Ad Code

ទស្សនា​វីដេអូ​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ចោរ​នៅ​ផ្ទះ​ជាង​កាត់​សក់​សម្ដេច​នាយករដ្ឋមន្ត្រី

កំពង់ស្ពឺ ៖ ​កាល​ពី​វេលា​ម៉ោង​១៨​និង​៥០​នាទី​ព្រលប់​ថ្ងៃ​ទី​២៨ ​ខែ​វិច្ឆិកា ​​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ​ក្រោយ​ពី​ទទួល​ព័ត៌មាន​បឋម​ថា​ក្រុម​សមត្ថកិច្ច​ ​​​​កំពុង​បាញ់​តប​ត​​ជាមួយ​ក្រុម​ចោរ​​​​​​​ ដែល​កំពុង​ធ្វើ​សកម្មភាព​ប្លន់​នៅ​ផ្ទះ​ជាង​កាត់​សក់​សម្ដេច​នាយករដ្ឋមន្ត្រី​នៅ​ចំណុច​ផ្សារ​វត្ត​អង្គ​ ស្ថិត​ក្នុង​ស្រុក​គងពិសី ​ខេត្ត​កំពង់ស្ពឺ។ ប៉ុន្តែ​ក្រោយ​ពី​សមត្ថកិច្ច​ចុះ​មក​ព្រោងព្រាត​ ហើយ​ចូល​ឆែកឆេរ​ផ្ទះ​នោះ​រួច​មក ​ពុំ​មាន​បាន​ឃើញ​ក្រុម​ចោរ​សូម្បី​តែម្នាក់ ពោល​គឺ​ឃើញ​ថា​កូន​ម្ចាស់​ផ្ទះ​​ម្នាក់​ប៉ុណ្ណោះ ដោយ​​គេ​បាន​អះអាង​ថា​ក្រុម​ចោរ​បាន​រត់​គេច​បាត់​​អស់​ហើយ ​ហើយ​​ក្រោយ​សាកសួរ​មក​ទើប​ដឹង​ថា​ជា​ករណី​លួច​ មិន​មែន​ជា​ករណី​ប្លន់​ឡើយ។


ចំពោះ​ហេតុការណ៍​ខាង​លើ​នេះ ​​ក្រោយ​ពី​​ទទួល​បាន​ព័ត៌មាន​ភ្លាម ​អ្នក​សារព័ត៌មាន​យើង​បាន​ចុះ​ទៅ​ទីតាំង​នោះ​ នៅ​ម៉ោង​ប្រមាណ​៧​ព្រលប់​ថ្ងៃ​ដដែល​នេះ ​ប៉ុន្តែ​សមត្ថកិច្ច​មិន​ទាន់​អនុញ្ញាត​ឲ្យ​​​​​ចូល​ផ្ដិត​យក​រូបភាព និង​ព័ត៌មាន​ទេ ដោយសារ​ខ្លាច​គ្រោះថ្នាក់​ដល់​ជីវិត។


លុះ​នៅ​វេលា​ម៉ោង​១៩ និង​២០​នាទី​​ថ្ងៃ​ដដែល​នោះ​ សមត្ថកិច្ច​ ក៏​ដូច​កម្លាំង​ការពារ​សន្តិសុខ​ទាំង​អស់​ ដោយ​មាន​​បទ​បញ្ជា​ពី​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ធំៗ​ផង ​បាន​ឡោមព័ទ្ធ​ផ្ទះ​កើតហេតុ​នោះ ហើយ​​ករណី​នេះ​ត្រូវ​បាន​គេ​អះអាង​ថា​មាន​ការផ្ទុះអាវុធតែ៣គ្រាប់​ទេ ប៉ុន្តែ​មាន​ការ​រាយការណ៍​មក​ថា​បាញ់​ច្រើន​គ្រាប់។


