Ad Code

លោក​ ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បើក​វិញ្ញាសា​ប្រឡង​ជ្រើសរើស​នាយទាហាន​សកម្ម​ជំនាន់​ទី​២០

ភ្នំពេញ ៖ លោក​ឧត្ដមសេនីយ៍ ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចម្រុះ និង​ជា​មេបញ្ជាការ​រង​កង​ទ័ព​ជើងគោក កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៥ បាន​អញ្ជើញ​ជា​អធិបតី​នៅ​ក្នុង​ពិធី​បើក​វិញ្ញាសា​ប្រឡង​ជ្រើសរើស​នាយទាហាន វគ្គ​នាយទាហាន​សកម្ម​ជំនាន់​ទី​២០ នាយទាហាន​ទ័ព​ជើងគោក​ជំនា​ន់​ទី​៨ និង​នាយទាហាន​បន្តវេន​ជំនាន់​ទី​៩ នៅ​វិទ្យាល័យ​បាក់​ទូក។​


លោក​ឧត្ដមសេនីយ៍ ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា ការ​ប្រឡង​នេះ​បាន​ប្រព្រឹត្តិ​ទៅ​នៅ​៥ មណ្ឌល គឺ​ទី​១-នៅ​រាជធានី​ភ្នំពេញ (​វិទ្យាល័យ​បាក់​ទូក​) ទី​២-ខេត្តស្ទឹងត្រែង ទី​៣- ខេត្ត​សៀមរាប ទី​៤-ខេត្តបាត់ដំបង និង​ទី​៥-នៅ​ខេត្តកំពត ហើយ​គោលបំណង​ នៃ​ការ​ប្រ​ឡង​នេះ​ គឺ​ជ្រើសរើស​បេក្ខជន ដែលមាន​លក្ខណៈសម្បត្តិ និង​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​យក​ទៅ​បណ្ដុះបណ្ដាល​បន្ថែម​នៅក្នុង​កម្មវិធី​វគ្គ​បណ្ដុះបណ្ដាល​នាយទាហាន​ទាំង​៣​ខាង​លើ​នេះ ដើម្បី​ក្លាយ​ជា​នាយទាហាន​សម្រាប់​ដឹកនាំ​កងទ័ព​នា​ថ្ងៃ​អនាគត។


លោក​បន្តថា សម្រាប់​ឆ្នាំនេះ ​ឃើញ​មាន​បេក្ខជន​កើនឡើង​ជាង​៤៣​ភាគរយ​ ប្រៀប​នឹង​ឆ្នាំមុន ហើយ​នេះ​គឺជា​មោទនភាព​សម្រាប់​កងយោធពលខេមរភូមិន្ទ ដែល​ទទួល​បាន​នូវ​ការចាប់អារម្មណ៍​យ៉ាង​ច្រើន​របស់​យុវជន​យើង​នៅ​ក្នុង​ការ​ចូល​បម្រើ​នៅ​ក្នុង​ជួរ​កងយោធពលខេមរភូមិន្ទ ក៏​ដូចជា​បម្រើ​ជាតិ។​

ឆ្លើយតប​សំណួរ​អ្នកសារព័ត៌មាន ថា​តើ​មាន​អ្វី​ដើម្បី​បញ្ជាក់​ថា ការ​ប្រឡង​នោះ​មាន​តម្លាភាព​និង​យុត្តិធម៌ លោក​ឧត្ដមសេនីយ៍ ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ថា “​សុក្រឹតភាព យុត្តិធម៌ និង​ប្រសិទ្ធ​ភាព​នៅក្នុង​ការ​ប្រឡង​នេះ គឺជា​អ្វី​ដែល​គណៈកម្មការ​ចង់​បាន ហើយ​ការចាត់​វិធានការ​នៅក្នុង​ការ​ឆែកឆេរ និង​ត្រួតពិនិត្យ ទោះជា​នៅ​ច្រក​ធំ​យើង​មិនមាន​ក៏ដោយ ប៉ុន្តែ​នៅ​តាម​បន្ទប់​នីមួយៗ​យើង​បាន​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង​ក្នុង​ការ​ត្រួតពិនិត្យ ហើយ​នៅ​ក្នុងនោះ ក៏បាន​ចាត់​អនុរក្ស និង​មេ​ប្រយោគ ដើម្បី​ត្រួតពិនិត្យ​ជាប្រចាំ​នៅតាម​មណ្ឌល​ប្រឡង​ផងដែរ​។ ដូច្នេះ​សុក្រឹតភាព និង​ភាព​ច្បាស់​លាស់​នៅក្នុង​ការ​ប្រឡង​នេះ គឺជា​អ្វី​ដែល​គណៈកម្មការ​របស់​យើង​បាន​យកចិត្តទុកដាក់​ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ ដើម្បី​ឲ្យ​ប្អូនៗ​បាន​ទទួល​នូវ​យុត្តិធម៌ និង​ភាព​ត្រឹមត្រូវ គឺ​ឲ្យ​អ្នក​ជាប់ គឺ​ជាប់​ដោយ​មោទនភាព ហើយ​អ្នក​ធ្លាក់ គឺ​ធ្លាក់​ដោយ​អស់ចិត្ត ហើយ​វិធានការ​នេះ មិនមែន​ធ្វើ​តែ​ក្នុង​ពេល​ប្រ​ឡើង​ទេ គឺ​បាន​តាំង​ពីមុន​ប្រឡង ដូចជា​នៅពេល​ដាក់ពាក្យ និង​ពេល​កំណែ​ជាដើម ហើយ​ក្រៅ​ពី​នោះ បាន​សំណូមពរ​ឲ្យ​មហាជន អាណាព្យាបាល ឲ្យ​ចូលរួម​នៅ​ក្នុងការ​ផ្តល់​ព័ត៌មាន បើសិន​ជាមាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង​ផ្សេងៗ តាមរយៈ​ទូរស័ព្ទ និង​ហ្វេ​ស​ប៊ុ​ក​ជាដើម​”​។​


