Ad Code

ទស្សនៈ ​៖​ ឥសីលែងប្រស់ខ្លា !

គន្លឹះ​ដ៏សំខាន់​បំផុត​ដែលធ្វើ​អោយខ្លា​បាន​រស់​ឡើងវិញ​នោះគឺ ដោយសារ​ឥសី​ប្រស់​ ព្រោះ​ឥសីមាន​ចិត្ត​អាណិត ដល់ខ្លា។ ប៉ុន្តែ​បើខ្លា​នោះបាន​រស់​ឡើវិញ​ហើយ​បែរជា តបគុណតាមរយៈ​ការចង់​សម្លាប់​តា​ឥសី​នោះ ក៏ទីបំផុត​ខ្លានោះត្រូវ​តែងាប់​ម្តងទៀតដោយខាន​បាន​រស់​ព្រោះលោកតាលែង​ប្រស់​ទៀតឡើយ។ រឿង​ព្រេងនិទាន​នេះ​​មានន័យ​សង្ខេប​ដូច​តទៅ:


កាលណោះមាន​ខ្លា​កំណាចមួយ​ដែលមិន​បានគិត​ពិចារណា​អោយបាន​វែងឆ្ងាយ​ដោយបានទៅ​ដេកនៅ​ក្បែរ​ដំបូក​ជិត​រន្ធពស់វែកដែលនៅទីនោះ។ ពស់វែក​ធ្លាប់​តែចេញចូល​ក្នុងរន្ធ​របស់ខ្លួន​រាល់ថ្ងៃ នៅពេល​ដែល​ឃើញ​ខ្លាដេក​ហាក់ដូច​ជាបិទបាំង​រន្ធ​យ៉ាងនេះពស់​នោះ​ក៏មាន​កំហឹង​ ហើយបាន​ខាំខ្លា​ងាប់​ទៅតាមរយៈ​នៃអំណា​ចពិស។ បន្ទាប់​មកមាន​​ឥសី​ស្វែងរក​ធម៌​នៅក្នុង​ព្រៃដែល​មានករុណា​ធម៌​សព្វសត្វទាំងអស់​នៅ​ពេលដែលឃើញ​ខ្លានោះ​ងាប់​យ៉ាងនេះ​ឥសី​ដែល​ចំណេះ​ដឹងខាង​មន្ត​វិជ្ជា​ដ៏ខ្លាំង​ពូកែ​នោះបាន​ធ្វើការ​សូត្រ​ផ្លុំ​ដើម្បី​ប្រស់ខ្លា​អោយរស់​ឡើងវិញសមតាមបំណង​ប្រាថ្នានោះមែន។


ក្រោយ​ពីបាន​រស់ឡើងវិញ​នៃខ្លា​រមិលគុណ​នោះក៏​មានការ​បំភ័ន្ត​ដោយធ្វើជា​យល់​ច្រឡំថា ពេលខ្លួនកំពុង​ដេក​លក់​បែរជា​មានតា​ឥសី​នេះ​មករំខាន ឬឆាឆៅ​ខ្លួនអោយ​ភ្ញាក់​ឡើងវិញ។ ដូច្នេះ​ខ្លានោះ​តែងបាន​សម្តែង​នូវអាកប្បកិរិយា​បញ្ចេញ​នូវ​កំហឹង​ក្នុងការ​ចាប់​ទោសអូស​ដំណើរ​រករឿងតាឥសី​នោះ​ទៅវិញ​តាមរយៈ​ការព្យាបាទ​ដោយ​ចង់​ខាំ​សម្លាប់​បង្កការភិត​ភ័យ​យ៉ាង​សាហាវ​ឃោរឃៅ​។ គ្រា​នោះផង​ដែរក៏​មាន​សុភា​ទន្សាយ​មួយ​បានជួយ​តាឥសី​ដោយការរិះរក​មធ្យោបាយ​ជាថ្មី​ដើម្បី​ទប់ស្កាត់​កុំអោយ​ខ្លានោះ​ខាំសម្លាប់​តាឥសីទាន់។ សុភាទន្សាយ​ជាចៅក្រម​កាត់សេចក្តី​បានធ្វើ​ការវិនិច្ឆ័យ​យ៉ាង​ជាក់​ច្បាស់​ថា ដើម្បី​អោយ​អស់សង្ស័យ​ហើយមានភស្តុតាង​គ្រប់គ្រាន់ផងនោះ​គឺត្រូវ​តែអោយ​ខ្លាទៅ​ដេក​នៅក្បែរ​ដំបូកនោះតាម​លំនាំ​ដើម​ទាំងស្រុង​។ មែន!ដើម្បី​ចង់​ឈ្នះ​និងមាន​មោទនភាព​មែននោះ​ខ្លានោះ​ក៏បានទៅដេក​នៅប្របនឹងរន្ធ​ពស់នោះ​សាជាថ្មី​ទៀត​មែន។ គ្រានោះ​ដែរ​ពស់​ដែលធ្លាប់​តែចេញចូល​ក្នុង​ទី​ជម្រក​របស់ខ្លួន​នោះបាន​ចឹក​និង​ខាំខ្លានោះ​ម្តងទៀត​ដោយ​បណ្តាលអោយ​ពិសពស់​ជ្រាបសព្វ​សាច់​ខ្លាហើយ​ខ្លានោះ​ក៏ងាប់​ទៅ។ ឃើញយ៉ាងនេះ​សុភា​ទន្សាយ​បានប្រាប់តាឥសីថា ទុក​អោយខ្លានោះ​វាងាប់​ទៅចុះដោយកុំបាច់ប្រស់​វាទៀតឡើយ ព្រោះ​ខ្លានេះវា​រមិលគុណខ្លាំងណាស់។ ដូចនេះ​នៅពេល​ដែលខ្លា​នោះងាប់ទៅ​ទើប​លោកឥសីបាន​សុខសប្បាយ​ និងលែង​មានការ​ភ័យ​ព្រួយ​ទៀតហើយ។ លើកនេះ​លោកតាឥសី​លែង​រវីរវល់​អើពើ​នឹងខ្លា​នោះងាប់​ទៀត​ឡើយដោយ​ទុកអោយ​ខ្លានោះ​ងាប់​យ៉ាង​ស្ងប់ស្ងាត់​ទៅចុះ។


