ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម ខណៈដឹកស្រីស្នេហ៍ដែលស្គាល់គ្នាកន្លះខែដើរលេង មកដល់កន្លែងស្ងាត់នាងចុះបត់ជើងតូច បុរសរងគ្រោះចុះតាមហើយត្រូវនាងស្រែកថាជួយផងៗមានគេចាប់រំលោភ ក៏ត្រូវសន្តិសុខនៅក្បែរនោះមកជួយវាយសម្លាប់តែម្តង ប៉ុន្តែទាំងមហាជន និង សមត្ថកិច្ចបានដាក់ការសង្ស័យថា ជនសង្ស័យប្រុសស្រី២នាក់ បានរៀបចំគម្រោងរួចស្រេច ដោយខាងប្រុសបានឲ្យខាងស្រីទាក់ម៉ូយទៅរួមរក្ស ពេលទៅដល់ចំណុចវាលខ្សាច់ និងមានព្រៃត្រែងផង ក៏វាយសម្លាប់ប្លន់យកម៉ូតូតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចល្បាតឃើញជនសង្ស័យ២នាក់នោះ ដើរចេញពីកន្លែងកើតហេតុមានប្រឡាក់សុទ្ធតែឈាម ក៏ឃាត់ខ្លួនយកទៅសាកសួរនៅអធិការនគរបាលខណ្ឌជ្រោយចង្វារ។
ករណីវាយសម្លាប់នេះបានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១ និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៥នៅជិតរង្វង់មូលស្ពានជ្រោយចង្វារខាងកើតស្ថិតក្នុងភូមិដើមគរ ផ្លូវជាតិលេខ៦ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
ជនសង្ស័យ ទាំង២នាក់ ត្រូវបានគេស្គាល់ឈ្មោះទី១ ធឿន គីម ភេទប្រុស អាយុ២២ឆ្នាំ ជាសន្តិសុខក្រុមហ៊ុនISA មានស្រុកកំណើតនៅភូមិសាម្កាក់ ឃុំអូតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ហើយទើបមកស្នាក់នៅក្រុមហ៊ុនលក់ឡានហ៊ីយ៉ាន់ដាយ ដែលមានទីតាំងនៅក្បែរកន្លែងកើតហេតុបានតែ៣ថ្ងៃប៉ុណ្ណោះ ចំណែកនារីសង្ស័យ ឈ្មោះអួច ស្រីរដ្ឋ អាយុ១៨ឆ្នាំ រស់នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរបុគ្គលិក បម្រើការនៅហាង មនោរម្យ។ រីឯជនរងគ្រោះឈ្មោះ យ៉ុន តុលា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងម៉ាស៊ីនកិនស្រូវ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ ដែលជិះម៉ូតូសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ1G-4092។
ស្ត្រីសង្ស័យបានឲ្យដឹងថា ជនរងគ្រោះ និង ខ្លួនបានស្គាល់គ្នារយៈពេលកន្លះខែមកហើយ ដោយមុនពេលកើតហេតុជនរងគ្រោះ និង នាងបានឌុបគ្នាដើរលេងឌុបនាងពីម្ដុំស្ទឹងមានជ័យជ្រោយចង្វារ ខណៈមកដល់ចំណុចខាងលើ ពេលនោះនាងឈប់បត់ជើងតូចហើយជនរងគ្រោះក៏ទៅតាមបម្រុងចាប់រំលោភនាងៗក៏ស្រែកឲ្យគេជួយ ស្រាប់មានសន្តិសុខយាមនៅក្បែរនោះរត់មកជួយវាយរហូតស្លាប់តែម្តង។ ក្រោយធ្វើសកម្មភាពរួចចេញមកក្រៅក៏ជួបសមត្ថកិច្ចល្បាតឃើញពួកគេប្រឡាក់សុទ្ធតែឈាម ទើបឃាត់ខ្លួនសួរនាំ។
សេចក្ដីរាយការណ៍បានបន្តថា ក្រោយពេលស្រាវជ្រាវរបស់សមត្ថកិច្ច ជនសង្ស័យបានសារភាពថា គេមិនបានវាយប្លន់ទេ គឺការជួយស្ត្រីដែលស្រែកឲ្យជួយ។ ប៉ុន្តែ រឿងនេះត្រូវគេសង្ស័យថា ជាការរៀបចំគម្រោងប្លន់យកម៉ូតូ តែពុំបានសម្រេច តែពួកគេទាំង២នាក់អះអាងមិនដែលស្គាល់គ្នាទេ៕
ស្តាប់ស្ត្រីសង្ស័យរៀបរាប់ ជុំវិញករណីប៉ងរំលោភក្លាយជាអំពើឃាតកម្ម
0 Comments