Ad Code

ស្ដាប់​អតីតមន្ត្រី​ជាន់​គណបក្ស​សង្គ្រោះ​ជាតិ ​រៀបរាប់​ពី​ភាព​អយុត្តិធម៌​ និង​អំពើពុករលួយ​ក្រោយពី​ចាកចេញ​

ភ្នំពេញ ៖ គណបក្ស​សង្គ្រោះ​ជាតិ ដែល​មេដឹកនាំ ក៏​ដូចជា​សកម្មជន​តែងតែ​និយាយ​ថា ជា​គណបក្ស​ដែល​មាន​ការដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ​តែមួយគត់​នៅ​កម្ពុជា​នោះ បាន​ទទួលរង​ការ​បក​អាក្រាត​យ៉ាង​ចាស់ដៃ​ពី​អតីតមន្ត្រី​ជាន់ខ្ពស់​របស់​ខ្លួន ក្រោយពី​អត់​ទ្រាំ​លែង​បាន ហើយ​ប្រកាស​ចាកចេញ​កាលពី​ថ្មីៗ​នេះ​។


លោក អ៊ុក ស៊ុយ អតីត​សមាជិក​គណៈកម្មាធិការ​នាយក និង​ជា​ប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត និង​នីតិកម្ម​ នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចាក​ចេញពី​គណបក្ស​នោះ បាន​រៀបរាប់​ពី​អំពើ​អយុត្តិធម៌ ក៏ដូចជា​អំពើពុករលួយ​ដែល​បាន​កើតឡើង​នៅ​ក្នុង​ជួរ​គណបក្ស​សង្គ្រោះ​ជាតិ ជាពិសេស​មេដឹកនាំ​កំពូលៗ​ទាំង​ពីរ​រូប គឺ​លោក កឹម សុខា និង​លោក​សម រង្ស៊ី​។


លោក អ៊ុក ស៊ុយ​បាន​ថ្លែង​កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែធ្នូ យ៉ាងនេះ​ថា “​មូលហេតុ​ចម្បង​ដែល​ខ្ញុំ​បាន​ចាក​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គេ​អះអាងថា​ជា​គណបក្ស​ដែលមាន​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​នោះ គឺ​មិន​ដូចជា​ការនិយាយ​ទេ គឺ​និយាយ​តែ​លើ​បបូរមាត់​ថា​ប្រជាធិបតេយ្យ តែ​ច​រឹក​ដឹកនាំ​របស់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ មិនមាន​ប្រជាធិបតេយ្យ​ទេ គ្មាន​សីលធម៌ ផ្តាច់ការ ធ្វើ​អ្វី​ទៅតាម​ការដឹកនាំ នៃ​មេដឹកនាំ​ទាំង​ពីររូប ក្នុងនោះ​ក៏មាន​លោក​យ៉ែម ប៉ុ​ញ្ញ​ឫ​ទិ្ធ លោក​អេង ឆៃអ៊ាង លោក​យឹម សុវណ្ណ និង​លោកស្រី​ជូ​ឡុង ស៊ូ​មូរ៉ា តែ ប៉ុណ្ណោះ​។ ការដឹកនាំ​គ្មាន​គោលការណ៍​ច្បាស់​លាស់​គ្មាន​សីលធម៌ គ្មាន​គុណធម៌​ជា​ថ្នាក់ដឹកនាំ​គណបក្ស ឡើយ ជាពិសេស​បានធ្វើ​ទៅលើ​ប្រជាពលរដ្ឋ​ខ្មែរ​រាប់លាន​នាក់​ដែល​បានផ្តល់​សេចក្តី​ទំនុកចិត្ត​ទៅ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​នាពេល​កន្លងមក។


