Ad Code

អង្គការ​សុខភាព​ពិភពលោក​ បាន​អំពាវនាវ​ឱ្យមាន​ការប្រយុទ្ធប្រឆាំង​ទៅនឹង​ជំងឺ​ បង្កដោយ​អាហារ​កខ្វក់​

អង្គការ​សុខភាព​ពិភពលោក (WHO) បានឱ្យដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​៖ យ៉ាងហោចណាស់​មាន​មនុស្ស ៦០០ លាន​នាក់ ឬ ម្នាក់ ក្នុងចំណោម ១០ នាក់ នៅ​ទូទាំង​ពិភពលោក​បាន​ធ្លាក់ខ្លួន​ឈឺ ដោយសារតែ​អាហារ​កខ្វក់​ជា​រៀងរាល់ឆ្នាំ ហើយ​មាន​មនុស្ស​ជាង ៤២០,០០០ នាក់​បាន​ស្លាប់ ដោយ​ក្នុងនោះ​ភាគច្រើន​គឺ​កូនក្មេង​។​


​ជា​លើកដំបូង នៅ​ទូទាំង​ពិភពលោក សម្រាប់​ការប៉ាន់ស្មាន​នៃ​ការបង្ការ​ជំងឺ​បង្កដោយ​ម្ហូបអាហារ ដែល​ការរាយការណ៍​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល និង​ឧស្សាហកម្ម ធ្វើការ​កែលម្អ ត្រួតពិនិត្យ ហើយ​ពិនិត្យ​ទៅលើ​ខ្សែសង្វាក់​ម្ហូបអាហារ ដែល​បានមកពី​ទីវាល ទៅកាន់​ភូមិដ្ឋាន ចូលក្នុង​រោងចក្រ រហូតមកដល់​លើ​ចាន​។​


​ជំងឺ​បង្កដោយ​ម្ហូបអាហារ បាន​បង្កឡើង​ដោយ​បាក់តេរី​ដូចជា បាក់តេរី salmonella មេរោគ ប៉ារ៉ា​ស៊ីត ជាតិពុល និង​សារ​ធាតុគីមី ហើយ​ភាគច្រើន​បណ្តាល​អោយមាន​រោគសញ្ញា​បណ្តោះអាសន្ន​ដូចជា ក្អួតចង្អោរ និង​រាករូស ។​

​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​បានឱ្យដឹងថា ប៉ុន្ដែ​ពួកវា​ក៏​អាច​បង្ក​ឱ្យ​អ្នកមាន​ជំងឺ​ក្នុង​រយៈពេល​វែង រួមទាំង​ធ្វើឱ្យមាន​ជំងឺមហារីក​តម្រងនោម ឬ​ខ្សោយ​ថ្លើម ជំងឺ​ខួរក្បាល ជំងឺឆ្កួតជ្រូក​និង​ជំងឺ​រលាក​សន្លាក់។​


បណ្ឌិត Kazuaki Miyagishima ប្រធាន​នាយកដ្ឋាន​អង្គការ WHO ផ្នែក​សុវត្ថិភាព​ម្ហូបអាហារ​បាន​ប្រាប់​សន្និសីទកាសែត​មួយ​ថា​៖ “​ទិន្នន័យ ដែល​បាន​បោះ​ពុ​ម្ពផ្សាយ​គឺ​គ្រាន់តែ​ជាការ​ប៉ាន់ប្រមាណ យើង​ដឹងថា តួលេខ​ពិតប្រាកដ​គឺ​ធំ​ជាង​នេះ​”។​

​ក្រៅពី​ការប៉ាន់ប្រមាណ​ពី​ទំហំ​នៃ​ការ​ចម្លងរោគ​នោះ របាយការណ៍​នេះ​ក៏បាន​សម្លឹងមើល​ទៅលើ​វិធីសាស្ត្រ ដែល​ស្បៀងអាហារ​ត្រូវបាន​ជួញដូរ និង​លក់​ចេញ​។​


​ផ្នែក​មួយ​នៃ​បញ្ហា​នេះ អាចមកពី​ការធ្វើ​ពាណិជ្ជកម្ម​ជាស​កល នៅក្នុង​ផ្នែក​អាហារ ហើយ Miyagishima បាន​និយាយថា​៖ “​ប្រសិនបើ​មាន​ប្រទេស​ណាមួយ មាន​សុវត្ថិភាព​ផ្នែក​ម្ហូបអាហារ​ទន់ខ្សោយ ហើយ​ស្បៀង​អាហារ​របស់​ប្រទេស​នេះ ត្រូវបាន​នាំចេញ​ទៅ​ឱ្យ​ប្រទេស​ដទៃទៀត នោះ​វា​បាន​ក្លាយទៅជា​ខ្សែ​សង្វាក់​នៃ​ភាពទន់ខ្សោយ​មួយ នៅក្នុង​ប្រព័ន្ធ​ផលិតកម្ម​ស្បៀងអាហារ​ទាំងមូល​”​។​


