Ad Code

ក្រុមប្រឹក្សា​ ស្នើ​ឲ្យ​រដ្ឋបាល​ខណ្ឌ​ជួយ​ដោះស្រាយ​ផ្លូវ និង​រណ្ដៅ​ដី​ដែល​ជីក​លើស​ពី​តម្រូវការ​

ភ្នំពេញ ៖ សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ព្រែក​ព្នៅ​ ស្នើ​ឲ្យ​រដ្ឋបាល​ខណ្ឌ​ជួយ​ដោះស្រាយ​ផ្លូវ​ចាស់ ​ដែល​មាន​ទទឹង​ត្រឹម​៤​ម៉ែត្រ និង​បណ្ដោយ​ជាង​២០០​ម៉ែត្រ​ឲ្យ​បាន​ផ្លូវ​ទទឹង​៨​ម៉ែត្រ​តាម​ការ​សំណូមពរ​ដែល​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​សំរោង សង្កាត់​សំរោង​ចង់បាន និង​ទី​២​សុំ​ផ្អាក​រណ្ដៅ​ដី​នៅ​ក្នុង​វត្ត​ប្រសិទ្ធី​រី​មា​រាម ក្នុង​សង្កា​ត់ព​ន្សាំ​ង​ ដែល​ជីក​លើស​ពី​តម្រូវការ។


ក្នុង​ការ​ស្នើ​សុំ​នេះ​ដែរ សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​បាន​លើក​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៨ អាណត្តិ​ទី​២ របស់​ក្រុមប្រឹក្សា នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៥​នេះ នៅ​សាលា​ខណ្ឌ​ព្រែក​ព្នៅ​អំពី​ប្រជាពលរដ្ឋ​ពួកគាត់​បាន​លើក​ឡើង​អំពី​ផ្លូវ​ចាស់​ដែល​មាន​ត្រឹម​ទទឹង​៤​ម៉ែត្រ និង​បណ្ដោយ​ជាង​២០០​ឲ្យ​បាន​ផ្លូវ​ទទឹង​៨​ម៉ែត្រ​តាម​ការ​សំណូមពរ​ដែល​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​សំរោង សង្កាត់​សំរោង ចង់បាន និង​ទី​២​សុំ​ផ្អាក​រណ្ដៅ​ដី​នៅ​ក្នុង​វត្ត​ប្រសិទ្ធី រី​មា​រាម ដែល​ជីក​លើស​ពី​តម្រូវការ​ទាំង​ជម្រៅ​ និង​ទំហំ​ចូល​ដី​ប្រជាពលរដ្ឋ។

ឆ្លើយតប​ទៅ​នឹង​សំណើ​នេះ​ លោក​ យ៉ិ​ន អ៊ី​ម ចៅសង្កាត់​សំរោង​បាន​លើក​ឡើង​ថា ផ្លូវ​ដែល​ប្រជាពលរដ្ឋ​ស្នើ​សុំ​នោះ បើ​តាម​សេ​អី ​ផ្លូវ​នោះ​មានតែ​ទទឹង​៤​ម៉ែត្រ និង​បណ្ដោយ​ជាង​២០០​ម៉ែត្រ​ប៉ុណ្ណោះ តែ​បើ​តាម​លោក​ចុះទៅ​សម្រុះសម្រួល​ជាមួយ​ម្ចាស់​ស្រៈ​ដែល​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​កន្លង​ទៅ​នោះ គេ​ព្រម​ចំណាយ​ឲ្យ​កាត់​ដី​២​ម៉ែត្រ​របស់​គេ​ឲ្យ​បាន​ផ្លូវ​នោះ​ទៅជា​ទទឹង​៦​ម៉ែត្រ តែ​បើ​ឲ្យ​គេ​កាត់​ដី​របស់​គេ​៤​ម៉ែត្រ​នោះ​ ដើម្បី​បាន​ផ្លូវ​ទទឹង​៨​ម៉ែត្រ គឺ​គេ​មិន​យល់ព្រម​ឡើយ​ទៅតាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​នោះ​ឡើយ។


