Ad Code

រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​ជប៉ុន​ត្រូវ​បាន​ជ្រើសតាំង​ជា​តំណាង​ឲ្យ​ប្រទេស​អាស៊ី​ទាំង​២១​ក្នុង​កិច្ច​ប្រជុំ “​អាស៊ី​-​អឺរ៉ុប​”

ភ្នំពេញ ​៖ តាម​ការ​អញ្ជើញ​របស់​លោកជំទាវ ហ្វេ​ដេ​រី​កា ម៉ូ​ហ្គេ​រី​នី (Federica Mogherini) តំណាង​ជាន់​ខ្ពស់ និង​ជា​អនុប្រធាន​នៃ​គណៈកម្មការ​អឺរ៉ុប និង​ឯកឧត្តម ហ្ស​ង់ អា​សេល​ប៊​ន (Jean Asselborn) រដ្ឋ​មន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប​នៃ​ប្រទេស​លុចហ្សំបួរ (Luxembourg) ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ី​-​អឺរ៉ុប​លើក​ទី​១២ (The 12th Asia-Europe Foreign Ministers’ Meeting – ASEM FMM 12) ក្រោម​ប្រធានបទ “​ធ្វើការ​រួមគ្នា​ ដើម្បី​អនាគត​ប្រកបដោយ​ចីរភាព និង​សន្តិសុខ​” ចាប់ពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ប្រទេស​លុចហ្សំបួរ ហើយ​នៅក្នុង​កិច្ចប្រជុំ​នោះ រដ្ឋ​មន្ត្រី​ការបរទេស​កម្ពុជា និង​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​ត្រូវ​បាន​ជ្រើសតាំង​ជា​តំណាង​ឲ្យ​ប្រទេស​អាស៊ី​ទាំង​២១ ដែល​ជា​សមាជិក​នៅក្នុង​កិច្ចប្រជុំ​។​


​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប (ASEM) ជា​វេទិកា​ដ៏​សំខាន់​មួយ សំរាប់​ការសន្ទនា​នយោបាយ កិច្ចសហ​ប្រតិបត្តិ​ការ​សេដ្ឋកិច្ច ហើយ​និង​ការផ្លាស់ប្ដូរ​វប្បធម៌ និង​សង្គម រវាង​អាស៊ី​- អឺរ៉ុប​។ ក្នុង​ឋានៈ​ជា​វាគ្មិន​នាំមុខ ឯក​ឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​ថ្លែង​បទ​អន្តរាគមន៍​នៅក្នុង​កិច្ចប្រជុំ​ពេញអង្គ​ក្រោម​ប្រធានបទ “​ការផ្លាស់ប្ដូរ​អាកាសធាតុ របៀបវារៈ​ឆ្នាំ​២០៣០ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ហើយ​និង​ការកាត់បន្ថយ និង​ការគ្រប់គ្រង​ហានិភ័យ​គ្រោះមហន្តរាយ​“ នៅ​ថ្ងៃទី​០៥ ខែវិច្ឆិកា ហើយ​ក្នុង​នោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ការប្រែប្រួល​អាកាសធាតុ​បាន​ក្លាយ​ជា​ការ​ប្រឈម​ដ៏​ធំ​បំផុត​មួយ​របស់​មនុស្សជាតិ​។ យើង​បានឃើញ​មានការ​ផ្លាស់ប្ដូរ​អាកាស​ធាតុ​យ៉ាង​ខ្លាំង ការ​កើន​ឡើង​នៃ​កម្ពស់​ទឹកសមុទ្រ ការ​ធ្លាក់​ភ្លៀង​ច្រើន​លើស​លុប ទឹកជំនន់​ដែល​មិន​ធ្លាប់​មាន ភាព​រាំងស្ងួត និង​ការ​រញ្ជួយ​ដី​សឹងតែ​ជា​រៀងរាល់ថ្ងៃ​ដែល​បាន​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី​សកល​។ ការវិវត្តន៍​ទាំងនេះ​បាន​បំផ្លិចបំផ្លាញ​មនុស្ស និង​បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ស្បៀង ហើយ​និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​ក៏ដូចជា​បរិស្ថាន និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​។


ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​លើក​ឡើង​ទៀត​ថា ខណៈ​ពេល​ដែល​បណ្ដា​ប្រទេស​ឧស្សាហកម្ម​បាន​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ក្នុង​បរិមាណ​ដ៏​ច្រើន​បំផុត ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​ពឹង​ផ្អែក​ជា​ចំបង​លើ​វិស័យ​កសិកម្ម និង​ធនធានធម្មជាតិ​បាន​ទទួល​រង​ដោយ​វិសម​មាត្រ​នូវ​បន្ទុក​នៃ​ផល​ប៉ះពាល់​អវិជ្ជមាន​ពី​ការប្រែប្រួល​អាកាសធាតុ និង​បាន​ក្លាយជា​ជនរងគ្រោះ​ដំបូង​នៃ​ការ​ថយចុះ​ផ្នែក​បរិស្ថាន ថ្វី​ត្បិត​ពួកគេ​បាន​បញ្ចេញ​នូវ​សារធាតុ​កាបូនឌីអុកស៊ីត​ក្នុង​បរិមាណ​តិចតួច​ក៏​ដោយ​។ ដូច​យើង​បានដឹង​ហើយ បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​បាន​ទទួលរង​ខ្លាំង​ជាង​គេ​នូវ​ផល​ប៉ះពាល់​អវិជ្ជ​មាន​នៃ​ការប្រែប្រួល​អាកាសធាតុ​ដោយ​សមត្ថភាព​របស់​ប្រទេស​ទាំងនោះ​ក្នុង ការ​ឆ្លើយ​តប​ទៅ​នឹង​ផល​ប៉ះពាល់​នេះ​នៅ​មាន​កម្រិត​។ ដូចនេះ​បណ្ដា​ប្រទេស​ទាំងនោះ​ត្រូវការ ការ​គាំទ្រ​ផ្នែក​ស្ថាប័ន បច្ចេកទេស និង​ហិរញ្ញវត្ថុ​ពី​សហគមន៍​អន្តរជាតិ​សម្រាប់​ការកាត់បន្ថយ និង​ការ​បន្សាំ​ជាមួយ​ការប្រែ​ប្រួល​អាកាសធាតុ​។



ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បញ្ជាក់​ថា នៅ​អាស៊ីអាគ្នេយ៍ ការប្រែប្រួល​អាកាសធាតុ​បាន​ក្លាយជា​គ្រោះ​មហន្តរាយ​ធំ​មួយ​។ ក្នុង​ឋានៈ​ជា​សមាជិក​អាស៊ាន កម្ពុជា​បាន​គាំទ្រ “​សេចក្ដីថ្លែងការណ៍​រប​ស់​ថ្នាក់ដឹកនាំ​អាស៊ាន​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ​ក្នុង​ឆ្នាំ​២០១៤” ដែល​បាន​អំពាវនាវ​ឲ្យ “​ពង្រឹង​សម​ត្ថភាព ឆ្លើយតប​ឆាប់រហ័ស​របស់​អាស៊ាន ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព និង​សកម្ម​ជាង​មុន​ក្នុង​ពេល​មាន គ្រោះមហន្តរាយ​ធម្មជាតិ​តាមរយៈ​យន្តការ​ដែល​មាន​ក្នុង​កិច្ចព្រមព្រៀង​អាស៊ាន​ស្ដីពី​ការ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ការ​ឆ្លើយ​តប​បន្ទាន់ ហើយ​និង​ប្ដេជ្ញា​ចិត្ត​អនុវត្ត​តាម​សម័យប្រជុំ​លើក​ទី​២១​នៃ​ភាគី​សន្និសីទ​នៅ​ទីក្រុង​ប៉ារីស​សម្រាប់​រយៈកាល​ក្រោយ​ឆ្នាំ​២០២០” ។ ក៏​ដូចគ្នា​ដែរ​បណ្ដា​ប្រទេស​នៅ​តាម​ដង​ទន្លេមេគង្គ​ក៏​ងាយ​រងគ្រោះ​ចំពោះ​ការប្រែប្រួល អាកាសធាតុ​ដែរ​។ ពួកគេ​បាន​បង្កើត​ឡើង​នូវ​យន្តការ​សហប្រតិបត្តិ​ការ​ជាមួយនឹង​ដៃគូ​អភិវឌ្ឍ សំខាន់ៗ​មួយចំនួន​ដូចជា កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ជប៉ុន កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​កូរ៉េ កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឥណ្ឌា គំនិត​ផ្ដួចផ្ដើម​មេគង្គ​ក្រោម​មេគង្គ​-​អាមេរិក ហើយ​និង​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ចិន​ថ្មីៗ​នេះ​។ ក្របខណ្ឌ​កិច្ច​សហប្រតិបត្តិការ​ទាំ​ង​នេះ​មាន​គោលបំណង កាត់បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​របស់​ការប្រែប្រួល​អា​កាសធាតុ​ក្នុង​អនុ​តំបន់មេគង្គ​។​