លោក​បញ្ជាក់​ដែរថា “​ការចាកចេញ​ពី​គណបក្ស​នាពេលនេះ មិនមែន​មានតែ​រូបខ្ញុំ​អ៊ុក ស៊ុយ​ម្នាក់​ប៉ុណ្ណោះ​ទេ គឺមាន​ថ្នាក់ដឹកនាំ​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួនទៀត​បាន​និយាយ​ជាមួយ​ខ្ញុំ សម្តែង​ការសោកស្តាយ​និង​បាន​បញ្ជាក់ថា ប្រហែលជា​ពួកគាត់​អត់ទ្រាំ​រស់នៅ​ជាមួយ​សង្គ្រោះ​ជាតិ​តទៅទៀត​មិន​បានទេ​។ ខ្ញុំ​បាន​ស្នើ​សុំ​ឲ្យ​លោក​សម រង្ស៊ី និង​លោក​កឹម សុខា រួមទាំង​គូកន​របស់គាត់​ធ្វើការ​កែប្រែ​កុំ​ឲ្យ​ដឹកនាំ​របៀប​ពាល គ្មាន​គុណធម៌ គ្មាន​សុជីវធម៌​តទៅទៀត​”​។ លោក​ពន្យល់​ថា អ្វីដែល​លោក​និយាយ​គ្មាន​គុណធម៌ គ្មាន​សីលធម៌​នោះ គឺ​ថ្នាក់ដឹកនាំ​នៅតាម​រាជធានី​ខេត្ត​បាន​ខិតខំ​បំពេញការងារ​របស់ខ្លួន​រហូត​ទទួល​បាន​សំឡេង​គាំទ្រ​យ៉ាងច្រើន​គួរសម ហើយ​នៅពេល​ធ្វើការ​បោះឆ្នោត​ស្ទង់​មតិ​មិនបាន​យក​លទ្ធផល​ទាំង​នោះមក​បង្ហាញ​ដល់​ថ្នាក់ដឹកនាំ​រាជធានី​ខេត្ត​ដែល​បាន​ខិតខំ​នោះទេ បែរជា​ឃុបឃិត​គ្នា​ដាក់​សាច់ញាតិ ដាក់​បក្ខពួក​របស់​ថ្នាក់ដឹកនាំ​ទាំងនោះ ទើប​អាច​ទៅកាន់​តំណែង​ទាំង​នោះបាន។


លោក អ៊ុក ស៊ុយ បាន​លើកឡើង​ទៀត​ថា សម្រាប់​តួនាទី​ឬ​តំណែង​ជា​ប្រធាន​ប្រតិបត្តិ​រាជធានី​ខេត្ត និង​ស្រុក​ជាដើម លោក​មិនបាន​ឃើញច្បាស់​ពី​ការ​សូកលុយ​កាក់​ដើម្បី​ទទួល​តំណែង​ទាំង​នោះទេ ដោយសារ​គេ​មិន​ឲ្យ​យើង​ដឹង ប៉ុន្តែ​បើ​ផ្អែក​ទៅលើ​សកម្មភាព​ជាក់ស្តែង​ដូច​នៅ​ខេត្តតាកែវ​ជាដើម ដែល​គាត់​បានធ្វើ​ការងារ​ដាច់​ដៃ ដាច់​ជើង​បែរជា​ត្រូវបានធ្វើ​ការស្ទង់មតិ​ក្លែងបន្លំ​ដាក់ឈ្មោះ​សុផល​ឯណា​ផ្សេង​ទៅវិញ​។ ដោយឡែក​ទាក់ទង​ទៅ​នឹង​សកម្មភាព​នយោបាយ​ថ្មីៗ​ដូចជា​ការដកតំណែង​អនុប្រធាន​ទី​១​រដ្ឋសភា ពី​លោក​កឹម សុខា​ជាដើម លោក​អ៊ុក ស៊ុយ​បាន​អះអាងថា លោក​មិន​ភ្ញាក់ផ្អើល​ទេ ដោយសារតែ​ជា​ទង្វើ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដែល​ចង់​ធ្វើបែបនេះ​។ លោក​បញ្ជាក់​ថា “​ហេតុ​អី​បានជា​ខ្ញុំ​និយាយ​បែបនេះ ពីព្រោះ​ប្រជាពលរដ្ឋ​ប្រាប់ថា កុំ​ចូល​រដ្ឋសភា ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ច្បាស់​ណាស់​។ គេ​ថា គេ​ចូល​ដើម្បី​ចង់ដឹង​ការពិត ស្វែងរក​ការពិត ហើយ​មុនដំបូង​គេ​ថា ចូល​ស្មើនឹង​អាចម៍គោ ហើយ​លោក សម រង្ស៊ី ថាបើ​ចូល​ស្មើនឹង​ចោរ ដល់​តែ​ឥឡូវនេះ​ប្រជាពលរដ្ឋ​សួរ អំពី​ការ​ចូល​សភា គេ​ថា កុំអាល​សួរ កុំអាល​ថា ចាំ​ឲ្យ​គាត់​ធ្វើ​សិន ឥឡូវ​ខ្ញុំ​ឃើញ​ហើយ ដល់ពេល​ខ្លួន​ធ្វើ​ផ្ដេសផ្ដាស គេ​ដេញ​ក្បាល​ចេញពី​ប្រធាន​ទី​១​រដ្ឋសភា ដូច្នេះ​ខ្ញុំ​អត់​មានអី​ភ្ញាក់ផ្អើល​ទេ ហើយ​នេះ​គឺជា​រង្វាន់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចង់បាន ហើយ​ដោយ​ឡែក​លោក​សម រង្ស៊ី និយាយ​ថា ចាំ​មើល​សិន​បងប្អូន បើ​ចង់​ចាប់​ចោរ​ត្រូវតែ​ធ្វើ​ចោរ ចង់​ចាប់​ខ្លា ត្រូវតែ​ធ្វើ​ខ្លា ឥឡូវ​ដល់​តែ​មនុស្ស​មែនទែន ចង់ទៅ​ធ្វើ​ខ្លា នោះ​ខ្លា​ដេញ​ខាំ​ហើយ​។ អាហ្នឹង​វា​ជាធម្មតា ធ្វើ​មនុស្ស​ចង់​នៅក្បែរ​ខ្លា គឺ​ត្រូវ​ខ្លា​ដេញ​ខាំ ហើយ​មនុស្ស​ចង់ទៅ​ធ្វើ​ចោរ ឥឡូវ​ត្រូវ​តុលាការ​កោះហៅ​ហើយ អានេះ​គឺជា​លទ្ធផល​របស់ខ្លួន ដូច្នេះ​ខ្ញុំ​អត់​មានការ​ភ្ញាក់ផ្អើល​អី​ទេ។