ក្រោយ​មក​អ្នក​យក​ព័ត៌មាន​យើង​បាន​ជួប​ជាមួយ​​ម្ចាស់​ផ្ទះ​ឈ្មោះ​បាន​បញ្ជាក់​ហេតុការណ៍​ច្បាស់លាស់​​ថា ​ចំពោះ​ហេតុការណ៍​នេះ គាត់​អត់​នៅ​ក្នុង​ផ្ទះ​ទេ ​​ប៉ុន្តែ​នៅ​ពេល​ដែល​ផ្ទុះ​អាវុធ​នោះ​ គឺ​មាន​កូន​គាត់​ម្នាក់ ពូន​នៅ​ក្រោម​គ្រែ ​ហើយ​កូន​គាត់​បាន​Message ទៅ​ប្រាប់​ថា មាន​មនុស្ស​ចូល​ផ្ទះ​ ពេល​គាត់​​​ទៅដល់​ផ្ទះ​ ក៏​មាន​ការ​បាញ់​​ចេញ​ពី​ក្នុង​ផ្ទះ​គាត់ ​ប៉ុន្តែ​មិន​ដឹង​ជា​បាញ់​ស្អី។ ចំណែក​ ក្មេង​វិញ​កំពុង​ពូន​នៅ​ក្រោម​គ្រែ​នៅឡើយ​​ ហើយ​មុខសញ្ញា​ក៏​មិនទាន់​ដឹង​នៅឡើយ​ទេ។


ក្រោយ​មក​នៅ​វេលា​ម៉ោង​១៩​និង​៤៥​នាទី​យប់​ថ្ងៃ​ដដែល​នេះ​​ ​លោក​មាន សំណាង អធិការ​នគរបាល​ស្រុក​អង្គស្នួល​បាន​ដឹកនាំ​កម្លាំង​ត្រៀម​ចូល​ឆែកឆេរ ប៉ុន្តែ​ពេល​នោះ​កម្លាំង​នគរបាល​ទាំងអស់​មិនទាន់​សម្រេច​ចូល​ឆែកឆេរ​ទេ ដោយសារ​នៅផ្ទះ​កើតហេតុ​កំពុង​មាន​ភាព​ងងឹត។ ដូច្នេះ​កម្លាំង​កំពុង​ត្រៀម​ធ្វើការ​ឆែកឆេរ ដោយ​ប្រើ​កម្លាំង​ពិសេស។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ស្រុក​គងពិសី​ ប៉ុន្តែ​ខាង​អធិការ​នគរបាល​ស្រុក​អង្គស្នួល​បាន​ចុះ​មក​សហការ​ជាមួយ​ស្នងការ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ក៏ដូចជា មេបញ្ជាការ​គ្រប់​ជាន់ថ្នាក់​ទាំងអស់ ​ដើម្បី​បង្ក្រាប​ករណី​នេះ។


ក្រោយ​មក​ទៀត​​​​​នៅ​​ម៉ោង​​ប្រមាណ​២០​និង​១០​នាទី​យប់​ថ្ងៃ​ដដែល​នេះ ​សមត្ថកិច្ច​កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​បាន​ចូល​ឆែកឆេរ​ផ្ទះ​​កើតហេតុ​នោះ​​គ្រប់​បន្ទប់​ទាំង​អស់​​ ​ដោយ​បាន​រំដោះ​​កូន​ម្ចាស់​ផ្ទះ​​ ​តែ​ពុំ​បាន​ឃើញ​អ្វី​ទាំង​អស់ ​គឺ​ឃើញ​តែ​ការ​រុះរើ​ឥវ៉ាន់​នៅ​ក្នុង​ផ្ទះ​នោះ​ប៉ុណ្ណោះ។ លុះ​នៅ​វេលា​ម៉ោង​២០​និង​១៦​នាទី​​យប់​ថ្ងៃ​ដដែល​នោះ​ ​លោក​ឧត្ដមសេនីយ៍ទោ ​សុខ ខេមរិន្ទ​ ប្រធាន​នាយកដ្ឋាន​ក្រសួង​មហាផ្ទៃ​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ។

