Ad Code

បុរស​ម្នាក់​ត្រូវ​គេ​ដឹក​យក​មក​បោះចោល​ នៅ​ទំនប់​កប់​ស្រូវ​ បាន​ប៉ូលិស​ប៉ុស្តិ៍​ឃ្មួញ​ជួយសង្គ្រោះ​

ភ្នំពេញ ៖ បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​សន្លប់​ស្តូក ​នៅ​លើ​ផ្លូវ​ទំនប់​កប់​ស្រូវ ត្រង់​ស្ថានីយ​បូមទឹក ​ស្ថិត​ក្នុងភូមិ​អន្លង់​ក្ងាន​ សង្កាត់​ឃ្មួញ​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ   កាលពី​វេលា​ព្រឹក​ថ្ងៃទី៦​ ខែវិច្ឆិកា ឆ្នាំ២០១៥​ ដែល​គេ​សន្និដ្ឋាន​ថា អាច​មាន​ជន​ខិល​ខូច​ដាក់​ថ្នាំ​សណ្ដំ ដើម្បី​លួច​យក​ទ្រព្យសម្បត្តិ ហើយ​ដឹក​យក​មក​បោះចោល​ នៅ​ទីនេះ​ស្មាន​តែ​ស្លាប់។


លោក អនុសេនីយ៍ទោ ញាណ នន នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ឃ្មួញ​ បាន​មាន​ប្រសាសន៍ ឲ្យ​ដឹង​នៅ​វេលា​ម៉ោង​៨​និង​៥០​នាទី​មុន​នេះ​ថា មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ដឹក​យក​មក​ទម្លាក់​ចោល​ នៅ​ទី​នៅ​ក្បែរ​ស្ពាន​ស្ថានីយ​បូមទឹក​ផ្លូវ​ទំនប់​កប់​ស្រូវ​ក្នុង​សង្កាត់​ឃ្មួញ នៅ​វេលា​ម៉ោង​ប្រហែល​៥​កន្លះ​ព្រឹក​មិញ​នេះ ប៉ុន្តែ​ត្រូវ​បាន កង​កម្លាំង​របស់​លោក បាន​ដឹក​យក​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ជីវិត ជាបន្ទាន់ ហើយ​តាម​ប្រសាសន៍​របស់​លោក​ បាន​ឲ្យ​ដឹង​ថា ស្ថាន​ភាព​អាការៈ​របស់​ជនរងគ្រោះ​មាន​សភាព​ធ្ងន់ធ្ងរ​នៅ​ឡើយ មិនទាន់​ដងខ្លួន​ទេ ហើយ​យោង​តាម​ការ តាម​ត្រួតពិនិត្យ​នៅ​លើ​ដងខ្លួន​របស់​ជនរងគ្រោះ​គ្មាន​ស្លាកស្នាម​របួស​អ្វី​នោះ​ទេ ដូច្នេះ​វា​អាច​ជា​ករណី​ ត្រូវ​គេ​ដាក់​ថ្នាំ​សណ្ដំ យក​ទ្រព្យសម្បត្តិ នៅ​កន្លែង​ស្ងាត់​ណាមួយ​រួច​ដឹក​ជនរងគ្រោះ​បោះ​ចោល​តែម្តង។


លោក នាយ​ប៉ុស្តិ៍​រូប​នេះ​បាន​ប្រាប់​ថា នៅពេល​ជនរងគ្រោះ​ដឹងខ្លួន​ទើប​អាច​ដង​រឿងរ៉ាវ​ច្បាស់​ថា តើ​នរណា​ជា​ជន​ល្មើស​ពិតប្រាកដ​នោះ? ៕


 



បុរស​ម្នាក់​ត្រូវ​គេ​ដឹក​យក​មក​បោះចោល​ នៅ​ទំនប់​កប់​ស្រូវ​ បាន​ប៉ូលិស​ប៉ុស្តិ៍​ឃ្មួញ​ជួយសង្គ្រោះ​

Post a Comment

0 Comments

Close Menu