កំពង់ឆ្នាំង ៖ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក ចេង ញ៉ាន់ អភិបាលរងខេត្តកំពង់ឆ្នាំង លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានធ្វើដំណើរចុះពិនិត្យម៉ាស៊ីនបូមទឹកនៅអាងស្តុបទឹករោងដំរី និងទំនប់ភេ ស្ថិតក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ក្នុងខេត្តកំពង់ឆ្នាំង។
លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបានឲ្យដឹងថា វិធានការណ៍សង្គ្រោះបន្ទាន់នេះ គឺមន្ទីរធនធានទឹកបន្តបូមទឹកបញ្ចូលទំនប់អាងស្តុបទឹកក្នុងស្រុកចំនួន៤ នៃខេត្តកំពង់ឆ្នាំង គឺស្រុកជលគិរី ស្រុករលាប្អៀរ ស្រុកកំពង់ត្រឡាច និងស្រុកកំពង់លែង។
រហូតមកដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ សម្រាប់ខេត្តកំពង់ឆ្នាំង មន្ទីរធនធានទឹកបានបញ្ជូនម៉ាស៊ីនធំចំនួន២២គ្រឿង ក្នុងនោះម៉ាស៊ីនរបស់ក្រសួងចំនួន៨គ្រឿង រួមនឹងម៉ាស៊ីនតូចៗចំនួនជាង១០០គ្រឿងទៀត កំពុងធ្វើសកម្មភាពភាពបូមទឹកទន្លេចូលក្នុងអាងស្តុបទឹកដើម្បីត្រៀមសង្គ្រោះស្រូវប្រាំងប្រជាពលរដ្ឋទាន់ពេលវេលា។
អភិបាលរងខេត្តកំពង់ឆ្នាំង លោក ចេង ញ៉ាន់ បានមានប្រសាសន៍ថា ដោយយោងទៅលើស្ថានភាពឆ្នាំ២០១៥នេះ ទឹកតូចមិនលិចខ្នងកោះ និងហូរចូលក្នុងអាងស្តុបទឹកនានា ចាំបាច់ក្រុមការងាររបស់មន្ទីរធនធានទឹក និងអាជ្ញាធរខេត្តមានវិធានការណ៍បន្ទាន់បញ្ជូនម៉ាស៊ីនបូមទឹកឲ្យទាន់ពេលវេលា ហើយនៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ នឹងបញ្ជូនម៉ាស៊ីនបូមទឹកចំនួន១គ្រឿងទៀតទៅកាន់ស្រុកកំពង់លែង។
កន្លងទៅ មន្ទីរធនធានទឹកបានបញ្ជូនម៉ាស៊ីនបូមទឹកចំនួន១១គ្រឿងហើយ ដើម្បីបូមទឹកបញ្ចូលអាងស្តុបទឹកនោះ មានអាងស្តុបទឹកកៀនដា ទំនប់កាត់ក្បាល ទំនប់ត្រីពោធិ៍ ទំនប់ដីក្រហម ទំនប់ខ្លាក្រាប ទំនប់ថ្មី ដែលអាងទឹកទាំងនេះស្ថិតក្នុងឃុំជលសារ និងឃុំកោះថ្កូវ ស្រុកជលគិរី ដោយឡែកស្រុកកំពង់ត្រឡាចមានទំនប់អាងទឹកស្តីទ្រេត និងទំនប់៣ទៀត ស្ថិតក្នុងឃុំអំពិលទឹក ក្នុងស្រុករលាប្អៀរ ទំនប់ភេ និងទំនប់ រោងដំរី។ មន្ទីរធនធានទឹកនឹងបន្ថែមម៉ាស៊ីនចំនួន១៣គ្រឿងទៀត សម្រាប់ស្រុកជលគិរី៤គ្រឿងបូមទឹកបញ្ចូលអាងស្តុបទឹកតាកុយ និង៩គ្រឿងសម្រាប់បូមទឹកបញ្ចូលអាងស្តុបទឹកក្នុងស្រុកកំពង់លែង៕
ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមបូមទឹកបញ្ចូលអាងស្តុបទឹកត្រៀមសង្គ្រោះស្រូវប្រាំងក្នុងខេត្តកំពង់ឆ្នាំង
0 Comments