើយ ពោលគឺភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅទៅហើយ និង បានបន្តឆេះអស់ផ្ទះប្រជាពលរដ្ឋក្បែរខាងអស់ជាច្រើនគ្រឿងទៀត។
មន្ត្រីប៉ូលិសបានឲ្យដឹងថា ក្នុងហេតុការណ៍នេះបានប្រើប្រាស់រថយន្តអគ្គីភ័យចំនួន២០គ្រឿងជួយបាញ់ពន្លត់ និង បានប្រើប្រាស់ពេលវេលាប្រមាណជិតមួយម៉ោង ទើបភ្លើងអាចគ្រប់គ្រងបាន។
ប៉ុន្តែផ្ទះចំនួន១១ខ្នងត្រូវភ្លើងឆាបឆេះអស់ ហើយចំពោះមូលហេតុនៃការឆាបឆេះនេះត្រូវបានសមត្ថកិច្ចសន្និដ្ឋានជាជំហានដំបូងថា ផ្តើមឡើងពីការទុស្សេខ្សែភ្លើង ក្នុងខណៈដែលម្ចាស់ផ្ទះដេកលង់លក់។ ក្នុងហេតុការណ៍នេះគេក៏បានឃើញលោកឯក ឃុនដឿន អភិបាលខណ្ឌទួលគោកដឹកនាំមន្ត្រីរបស់ខ្លួនទៅអន្តរាគមន៍ជួយប្រជាពលរដ្ឋដល់កន្លែងកើតហេតុផងដែរ៕
ដេកលង់លក់ពេលថ្ងៃ ភ្លើងឆាបឆេះមិនដឹងខ្លួនរាលដាលអស់១១ខ្នងនៅក្នុងសំណង់មិនរៀបរយ
0 Comments