ក្នុង​ខណៈ​នោះ​ដែរ​ លោកស្រី​ ឌី សា​រៀម ចៅសង្កាត់​ព​ន្សាំ​ង​ក៏បាន​លើក​ឡើង​ដែរ​ថា ស្រៈ​ដែល​ប្រជាពលរដ្ឋ​តវ៉ា​មិន​ឲ្យ​ក្រុមហ៊ុន​ជីក​បន្ថែម​ ព្រោះ​វា​មាន​ជម្រៅ និង​ទំហំ​លើស​ពី​ការ​គ្រោងទុក​នោះ គឺ​លោកស្រី​បាន​ទៅប្រាប់​ម្ចាស់​អាជីវកម្ម​ហើយ ដើម្បី​កុំ​ឲ្យ​ជីក​បន្ត​ទៀត។


នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក សុខ សម្បតិ អភិបាល​ នៃ​គណៈ​អភិបាលខណ្ឌ​ព្រែក​ព្នៅ​បាន​មាន​ប្រសាសន៍​ថា ការ​ដោះស្រាយ​ផ្លូវ​ក្នុង​ភូមិ​សំរោង សង្កាត់​សំរោង និង​ការ​សុំ​ផ្អាក​រណ្ដៅ​ដី​នៅ​ក្នុង​វត្ត​ប្រសិទ្ធី​រី​មា​រាម ដែល​ជីក​លើស​ពី​តម្រូវការ​នោះ​ លោក​មិនទាន់​បាន​ទទួល​ព័ត៌មាន​ពី​សង្កាត់​ទាំង​២​នោះ​ឡើយ ហើយ​ចាប់ពីពេលនេះ​ទៅ​ លោក​នឹង​ជំរុញ​ការងារ​នេះ​ឲ្យ​បាន​ឆាប់ តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​


លោក​បន្ត​ថា តាម​បណ្ដា​សង្កាត់​ទាំងអស់ ​ត្រូវតែ​ផ្តល់​ព័ត៌មាន ​បើទោះជា​រឿង​នោះ​តូច​ក៏ដោយ​ ធំ​ក៏ដោយ ​មិន​ត្រូវ​ទុក្ខ​ដោះស្រាយ​តែ​ត្រឹម​សង្កាត់ ហើយ​ដោះស្រាយ​មិន​ចេញ​ទើប​រុញ​ឲ្យ​ខណ្ឌ​នោះ​ទេ ត្រូវតែ​រាយការណ៍​ទាំងអស់។


ជា​ចុងក្រោយ​ លោក​ក៏បាន​លើក​ទិសដៅ និង​វិធានការ ដល់​អង្គប្រជុំ ត្រូវ​ខិតខំ យក​ចិត្ត​ទុក​ដាក់ រួម​គិត រួម​ពិនិត្យ រួម​ធ្វើ​ឲ្យ​ល្អ​លើ​គ្រប់​វិស័យ​ក្នុង​ខណ្ឌ​របស់​យើង​ដើម្បី​អនុវត្ត​តាម​គោល​នយោបាយ​ចតុកោណ​ដំណាក់កាល​ទី​២ និង​ទី​៣​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សព្វថ្ងៃ​នេះ បាន​និង​កំពុង​ដឹកនាំ​នាវា​កម្ពុជា​លើ​មាគ៌ា​អភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ​នោះ៕
Pisey-2015-11-27-full-F5




ក្រុមប្រឹក្សា​ ស្នើ​ឲ្យ​រដ្ឋបាល​ខណ្ឌ​ជួយ​ដោះស្រាយ​ផ្លូវ និង​រណ្ដៅ​ដី​ដែល​ជីក​លើស​ពី​តម្រូវការ​

Post a Comment

0 Comments

Close Menu