ចំពោះឧត្តមគតិនៃ​រឿងនេះ​តែង​តម្រង់​ចំមករឿង​មនុស្ស នៅក្នុង​សង្គម​ទៅវិញក្នុងបញ្ហា​ទំនាស់​វិបត្តិ​ដែល​មានភាគី​ទាំងសងខាង​សុទ្ធតែ​បានអះអាង​រៀង​ខ្លួន​ក្នុងការ​ដណ្តើម​យកកិត្តិយស​មុខមាត់​ និងជោគ​ជ័យ​រៀងៗខ្លួន។ ចំណែក​ឯជន​ដែលមាន​កំហុស​នោះក៏បានព្យាយាម​ដោះសា រក​លេសបិទបាំងទាំង​ងងើលមុខក្រាស់​ផងដែរ។ ប៉ុន្តែ​អ្វីៗដែល​ជាការស្វែង​រកយុត្តិធម៌នោះគ៏បញ្ហា​ច្បាប់​តាមរយៈតុលាការ​វិនិច្ឆ័យ​ពិតប្រាកដ។ ជាក់ស្តែង​ដូចតួអង្គ​តាឥសី​បាន​រួចខ្លួន​ពីការ​រំលោភបំពានយាយី​ពីខ្លា​ដោយសារ​មានសុភា​ទន្សាយ​ជាចៅក្រម​កាត់សេចក្តី​ប្រកបដោយ​ភាពយុត្តិធម៌ពិត​ប្រាកដ។ បានសេចក្តីថា ប្រសិនបើ​ពុំ​មានអន្តរាគមន៍​ពីសុភា​ទន្សាយនោះ​ប្រាកដ​ជា​ជន​ស្លូតត្រង់​ហើយក៏​ជាអ្នក​កសាងនូវ​អំពើល្អ​ដូចតាឥសី​នោះ​ត្រូវខ្លា​ខាំស៊ីជាចំណី​បាត់ទៅហើយ។ យ៉ាងណា​មិញ​ក្នុងសង្គមមនុស្ស​នេះតែង​មានច្បាប់​ដែលជា​ខ្សែ​បន្ទាត់​អោយមនុស្ស​អនុវត្ត​ស្មើភាពគ្មាតាមបែប​យុត្តិ​ធម៌ និងការ​ពារ​ជនស្លូត​ត្រង់​ទន់ខ្សោយ​អោយ​មានសិទ្ធិ​សេរីភាព​ប្រាសចាកពី​ការសង្កត់​សង្កិន​គ្រប់​រូបភាព។


សរុប​សេចក្តី​រឿង​ឥសី​ប្រស់ខ្លាក៏ដូចជា កន្លង​មក​ប្រមុខរាជរដ្ឋាភិបាលមានការស្នើសុំ​អោយព្រះ​​មហា​ក្សត្រ​​ប្រទាននូវការ​លើកលែងទោស​ដល​​​់​អ្នក​​​មាន​ទោសកន្លងមកយ៉ាងនោះដែរ។ ប៉ុន្តែ​ជាញឹក​​​ញាប់​មកហើយដែល​ជននោះ​នៅតែ​មិន​កែ​ប្រែ​​អត្តចរិតនោះគឺ វិធីដែលត្រូវ​អនុវត្ត​នោះមិន​ក្រៅ​ពីអ្វី​ដែល​គេលែង​អើពើ​នោះទេ ឬគេលែងមានការ​អាណិតអាសូរ​ទៀត​ទាល់តែ​សោះ។ នេះហើយ​ដែល​លោកតាឥសី​មានការ​រាងចាល​ដោយ​លែង​ប្រស់​ខ្លា​នោះ​ទៀតឡើយ​គឺ​ទុក​អោយខ្លានោះងាប់​ម្តងទៀត​ជា​ចុងក្រោយ​ដើម្បី​កុំអោយ​អំពល់​ទុក្ខ​គេទៀត៕


 



ទស្សនៈ ​៖​ ឥសីលែងប្រស់ខ្លា !

Post a Comment

0 Comments

Close Menu