អាជ្ញាធរអាល្លឺម៉ង់បានធ្វើការវាយឆ្មក់ និងបិទវិហារឥស្លាមមួយក្នុងក្រុង Stuttgart ដែលព្រះវិហារមួយនេះជាប់ទាក់ទងនឹងការជំរុញឲ្យប្រើអំពើហិង្សា និងការរៃអង្គាសប្រាក់សម្រាប់អង្គការភេរវកម្មនានាដូចជា ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមជាដើម។ អាជ្ញាធរបាននិយាយថា អ្នកមានជំនឿមួយចំនួនបានធ្វើដំណើរទៅប្រយុទ្ធរួមជាមួយក្រុម IS ក្នុងប្រទេសស៊ីរី។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរដ្ឋ Baden-Wurttemberg លោក Reinhold Gall បាននិយាយថា ប៉ូលិសបានឆ្មក់ចូលវិហារឥស្លាម និងមណ្ឌលវប្បធម៌មួយកន្លែង ដែលមានឈ្មោះថា មណ្ឌលអប់រំនិងវប្បធម៌ឥស្លាម Mesdschid Sahabe (MSM) នៅក្នុងទីក្រុងភាគនិរតី Stuttgart កាលពីថ្ងៃព្រហស្បតិ៍។ កុំព្យូទ័រឧបករណ៍ផ្ទុកទិន្នន័យ ស្មាតហ្វូន និងឯកសារនានាត្រូវបានរឹបអូស ខណៈពេលដែលមណ្ឌលមួយនេះត្រូវបានបិទ។
លោកបាននិយាយប្រាប់ AFP ថា “សមាគមនេះបានគាំទ្រក្រុមឥស្លាមនិយមមួយ ដែលអនុវត្តការវាយប្រហារក្នុងបុព្វហេតុសាសនាប្រឆាំងនឹងមនុស្ស និងទីកន្លែងនានា”។
លោកបានបន្តថា មនុស្សដប់នាក់បានធ្វើដំណើរទៅកាន់ប្រទេសស៊ីរី ដើម្បីប្រយុទ្ធឲ្យក្រុម IS បន្ទាប់ពីបានមកកាន់មណ្ឌលនេះ ខណៈពេលដែលមនុស្សបីនាក់ក្នុងចំណោមពួកគេបានស្លាប់ចាប់តាំងពីពេលនោះមក។
លោកបាននិយាយទៀតថា “តាមរយៈសមាគមនេះ ការបរិច្ចាគត្រូវបានប្រមូលឲ្យក្រុមភេរវកម្ម និងអ្នកប្រយុទ្ធ ដែលត្រូវបានជ្រើសរើសសម្រាប់ជម្លោះក្នុងប្រទេសស៊ីរី។ លើសពីនេះ សមាគម និងសមាជិករបស់ខ្លួនបានលើកទឹកចិត្តឲ្យពួកជីហាដ និងសាសនា ដើម្បីធ្វើអំពើភេរវកម្ម”។ លោកបន្តថា “យើងមិនអត់ឱនចំពោះសមាគមណា ដែលជំរុញឲ្យប្រើអំពើហិង្សា ដើម្បីផ្សព្វផ្សាយក្តីបារម្ភរបស់សាសនា និងប្រមូលការបរិច្ចាគសម្រាប់ក្រុមភេរវកម្មឡើយ”។
វិហារឥស្លាម និងមណ្ឌលមួយនេះធ្លាប់ត្រូវបានវាយឆ្មក់ម្តងដែរដោយប៉ូលិស កាលពីខែមីនា ដើម្បីប្រមូលភស្តុតាង។
ទន្ទឹមនឹងនេះដែរ កាលពីថ្ងៃអង្គារ ប៉ូលិសបានចាប់ខ្លួនអ្នកអធិប្បាយជ្រុលនិយមជនជាតិអាល្លឺម៉ង់ដ៏លេចធ្លោម្នាក់គឺ លោក Sven Lau ដោយជាប់សង្ស័យពីបទគាំទ្រដល់ក្រុម IS។ លោក Ralf Jaeger រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Rhine Westphalia ខាងជើងបានចាត់ទុក លោក Lau ថា ជា “បុគ្គលនាំមុខម្នាក់ក្នុងចំណោមពួកសាឡាហ្វីអាល្លឺម៉ង់”។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០១២ មក មនុស្សប្រមាណជា ៦៧០ នាក់បានចាកចេញពីប្រទេសអាល្លឺម៉ង់ ដើម្បីចូលរួមជាមួយក្រុម IS និងអង្គការភេរវកម្មផ្សេងទៀត នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។ នេះបើយោងតាមតួលេខ ដែលផ្តល់ដោយក្រសួងមហាផ្ទៃ៕
RT
អាល្លឺម៉ង់ បិទវិហារឥស្លាមមួយ ដោយសារឧបត្ថម្ភ និងជ្រើសរើសក្រុម ISIS
0 Comments