Ad Code

សម្រែក​​ទ្រហោ​យំ​ ​និង​សំឡេង​តវ៉ា​ ​ធ្វើ​ឲ្យ​ការ​អនុវត្ត​ដីកា​រឹបអូស​ផ្ទះ​​ត្រូវ​បរាជ័យ

សៀមរាប​ ៖​ ការ​អនុវត្ត​ដីកា​របស់​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​សៀមរាប រួម​ជាមួយ​កម្លាំង​អាវុធហត្ថ និង​អាជ្ញាធរ​មូលដ្ឋាន​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ក្នុង​ការ​រឹបអូស​យក​ផ្ទះ​របស់​កូនបំណុល​​​ដើម្បី​យក​លុយ​សង​ម្ចាស់បំណុល​នោះ មិនបាន​សម្រេច​នោះ​ទេ។

​ ​

សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា ​ការអនុវត្ត​មិនបាន​សម្រេច​នេះ ដោយសារតែ​មានការ​យំ​ស្រែក​ពី​សំណាក់​ម្ចាស់ផ្ទះ​ជា​កូនបំណុល ព្រមទាំង​មាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​មក​ជួយ​តវ៉ា​ធ្វើ​ឲ្យ​មាន​ភាព​រញ៉េរញ៉ៃ​ជា​ខ្លាំង​ជាហេតុ​ធ្វើ​ឲ្យ​កង​កម្លាំង​ចុះ​អនុវត្ត​ដីកា​ទាំងអស់​សម្រេច​ដកថយ​មួយ​គ្រា​សិន​នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ដដែល​នេះ។


គួរ​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៥នេះ ​លោក​ថេ​ង សំណាង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​សៀមរាប បាន​ដឹកនាំ​​​​​កម្លាំង​កងរាជអាវុធហត្ថ ​ប៉ុស្តិ៍​មូលដ្ឋាន និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​អនុវត្ត​ដីកា​​រឹប​អូស​ផ្ទះ​កូន​បំណុល​មួយ​កន្លែង​ដើម្បី​លក់​​​ យក​លុយ​សង​ម្ចាស់​បំណុល​នៅ​ចំណុច​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​-​ខេត្ត​សៀមរាប។ ប៉ុន្តែ​មាន​​​​ភាព​ចម្រូងចម្រាស​​យ៉ាង​ខ្លាំង​ ដោយ​កូនបំណុល​ធ្វើ​​ការ​តវ៉ា​​​មិន​ព្រម​ប្រគល់​ផ្ទះ​របស់​ខ្លួន​ ឲ្យ​លក់​ឡាយឡុង​ជាដាច់ខាត ដោយ​ពួក​គាត់​លើក​ឡើង​ថា ​បើ​ជំពាក់​លុយ​ត្រូវ​សង​លុយ មិនមែន​សង​ផ្ទះ​នោះ​ទេ។ ភាព​ចម្រូងចម្រាស​នេះ​បាន​បន្ត​រហូត​មក​ដល់​ម៉ោង​១១​ព្រឹក​ថ្ងៃ​ដដែល​នេះ ​ទើប​កង​កម្លាំង​ ដែល​ចុះ​អនុវត្ត​នេះ​សម្រេច​ដក​ថយ​មួយ​គ្រា​​សិន​តែម្ដង។


ផ្ទះ​ខាងលើ​​នេះ​ ​​​ត្រូវ​បាន​អំណាចតុលាការ​​ ​លក់​ឡាយឡុង ​​​​​ឲ្យ​ទៅ​ឈ្មោះ​ផឹង ដិន តាំងពី​ថ្ងៃ​២៦ ខែមករា ឆ្នាំ​២០១៥ ប៉ុន្តែ​ទើបតែ​ចុះ​អនុវត្ត​ដីកា​នៅ​ថ្ងៃនេះ ធ្វើ​ឲ្យ​មាន​ភាព​ចម្រូងចម្រាស​ជា​ខ្លាំង​រវាង​ភាគី​ចុះ​អនុវត្ត និង​ម្ចាស់ផ្ទះ​ឡាក់​គី​តា ជា​កូនបំណុល។ លើស​ពី​នេះ ​ផ្ទះ​នោះ​ត្រូវ​បាន​​ឈ្មោះ​ផឹង ដិន ​​​ភេទប្រុស ​​​ទិញ និង​បាន​ធ្វើ​ប្លន់​ផ្ទេរ​ផ្ទះ​នេះ​​រួចរាល់​អស់​ហើយ​ផង​ដែរ។


បើ​តាម​ការ​សាកសួរ​ម្ចាស់ផ្ទះ​ជា​កូនបំណុល​នោះ​ បាន​ជំពាក់​ម្ចាស់បំណុល​ចំនួន​៦​នាក់​ផ្សេងៗ​គ្នា​ រហូត​មកដល់ពេលនេះ​រយៈពេល​ប្រហែល​៣​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ម្ចាស់​ផ្ទះ​ជា​កូន​បំណុល ​បាន​អះអាង​ថា ​កន្លងមក​ក៏​មាន​ការ​សម្របសម្រួល​សង​អស់​២៤០០​ដុល្លារ​ផង​ដែរ នៅ​សល់​តែ​៥១០០​ដុល្លារ​ទៀត​ប៉ុណ្ណោះ៕



សម្រែក​​ទ្រហោ​យំ​ ​និង​សំឡេង​តវ៉ា​ ​ធ្វើ​ឲ្យ​ការ​អនុវត្ត​ដីកា​រឹបអូស​ផ្ទះ​​ត្រូវ​បរាជ័យ

Post a Comment

0 Comments

Close Menu