កម្ពុជា​បាន​អនុម័ត​នៅ​ឆ្នាំ​១៩៩៦ នូវ​អនុសញ្ញា​ក្របខណ្ឌ​អង្គការសហប្រជាជាតិ​ស្ដីពី​ការ ប្រែប្រួល​អាកាសធាតុ​។ នាយករដ្ឋមន្ត្រី​របស់​យើងខ្ញុំ ស​មេ្ត​ច​តេ​ជោ ហ៊ុន សែន ក្នុង​ឋានៈ​ជា​ប្រធាន​គណៈកម្មា​ធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​អនុម័ត​ថ្មីៗ​នេះ​នូវ​ផែនការ​យុទ្ធ​- សាស្ត្រ​របស់​កម្ពុជា​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ ឆ្នាំ​២០១៤-២០១៨ ដែល​ជា​ឯកសារ នយោបាយ​ជាតិ​ទូលំទូលាយ​លើក​ដំបូង​របស់​ប្រទេស​យើងខ្ញុំ​។ ផែនការ​យុទ្ធសាស្ត្រ​នេះ​គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះ​ទៅ​រក​ការ​ធ្វើ​សមាហរណកម្ម​កា​រ​ប្រែប្រួល​អាកាសធាតុ​ទៅ​ក្នុ្ង​ង​ផែនការ​អភិវឌ្ឍន៍​យុទ្ធសាស្ត្រ​ជាតិ​ឆ្នាំ​២០១៤-២០១៨​។



ក្នុង​ន័យ​នេះ ផែនការ​យុទ្ធសាស្ត្រ​របស់​កម្ពុជា​ឆ្លើយតប​ដោយ​ប្រសិទ្ធភាព ចំពោះ ”​គោល​- ដៅ​ទី​១៣” នៃ​របៀបវារៈ​សម្រាប់​​កិច្ច​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០៣០ ដែល​បាន​អំពាវនាវ​ឲ្យ​ “​ធ្វើ​សមា​ហ​រណកម្ម​វិធានការ​ប្រែប្រួល​អាកាសធាតុ​ទៅ​ក្នុង​នយោបាយ យុទ្ធសាស្ត្រ និង​ផែនការ​ជាតិ ហើយ​និង​កែលំអ​ការអប់រំ ការ​លើកកម្ពស់​ ការ​យ​ល់​ដឹង ហើយ​និង​សមត្ថភាព​របស់​ស្ថាប័ន និង​មនុស្ស​ក្នុង​ការ​កាត់បន្ថយ ការ​បន្សាំ ការ​បន្ថយ​ផល​ប៉ះពាល់ និង​ការ​ជូន​ព័ត៌មាន​ឆាប់​រហ័ស អំពី​ការប្រែប្រួល​អាកា​ស​ធាតុ​”​។ ម្យ៉ាងទៀត​កម្ពុជា​ក៏បាន​អនុម័ត យុទ្ធសាស្ត្រ​បរិស្ថាន​ជាតិ និង​ផែនការ​សកម្មភាព​មួយ ដែ​ល​ជា​វិធានការ​មួយ​ផ្សេងទៀត ដើម្បី​សម្រេច​បាន​កិច្ច​អភិវឌ្ឍន៍​កំណើន​បៃតង​ប្រកបដោយ​ចី​រភាព​របស់​ខ្លួន​។ យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​នេះ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ធនាគារ​អភិវឌ្ឍ​ន៍អាស៊ី ក្នុង ”​កម្មវិធី​បរិស្ថាន​ស្នូល​មហា​អនុ​តំបន់​មេគង្គ​“។​