តាម​ការលើកឡើង​រប​ស់លោក អ៊ុក ស៊ុយ បាន​ឲ្យ​ដឹង​ដែរ​ថា “​អ្វី​ដែលជា​ទង្វើ​របស់​មេ​ដឹកនាំ​គណ​បក្ស​ទាំង​ពីររូប ឬ​ថ្នាក់ដឹកនាំ​មួយចំនួនទៀត​នោះ គឺ​គ្រាន់តែ​ជា​ថ្នូរ​និង​តំណែង​ប៉ុណ្ណោះ​។​មេក​នាំ​ទាំងពីរ​នេះ បង្កើត​ព្រឹត្តិការណ៍ ដោះស្រាយ​បញ្ហា ដូច្នេះ​នេះ​ជា​បញ្ហា​ដដែលៗ​ដែល​យើង​ធ្លាប់​បាន​ឃើញ​ហើយ គ្មាន​ដែល​ដោះស្រាយ​បញ្ហា​អ្វីមួយ​ចេញ​នោះទេ ចំណង​របស់គាត់​ចង​ហើយ​ចង​ទៀត ហើយ​ដើរ​អួត​ប្រាប់​គេ​ថា​ជា​មេដឹកនាំ​មាន​សមត្ថភាព ខ្ញុំ​អត់​ឲ្យ​តម្លៃ​ទេ មេដឹកនាំ​របៀបនេះ​។ គាត់​ដឹកនាំ​គ្មាន​គោលការណ៍​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត ដូច្នេះ​រមែងតែងតែ​វិនាស​អន្តរាយ​ដល់​ខ្លួនឯង​វិញ​ហើយ យ៉ាងហោចណាស់​ក៏មាន​សេចក្តី​ក្ដៅក្រហាយ​មក​លើ​ខ្លួនឯង​នោះដែរ ពីព្រោះ​ទង្វើ​របស់ខ្លួន​ធ្វើ​មិន​សុចរិត មិន​ស្មោះសរ​នៅក្នុង​ខ្លួន។