ពាក់ព័ន្ធ​នឹង​ករណី​ខាង​លើ​នេះ​ដែរ ​ក្រុម​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ​​ការ​ផ្ទុះ​អាវុធ​នោះ ​​គឺ​ខាង​សមត្ថកិច្ច​ជា​អ្នក​ផ្ទុះ​​ ​​មិន​មែន​ផ្ទុះ​បាញ់​តប​ត​ជាមួយ​ជនល្មើស​ឡើយ ​គឺ​ផ្ទុះ​ដើម្បី​គំរាម​ដល់​ជនល្មើស។ លុះ​ពេល​ចូល​ដល់​ផ្ទះ​កើតហេតុ ​សមត្ថកិច្ច​បាន​រំដោះ​កូន​ម្ចាស់​ផ្ទះ​ ដោយ​គេ​បាន​អះអាង​ថា ​ក្រុម​ចោរ​បាន​រត់​រួច​មុន​​ហ្នឹង​​យូរ​ហើយ ​​ប៉ុន្តែ​សមត្ថកិច្ច​អត់​ហ៊ាន​ចូល ដោយសារ​ផ្ទះ​នោះ​ងងឹត ​ហើយ​កូន​ម្ចាស់​ផ្ទះ​មាន​ភាព​ភ័យ​ខ្លាច​​ថា​ចោរ​នៅ​ក្នុង​ផ្ទះ​របស់​គេ ​ដល់​ពេល​សមត្ថកិច្ច​ចុះ​មក​ដល់​ទើប​ដឹង​ថា​ក្រុម​ចោរ​បាន​រត់​គេច​បាត់​អស់​យូរ​ហើយ។


ក្រោយ​ពី​ចុះ​ឆែកឆេរ​ និង​សាកសួរ​កូន​ម្ចាស់​ផ្ទះ​រួច​មក ​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ​ករណី​នេះ​ជា​ករណី​លួច ​មិនមែន​ជា​ករណី​ប្លន់​ទេ ​តែ​កូន​ម្ចាស់​ផ្ទះ​ទាន់​ពេល​ក្រុម​ចោរ​កំពុង​ធ្វើ​សកម្មភាព​នោះ ​​ក៏​បាន​រត់​ទៅ​បិទ​ទ្វារ​ចាក់​សោ​ខ្ទាស់​​ពី​ក្នុង​ ហើយ​ខល​ប្រាប់​ទៅ​ដល់​ក្រុម​សមត្ថកិច្ច​ ក៏​ដូច​ប្រជាពលរដ្ឋ​នៅ​ផ្សារ​វត្ត​អង្គ ​​ឆ្លៀត​ក្នុង​ឱកាស​នោះ​ក្រុម​ចោរ​​​បាន​​កាត់​របង​ខាង​ក្រោយ​រត់​ចេញ​ទៅ​បាត់។ ដំបូង​ឡើយ​ករណី​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ជុំ​វិញ​នោះ​ពិព័រណ៍​ថា ​ជា​ករណី​ប្លន់​ ហើយ​មាន​ការ​ផ្ទុះ​អាវុធ ​ប៉ុន្តែ​តាម​ពិត​ជា​ការ​ផ្ទុះ​អាវុធ​ខាង​សមត្ថកិច្ច​ដើម្បី​ការពារ​ ការ​ធ្វើ​បាប​ដល់​ជន​រងគ្រោះ​ពី​សំណាក់​ក្រុម​ចោរ​ប៉ុណ្ណោះ។


