Ad Code

ព្រះរាជអាជ្ញា​បរាជ័យ​ជា​លើក​ទី​២​ក្នុង​ការ​អនុវត្ត​សាលដីកា​ស្ថាពរ​នៃ​តុលាការ​កំពូល​យក​ដី​ពី​អ្នកមាន​ឲ្យ​រាស្ត្រ​

ភ្នំពេញ ៖ ​លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញា​រង​អម​តុលាការ​ក្រុង​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​០៤ ខែ​​វិច្ឆិកា ឆ្នាំ​២០១៥​បាន​បរាជ័យ​ម្ដងទៀត​នៅក្នុង​ការដឹកនាំ​គណៈកម្មការ​អនុវត្ត​មួយ ដែលមាន​ភារកិច្ច​ចុះ​អនុវត្ត​សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល​កាត់​ដី​ទំហំ​ជាង​បី​ហិកតា ស្ថិតនៅ​ភូមិ​វាល​ស្បូវ ភូមិ​ក្ដី​តា​កុយ សង្កាត់ វាល​ស្បូវ ខណ្ឌ​ច្បា​អំពៅ ពី​ក្រុមហ៊ុន​ផានអ៊ីម៉ិច​ទៅ​ឲ្យ​ប្រជាពលរដ្ឋ ​ដែលជា​ម្ចាស់​ដី។


ការ​បរាជ័យ​ក្នុងការ​អនុត្ត​នេះ​ដោយសារ​មានការ​ជំទាស់ ពី​លោកស្រី ស៊ុយ សុផាន និង​តតិយជន ​ដែល​ប៉ះពាល់​ផល​ប្រយោជន៍​​នៅ​លើ​ផ្ទៃដី​មាន​ទំនាស់។


ដំបូង​ឡើយ​គណៈកម្មការ​បាន​អាន​សាល​ដីកា​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ស្ដាប់ និង​អនុញ្ញាតឲ្យ​ម្ចាស់បំណុល​នៃ​ការអនុវត្ត ធ្វើការ​ចង្អុលបង្ហាញ​ទីតាំង​តាម​ប័ណ្ណ កម្មសិទ្ធិ ​ដែល​សាលដីកា​សម្រេច ប៉ុន្តែ​ត្រូវបាន​តតិយជន​គឺ​ក្រុមហ៊ុន​សំណង់​លំនៅស្ថាន​វាល​ស្បូវ​តវ៉ា​មិន​ឲ្យ​មានការ​វាស់វែង តាម​ការចង្អុលបង្ហាញ​របស់​អ្នក​ឈ្នះក្ដី​គឺ​លោក​អៀរ សេងហួរ និង​លោកស្រី លឹម វណ្ណា ឡើយ។ ព្រោះ​ប៉ះពាល់​ដល់​ដី​ក្រុមហ៊ុន​ដែលមាន​ប័ណ្ណ​កម្មសិទ្ធិ​ត្រឹមត្រូវ និង​បាន​ទទួល​បាន​អាជ្ញាប័ណ្ណ​សាងសង់​បុរី។ ជាពិសេស​ភាគី​ខាង​លោកស្រី ស៊ុយ សុផាន បាន​ស្នើ​ឲ្យ​អនុវត្ត​តែ​លើដី​ដែល​តុលាការ​កំពូល​សម្រេច​ តាម​ប័ណ្ណ​ដែល​អ្នកឈ្នះ​ក្ដី​កាន់កាប់។


ក្រោយពី​បាន​ពិនិត្យ​លើ​ការ​តវ៉ា​ដ៏​តឹងតែង​នេះ គណៈកម្មការ​បាន​ថយ​មក​ពិភាក្សា​គ្នា​ម្ដងទៀត ហើយក៏​បាន​សម្រេច​ផ្អាក​ការអនុវត្ត​ជា​បណ្ដោះអាសន្ន ដើម្បី​​បង្កើត​គណៈកម្មការ​ចម្រុះ​ធ្វើការ​វាស់វែង​លើ​ទីតាំង​ជាក់ស្ដែង ដោយមាន​ការចូលរួម​ពី​មន្ត្រី​សុរិយោដី និង​គ្រប់​ភាគី​ពាក់ព័ន្ធ តាម​ប័ណ្ណ​កម្ម​សិទ្ធិ ​ដែល​បាន​សម្រេច​ក្នុង​សាលដីកា​របស់​តុលាការ​កំពូល និង​ធ្វើ​ការ​បោះ​បង្គោល​ព្រំ​ប្រគល់​ឲ្យ​ម្ចាស់បំណុល​នៃ​ការអនុវត្ត​គ្រប់គ្រង​តាមច្បាប់៕
M5-12-15-a



ព្រះរាជអាជ្ញា​បរាជ័យ​ជា​លើក​ទី​២​ក្នុង​ការ​អនុវត្ត​សាលដីកា​ស្ថាពរ​នៃ​តុលាការ​កំពូល​យក​ដី​ពី​អ្នកមាន​ឲ្យ​រាស្ត្រ​

Post a Comment

0 Comments

Close Menu