តាម លោក អ៊ុក ស៊ុយ អះអាងថា ការលើកឡើង​ខាងលើនេះ​គ្រាន់តែ​ជា​បញ្ហា​ត្រួសៗ​បន្តិចបន្តួច​ប៉ុណ្ណោះ នៅមាន​បញ្ហា​ជាច្រើន​ទៀត ដែល​លោក​នឹង​ទំលាយ​ចេញ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នាពេល​ឆាប់ៗ​ខាងមុខនេះ​។ លោក​បន្តថា ក្រោយពី​លោក​បាន​ចាកចេញ ហើយ​ប្រកាសប្រាប់​សមាជិក សមាជិក នៅតាម​បណ្តា​ខេត្ត​មួយចំនួន​នោះ មាន​សមាជិក សមាជិកា​នៃ​គណបក្ស​សង្គ្រោះ​ជាតិប្រមាណ​២០០០ នាក់​ហើយ​បានប្រកាស​ចេញមក​ជាមួយ​លោក​ដែរ។


លោក អ៊ុក ស៊ុយ បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា បន្ទាប់ពី​លាលែង​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក​បាន​សម្រេច​ចិត្ត​ចូលរួម​នៅក្នុង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ដែលមាន​លោក ម៉ម សូណង់ដូ ជា​ប្រធាន ហើយ​ការដែល​លោក​សម្រេចចិត្ត​ចូល​គណបក្ស​នេះ ដោយសារតែ​មើលឃើញ​មាន គោល​ជំហរ​ច្បាស់លាស់ គឺមាន​គោលជំហរ​ច្បាស់លាស់ សំឡុត​មិន​ខ្លាច ហើយក៏​សុខចិត្ត​ជិះ​យន្ត​ហោះ​មក​ឲ្យ​គេ​ចាប់​ដាក់គុក​ផងដែរ ដោយ​មិន​ខ្លាច​ការជាប់គុក​ច្រវាក់ ដូច​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​លោក​សម រង្ស៊ី នោះទេ។


ទាក់ទង​និង​ការ​ចាកចេញ និង​ការលើកឡើង​របស់លោក អ៊ុក ស៊ុយ ខាងលើនេះ ការិយាល័យ​របស់​យើង​នៅ​មិនទាន់​ទ​ទូល​បាន​ប្រតិកម្ម​ជាមួយ​ពី​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​នៅឡើយ​ទេ ប៉ុន្តែ​លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់ និង​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​កណ្តាល​បាន​លើកឡើងថា “​ជាធម្មតា អ្នក​ចាកចេញ​មិនដែល​និយាយ​ល្អ​ពី​គណបក្ស​ចាស់ ដែល​ខ្លួន​ធ្លាប់​នៅ​ជាមួយ​នោះទេ​”​។ ចំណែក​លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ ថ្លែង​ដែរ​ថា “​ជាធម្មតា​នៅពេល​មានការ​ចាកចេញ តែងតែមាន​ការលើកឡើង​ពី​ហេតុផល​នោះ​ខ្លះ​ហើយ ដែលជា​រឿង​ធម្មតា។


សូម​បញ្ជាក់ថា លោក អ៊ុក ស៊ុយ សមាជិក​គណៈកម្មាធិការ​នាយក និង​ជា​ប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត និង​នីតិកម្ម​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​លាលែង​ពី​គណបក្ស តាម​លិខិត​ចុះ​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៥ ដោយ​សំអាង​ថា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា ព្រមទាំង​ថ្នាក់ដឹកនាំ​មួយ​ចំនួនទៀត​ក្នុង​បក្ស​ដឹកនាំ​បក្ស​គ្មាន​សីលធម៌ គ្មាន​គុណធម៌ អយុត្តិធម៌ ពុករលួយ និង​បក្សពួកនិយម​៕


Nita-4-A-50-Full



ស្ដាប់​អតីតមន្ត្រី​ជាន់​គណបក្ស​សង្គ្រោះ​ជាតិ ​រៀបរាប់​ពី​ភាព​អយុត្តិធម៌​ និង​អំពើពុករលួយ​ក្រោយពី​ចាកចេញ​

Post a Comment

0 Comments

Close Menu