ភ្នំពេញ ៖ តាមលទ្ធផលស្រាវជ្រាវបានបង្ហាញថា មាន៦២ភាគរយ នៃអ្នកស្រឡាញ់ភេទដូចគ្នា នៅកម្ពុជាធ្លាប់រងការគំរាមកំហែង ដែលបញ្ហានេះបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។
លោក នួន ស៊ីដារ៉ា អ្នកសម្របសម្រួលគម្រោងនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សបានឲ្យដឹងកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងពិធីសម្ពោធរបាយការណ៍ស្រាវជ្រាវថ្មី ស្ដីពីស្ថានភាព នៃការប្រឈមរបស់អ្នកស្រឡាញ់ភេទដូចគ្នា តាមសាលារៀននៅប្រទេសកម្ពុជាថា របាយការណ៍នេះបង្ហាញថា ការសម្លុតដល់អ្នកស្រឡាញ់ភេទដូចគ្នាដែលនេះ ជាចំណុចប៉ះពាល់ធ្ងន់ធ្ងរដល់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។ ស្ត្រីស្រលាញ់ស្ត្រី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ភេទទាំងពីរ និងអ្នកប្ដូរភេទ ដែលជារួមហៅថា អ្នកស្រឡាញ់ភេទដូចគ្នា បានជួបប្រទះការសម្លុតនៅតាមសាលារៀនក្នុងប្រទេសកម្ពុជា។
របាយការណ៍ជាភាសាខ្មែរកម្រាស់ ៥ទំព័រនេះ មានចំណងជើងថា “ការសម្លុតអ្នកស្រឡាញ់ភេទដូចគ្នានៅតាមសាលារៀនក្នុងប្រទេសកម្ពុជា”។ របាយការណ៍នេះបានសម្ភាសអ្នកស្រឡាញ់ភេទដូចគ្នាចំនួន២៤៥នាក់ ក្នុង១១ខេត្ត/រាជធានី នៃប្រទេសកម្ពុជា។
របាយការណ៍ដដែលរកឃើញថា អ្នកស្រឡាញ់ភេទដូចគ្នា៦២,៧១% ធ្លាប់ត្រូវបានគេសម្លុត និងគំរាមកំហែង ហើយ៩៣,៥៩% នៃអ្នកធ្លាប់គេសម្លុតអះអាងថា ត្រូវគេសម្លុតដោយសារតែទំនោរភេទ និងអត្តសញ្ញាណយេនឌ័រ។
លោក នួន ស៊ីដារ៉ា ដែលធ្វើការសិក្សាស្រាវជ្រាវនេះបានថ្លែងថា អ្នកដែលត្រូវគេសម្លុត គឺមាននៅក្រោមរូបភាពផ្សេងៗដូចជា ការសម្លុតគំរាមកំហែងនៅតាមសាលា មានទ្រង់ទ្រាយជាច្រើន រួមមានការសម្លុតដោយពាក្យសម្ដី ការរុញច្រាន ហើយមួយទៀតទាក់ទងនឹងការចាក់សោបន្ទប់ទឹក សកម្មភាពហ្នឹង លូកអង្អែលរាងកាយ។ សកម្មភាពទាំងនេះសុទ្ធតែជាការសម្លុតគំរាមកំហែង ការប្រមាថទៅលើអ្នកស្រឡាញ់ភេទដូចគ្នា ហើយមួយទៀតនោះ ការសម្លុតគំរាមកំហែងផ្លូវចិត្ត ទោះបីជាវាមើលមិនឃើញមែន តែប៉ះពាល់ផ្លូវចិត្តធ្ងន់ធ្ងរនៅក្នុងរូបរាងកាយរបស់អ្នកស្រឡាញ់ភេទដូចគ្នា នៅពេលគាត់ទទួលនូវពាក្យសម្ដីប្រមាថ ទទួលនូវការផាត់ចេញពីមិត្តភ័ក្ដិ។
របាយការណ៍នេះក៏បានរកឃើញថា អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា១៦,៦៧% អះអាងថា ធ្លាប់រងការគំរាមកំហែងពីសំណាក់គ្រូបង្រៀនរបស់ពួកគេ។ របាយការណ៍ក៏គូសបញ្ជាក់ថា ដោយសារការសម្លុត អ្នកស្រឡាញ់ភេទដូចគ្នា១២,៨២% នៃអ្នកដែលត្រូវបានសម្ភាសក្នុងរបាយការណ៍នេះ បានបោះបង់ការសិក្សានៅថ្នាក់វិទ្យាល័យ។
របាយការណ៍នេះក៏ឲ្យដឹងដែរថា អ្នកស្រឡាញ់ភេទដូចគ្នាដែលធ្លាប់រងការសម្លុត ឬសើចចំអកដោយសារតែអត្តសញ្ញាណភេទអះអាងថា វាបានធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍ និងមានបញ្ហាផ្លូវចិត្ត ដែលខ្លះត្រូវបានរាយការណ៍ថា បានប៉ុនប៉ងធ្វើអត្តឃាត៕
៦២% នៃអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជាធ្លាប់ទទួលរងនូវការគំរាមកំហែង
0 Comments