​លោក​វេជ្ជបណ្ឌិត Arie Hendrik Havelaar អ្នក​ជំនាញ​របស់​សាកលវិទ្យាល័យ Florida បាន​និយាយថា​៖ “​វា​ជាការ​ល្អប្រសើរ​ជាង​មុន ដើម្បី​វិនិយោគ​ទៅលើ​ការបណ្តុះបណ្តាល និង​ការអប់រំ​ទៅកាន់​អ្នកលក់​នៅតាម​ចិញ្ចើមផ្លូវ ជាជាង​ការ​ព្យាយាម​បំបាត់​ពួកគេ​”​។ “​នោះ​នឹង​ក្លាយជា​យុទ្ធ​សាស្ត្រ​ដ៏​សំខាន់​មួយ សម្រាប់​ប្រទេស​ជាច្រើន នៅ​ក្នុង​ពិភពលោក ដើម្បី​ធ្វើឱ្យមាន​ភាពប្រសើរឡើង​នូវ​ស្ថានភាព​សុវត្ថិភាព​ស្បៀងអាហារ​”​។​

​នេះ​ជា​ចំនួន​ដ៏​ខ្ពស់បំផុត​នៃ​ករណី ដែល​បាន​កើត​មានឡើង នៅក្នុង​ចំណោម​អ្នកស្លាប់ និង​អ្នកក្រីក្រ​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ ប៉ុន្តែ​សហរដ្ឋអាមេរិក និង​អឺរ៉ុប​ក៏មាន​ការផ្ទុះ​ឡើង​នៃ​ចំនួន​អ្នកស្លាប់​ផងដែរ។​


Havelaar ប្រធាន​នៃ​ក្រុម​អ្នកវិទ្យាសាស្ដ្រ ១៥០ នាក់ ដែល​បាន​អនុវត្ត​ការស្រាវជ្រាវ​សម្រាប់​របាយ​ការណ៍​នេះ បាន​និយាយថា​៖ “​លទ្ធផល​របស់​យើង​បាន​បង្ហាញថា បញ្ហា​ដ៏​ធំ​បំផុត​គឺ​កើតមាន​នៅក្នុង​ទ្វីបអាហ្វ្រិក និង​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​មាន​អត្រា​ការស្លាប់​ខ្ពស់បំផុត រួមទាំង​កុមារ ដែលមាន​អាយុ​ក្រោម​ប្រាំ​ឆ្នាំ​”។​

WHO បាន​និយាយថា កុមារ​ក្រោម​អាយុ ៥ ឆ្នាំ​មាន​ចំនួន ៤០ ភាគរយ​នៃ ៦០០ លាន​ករណី នៃ​ជំងឺ​បង្កដោយ​ម្ហូបអាហារ នៅ​ទូទាំង​ពិភពលោក​ក្នុង​មួយឆ្នាំ ហើយ​មាន ១២៥,០០០ នាក់​ក្នុងចំណោម​ជាង ៤២០,០០០ នាក់ ឬ ៣០ ភាគរយ​បាន​ស្លាប់។​

​កុមារ​ពិតជា​ងាយ​រងគ្រោះ​ដោយ​ជំងឺ​រាករូស ដែលជា​ញឹកញាប់​បង្កឡើង​ដោយ​ការបរិភោគ​សាច់​ឆៅ ឬ​ស៊ុត ក៏ដូចជា​ទឹកដោះគោ ផលិតផល​ស្រស់ និង​ផលិតផល ដែលមាន​បញ្ហា​ដោយ​ភាពកខ្វក់​។​


​នៅ​ទ្វីបអាហ្វ្រិក ​មាន​មនុស្ស​ស្លាប់​ច្រើន​បំផុត ត្រូវបាន​បង្កឡើង​ដោយ​បាក់តេរី salmonella ព្រូន​ទំពក់​ក្នុង​សាច់ជ្រូក cyanide ក្នុង​ដំឡូង​មី និង​អេ​ផ្លា​តុកស៊ីន ដែល​បាន​ផលិត​ដោយ​ផ្សិត​គីមី​មាន​ដុះ​នៅលើ​គ្រាប់​ធញ្ញជាតិ ដែល​បាន​រក្សាទុក​មិន​ត្រឹមត្រូវ ឬ​នៅលើ​ពោត​។​

WHO បាន​និយាយថា រដ្ឋាភិបាល​ត្រូវតែ​បណ្តាក់​ទុន​កាន់តែច្រើន​នៅក្នុង​ម្ហូបអាហារ បណ្តុះ​បណ្តាល​អ្នក​ផលិត អ្នកផ្គត់ផ្គង់ និង​សាធារណជន​៕



អង្គការ​សុខភាព​ពិភពលោក​ បាន​អំពាវនាវ​ឱ្យមាន​ការប្រយុទ្ធប្រឆាំង​ទៅនឹង​ជំងឺ​ បង្កដោយ​អាហារ​កខ្វក់​

Post a Comment

0 Comments

Close Menu