ការប្រែប្រួល​អាកាសធាតុ​គឺជា​ការ​ដាស់​ស្មារតី ដែល​រំលឹក​យើង​ថា វា​ជា​តំរូវការ​បន្ទាន់​ក្នុង ការ​ចាត់​វិធាន​ការ និង​ធ្វើ​សកម្មភាព​ឲ្យ​បានជា​ក់លាក់​។ យើង​ចំ​បាច់​ត្រូវ​ផ្លាស់ប្ដូរ​ឥរិយាបថ​ក្នុង​ការ​គិតគូរ និង​ការអនុវត្ត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំ​ងនឹង​ការប្រែប្រួល​អាកាសធាតុ ហើយ​និង​ផលវិបាក​របស់​វា​នៅ​ពាស​ពេញ​ពិភពលោក​។ បើ​មិន​ដូច្នេះ​ទេ​ខ្ញុំ​ជឿ​ជាក់​ថា មនុស្ស​ជំនាន់​ក្រោយ​នឹង​ទទួលរង​ផលវិបាក​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​ពី​កំណើន​កម្ដៅ​ពិភពលោក​ដែល​មាន​ភាព​កាន់តែ​អាក្រក់​ទៅ​ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ដូចនេះ​ខុសប្លែក​ពី​សម័យប្រជុំ​លើក​មុន​នៃ​ភាគី​សន្និសីទ​ដែល​បាន​លើក​ឡើង​នូវ​ការសន្យា និង​ការ​ប្តេជ្ញា​ចិត្ត​ជាច្រើន ក៏ប៉ុន្តែ​ជា​អកុសល​មិនបាន​អនុវត្ត កម្ពុជា​ទន្ទឹង​ចាំ​ដោយ​ក្តី​អន្ទះសា ចំពោះ​សន្និ​សីទ​លើក​ទី​២១​នៃ​ភាគី​របស់​អនុសញ្ញា​ក្របខណ្ឌ​របស់​អង្គការសហប្រជាជាតិ​ស្ដីពី ការប្រែប្រួល​អា​កាសធាតុ​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ទីក្រុង​ប៉ារីស​ក្នុង​ខែក្រោយ​ថា​នឹង​សម្រេច​បាន​លទ្ធផល​ដែល​មាន​លក្ខណៈ​បង្ខំ​ឲ្យ​អនុវត្ត (binding) ស្របតាម​គោលការណ៍ “​ការ​ទទួល​ខុសត្រូវ​រួម ប៉ុន្តែ​មាន​ភាព​ផ្សេងៗ​គ្នា​” ដើម្បី​ដោះស្រាយ​ដោយ​ប្រសិទ្ធភាព​ចំពោះ​ការ​គំរាម កំហែង​ជា​សកល​របស់​ការប្រែប្រួល​អាកា​ស​ធាតុ និង​ផល​ប៉ះពាល់​នានា​មក​លើ​សុខុមាលភាព ប្រជាពលរដ្ឋ​។​



នៅក្នុង​កិច្ចប្រជុំ​នោះ​ដែរ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បាន​ថ្លែង​សុន្ទរកថា នៅក្នុង​កិច្ចប្រជុំ​មិន​ចំហ (Retreat Session) ផង​ដែរ​។ ក្នុង​ឱកាស​ចូលរួម​កិច្ចប្រជុំ​នេះ​តាម​សំណើសុំ​របស់​ភាគី​មិត្ត ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ហោ ណាំហុង បាន​ជួប​ទ្វេភាគី​ជាមួយ រដ្ឋមន្ត្រីការបរទេស​ហូ​ឡង់ រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី អនុរដ្ឋមន្ត្រី​ការបរទេស​ប៉ូឡូញ និង​អគ្គលេខាធិការ​ក្រសួងការបរទេស​អេស​តូ​នី ហើយ​ការ​ពិភាក្សា​បាន​ផ្ដោត​សំខាន់​ទៅលើ​ការ​ពង្រឹង​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី ហើយ​និង​ការផ្លាស់ប្ដូរ​យោបល់​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​មួយចំនួន​៕


7-11-2015a2


7-11-2015a




រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​ជប៉ុន​ត្រូវ​បាន​ជ្រើសតាំង​ជា​តំណាង​ឲ្យ​ប្រទេស​អាស៊ី​ទាំង​២១​ក្នុង​កិច្ច​ប្រជុំ “​អាស៊ី​-​អឺរ៉ុប​”

Post a Comment

0 Comments

Close Menu