ចំពោះ​ករណី​នេះ​ដែរ ​ម្ចាស់​ផ្ទះ​បាន​អះអាង​ថា ពុំ​មាន​បាត់​បង់​អ្វី​នោះ​ទេ ​គ្រាន់​តែ​បាត់​កាំភ្លើង​១​ដើម​ម៉ាក​ប៉េអាតា ​ប៉ុន្តែ​សមត្ថកិច្ច​កំពុង​តាមដាន​ហើយ​រឿង​នេះ ​ដោយសារ​តែ​ក្រោយ​កើតហេតុ​​ប្រហែល​១៥​នាទី ​សមត្ថកិច្ច​បាន​ព័ទ្ធ​ជុំវិញ​លំនៅដ្ឋាន​នោះ ​ដោយ​មាន​អធិការ​នគរបាល​ស្រុក​អង្គស្នួល ​លោក​មាន​សំណាង ​ដឹកនាំ​កម្លាំង​ឆ្មក់​ចូល ​តាម​បទ​បញ្ជា​របស់​លោក​ឧត្ដមសេនីយ៍ទោ ​អ៊ីវ ចំរើន ​​និង​មាន​ការ​​ដឹកនាំ​កម្លាំង​ដោយ​ក្រសួងមហាផ្ទៃ ក្នុង​នោះ​មាន​លោក​ឧត្ដមសេនីយ៍ទោ​ សុខ ខេមរិន្ទ​ ​ព្រម​ទាំង​លោក​ឧត្ដមសេនីយ៍ត្រី​ ជូ សារុន​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ​លោក​ឧត្ដមសេនីយ៍ត្រី ​កែវ ពិសី ​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ សុទ្ធ​តែ​ដឹកនាំ​កម្លាំង​ចុះ​មក​ផ្ទាល់។


ហេតុការណ៍​ខាង​លើ​នេះ​បាន​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​​ដល់​ប្រជាពលរដ្ឋ ​ក៏​ដូច​សមត្ថកិច្ច​​​ចម្រុះ​ចុះ​មក​ព្រោងព្រាត ​​ដើម្បី​បង្ក្រាប​ក្រុម​ចោរ ​​ប៉ុន្តែ​វា​មិន​មាន​សភាព​​ខ្លាំងក្លា ​ដូច​ការ​ភ្ញាក់ផ្អើល​ឡើយ ​ហើយ​ជា​ករណី​លួច ​ដែល​ក្រុម​ចោរ​​បាន​រត់​បាត់​អស់​ទៀត។ ចំណែក​ទ្រព្យសម្បត្តិ​ក៏​គ្មាន​បាត់បង់​ដែរ ​គ្រាន់​តែ​ឃើញ​មាន​ការ​រើ​កកាយ​ឥវ៉ាន់ ​និង​បាត់​កាំភ្លើង​របស់​ម្ចាស់​ផ្ទះ​១ដើម​ប៉ុណ្ណោះ។ ប៉ុន្តែ​បើ​យើង​ក្រឡេក​មើល​ពេល​​​ចូល​ប្រតិបត្តិការ​​ឆែកឆេរ​ផ្ទះ​កើតហេតុ​នោះ​ដំបូង​វិញ​ គឺ​​ដូច​ទៅ​នឹង​ការ​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​អីចឹង ​តែ​នេះ​ជា​រឿង​ប្រតិបត្តិការ​ជាក់ស្ដែង ​​និង​​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ពេល​ចុះ​ឆែកឆេរ ​មិន​មែន​ជា​ការ​ថត​កុន​ឡើយ។ ដើម្បី​ឲ្យ​កាន់​តែ​ជាក់​ច្បាស់​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​ទាំង​អស់​គ្នា!៕



M28-11-15-x5


M28-11-15-x4


M28-11-15-x3


M28-11-15-x2


M28-11-15-x1


M28-11-15-x


M28-11-15-w8


M28-11-15-w7


M28-11-15-w6


M28-11-15-w5


M28-11-15-w3


M28-11-15-w2



ទស្សនា​វីដេអូ​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ចោរ​នៅ​ផ្ទះ​ជាង​កាត់​សក់​សម្ដេច​នាយករដ្ឋមន្ត្រី

Post a Comment

0 Comments

Close Menu