ភ្នំពេញ ៖ អ្នកបើករថយន្តឲ្យមន្ត្រីគយម្នាក់បានលួចយករថយន្តម្ចាស់ឯងយកទៅបញ្ចាំអស់មួយគ្រឿង លេងចាញ់អស់ទៅយកមួយគ្រឿងទៀត តែត្រូវម្ចាស់ដឹងប្ដឹងប៉ូលិសឲ្យឃាត់ខ្លួន ខណៈយករថយន្តទីពីរទៅបញ្ចាំ ដើម្បីយកលុយទៅលេងល្បែងបន្ត។ កាចាប់ឃាត់ខ្លួនអ្នកបើកឡានឲ្យមន្ត្រីគយនេះបានធ្វើឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥នៅតាមផ្លូវ២០៨កែងនឹងផ្លូវព្រះមុនីវង្ស សង្កាត់បឹងព្រលឹត ខណ្ឌមករា។
សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តឲ្យមន្ត្រីគយម្នាក់ថ្លើមធំហ៊ានលួចរថយន្តម្ចាស់យកទៅបញ្ចាំដោយសារចាញ់ល្បែងនេះ ឈ្មោះ សេង ប៊ុនធី ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិអ្នកតាស្នឹងខ ឃុំអ្នកតាស្នឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
សមត្ថកិច្ចបន្តថា កាលពីម៉ោង១២និង២០នាទីថ្ងៃត្រង់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅផ្ទះវីឡារបស់មន្ត្រីគយ លេខ៤១១ ផ្លូវ២០៩ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ជនសង្ស័យ ឈ្មោះ សេង ប៊ុនធី ជាអ្នកបើកបររថយន្តឲ្យមន្ត្រីគយបានលួចយករថយន្តមួយគ្រឿង ម៉ាកតូយ៉ូតា កូរ៉ូឡា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខភ្នំពេញ 2K-2627 បានយកទៅបញ្ចាំនៅ NaGa Wold បានប្រាក់ចំនួន៨ពាន់ដុល្លារយកទៅលេងល្បែងចាញ់អស់។ បន្ទាប់មកជននេះមិនអស់ចិត្តលួចយករថយន្តមួយគ្រឿងទៀត ម៉ាកតូយ៉ូតាស៊ីណា ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AE-0270 បម្រុងយកទៅបញ្ចាំមួយគ្រឿងទៀតក៏ត្រូវម្ចាស់ដឹងទាន់ប្ដឹងឲ្យសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន ខណៈដែលជនសង្ស័យកំពុងជិះរថយន្តយកទៅបញ្ចាំនៅតាមផ្លូវ២០៨កែងនឹងផ្លូវព្រះមុនីវង្ស។
ក្រោយពីឃាត់ខ្លួនជនសង្ស័យបានសារភាពថា ខ្លួនគេពិតជាបានលួចយករថយន្តថៅកែដែលជាមន្ត្រីគយយកទៅបញ្ចាំអស់មួយគ្រឿងពិតប្រាកដមែន ហើយលើកទី២បម្រុងយកទៅទៀតក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ មូលហេតុដោយសារគេចាញ់អស់ លួចយកទៅលើកនេះគេសង្ឃឹមថា អាចស្រង់ដើមយកលុយលួសឡានយកឲ្យថៅកែវិញ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌ៧មករា សាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
រស់នៅយូរស្គាល់ចិត្តបែកគំនិតលួចរថយន្តម្ចាស់ទៅបញ្ចាំលេងល្បែង ត្រូវប៉ូលិសឃាត់ខ្លួន
0 Comments