លោក​ ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ដែរថា កម្មវិធី​បណ្ដុះបណ្ដាល​ទាំង​៣​នេះ ​មាន​សារៈសំខាន់​ណាស់​សម្រាប់​យុវជន​ជា​នាយទាហាន ពីព្រោះ​អាជីព​ជា​ទាហាន ជាពិសេស​ជា​នាយទាហាន គឺ​មាន​សារៈសំខាន់​ណាស់ ទី​១-ការដឹកនាំ​ដល់​កងកម្លាំង​ផ្សេងៗ​ទៀត ជាពិសេស​ពេលខ្លះ​យើង​ត្រូវ​ប្រឈម​នឹង​ភាព​គ្រោះថ្នាក់ ហើយ​ការដឹកនាំ ឬ​ការ​សម្រេច​មួយ​របស់​នាយ​ទាហាន​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​អ្នក​ដែល​នៅ​ក្រោម​បង្គាប់ ដូច្នេះ​ការធានា​នូវ​សមត្ថភាព ការធានា​នូវ​ភាព​ច្បាស់លាស់ និង​ការទទួលខុសត្រូវ​ជា​អ្នកដឹកនាំ គឺជា​ការងារ​សំខាន់​។ ហេតុនេះ​នៅ​ក្នុង​កម្មវិធី​នាយទាហាន​មាន​៣​ប្រភេទ​នេះ គឺ​ផ្តោតលើ​ការ​បណ្តុះបណ្តាល​ចំនួន​៣ ទី​១-ផ្នែក​ជំនាញ ដែល​មាន​ជំនាញ​ចំណេះដឹង​ទូទៅ ចំណេះដឹង​សង្គម និង​វិទ្យាសាស្ត្រ​យោធា។ ទី​២-កាយសម្បទារ និង​ស្មារតី​ក្នុងការ​បំពេញភារកិច្ច​ផ្សេងៗ និង​ទី​៣-ភាព​ជា​អ្នកដឹកនាំ ហើយ​និស្សិត​នាយទាហាន​ទាំងអស់​ដែល​បាន​ចូល​នៅក្នុង​វគ្គ​ហ្វឹកហ្វឺន​នេះ គឺ​ត្រូវ​ទទួល​បាន​ឧកាស​ក្នុង​ការ​បណ្ដុះបណ្ដាល​ផ្នែក​វិន័យ សណ្ដាប់ធ្នាប់ ការ​លត់ដំ​ខ្លួន និង​ការគ្រប់គ្រង​ខ្លួន ព្រមទាំង​ឱកាស​នៅ​ក្នុង​ការដឹកនាំ​អ្នកដទៃ បន្ទាប់​ពី​ប្អូន​ចូលរៀន​បាន​រយៈពេល​៤​ឆ្នាំ នឹង​មាន​ឧកាស​ក្លាយទៅជា​អ្នកដឹកនាំ​ខ្លួនឯង និង​ត្រៀមលក្ខណៈ ដើម្បី​ដឹកនាំ​កងទ័ព។ ទាំងអស់នេះ គឺជា​លក្ខណៈពិសេស​នៅក្នុង​ការបណ្តុះបណ្តាល ហើយ​គណៈកម្មការ នឹង​ព្យាយាម​ធ្វើយ៉ាងណា​ឲ្យ​មហាជន ជាពិសេស​យុវជន បាន​ជ្រាប​ពី​ព័ត៌មាន ដើម្បី​ធ្វើការ​សម្រេច​ចិត្ត។​


សូមបញ្ជាក់ថា បេក្ខជន​ដាក់ពាក្យ​ប្រឡង​ទូទាំងប្រទេស​មាន​ចំនួន​៣.៣០៤​នាក់ ស្ត្រី​១.១៦៥ នាក់ ក្នុង​នោះ​នាយទាហាន​សកម្ម​ជំនាន់​ទី​២០ មាន​ចំនួន​១២០​នាក់ នាយទាហាន​ទ័ព​ជើងគោក​ជំនា​ន់​ទី​៨ មាន​ចំនួន​២៥០​នាក់ និង​នាយទាហាន​បន្តវេន​ជំនាន់​ទី​៩ មាន​ចំនួន​២៥០​នាក់៕ Pisey-2015-12-20-full-E11


Pisey-2015-12-20-full-E1


Pisey-2015-12-20-full-E3


Pisey-2015-12-20-full-E4


Pisey-2015-12-20-full-E6


Pisey-2015-12-20-full-E7


Pisey-2015-12-20-full-E8


Pisey-2015-12-20-full-E9


Pisey-2015-12-20-full-E10
Pisey-2015-12-20-full-E



លោក​ ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បើក​វិញ្ញាសា​ប្រឡង​ជ្រើសរើស​នាយទាហាន​សកម្ម​ជំនាន់​ទី​២០

Post a Comment

0 Comments

Close Menu