Ad Code

ផ្សព្វផ្សាយ​លទ្ធផល​ និង​បទពិសោធន៍ ​ស្តីពី​ការអនុវត្ត​សាកល្បង​គម្រោង "​យុវជន​វ័យ​ឆ្លាត អនាគត​ល្អ​"

ភ្នំពេញ​៖ អង្គការ One World UK រួម​ជាមួយ​នឹង​នាយកដ្ឋាន​សុខភាព​សិក្សា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា សមាគម​អភិវឌ្ឍន៍​សុខភាព​ប្រជាជន​អង្គការ​បណ្តាញ​ទូរស័ព្ទ​ជំនួយ​កុមារ​កម្ពុជា សមាគម​ឥន្ទធនូ និង​អង្គការ​សម្ព័ន្ធ​ពាណិជ្ជកម្ម​កម្ពុជា​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ បាន​រៀបចំ​ពិធី​ផ្សព្វផ្សាយ​លទ្ធ​ផល និង​បទពិសោធន៍ ស្តីពី​ការអនុវត្ត​សាកល្បង​គម្រោង​”​យុវជន​វ័យឆ្លាត អនាគត​ល្អ​” នា​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ​នេះ នៅ​សណ្ឋាគារ​អី​ន​ធ័​រ​កុង​ទីណង់តាល់។


យុវជន​វ័យ​ឆ្លាត អនាគត​ល្អជា​គម្រោង​សិទ្ធិ​សុខភាព​បន្ត​ពូជ និង​សុខភាព​ផ្លូវ​ភេទ​យុវវ័យ​។ គម្រោង​នេះ​រួមបញ្ចូល​នូវ​ការ​ចងក្រង និង​ការអនុវត្ត​ប្រព័ន្ធ​រៀន​តាម​អេឡិចត្រូនិក ដោយ​ផ្អែកលើ​កម្មវិធី​សិក្សា​បំណិន​ជីវិត​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា និង​ប្រព័ន្ធ​សេវាកម្ម​សំនួរ និង​ចម្លើយ​ដែល​អាច​ទទួល​បាន​ព័ត៌មាន​ទទួល​បាន​ព័ត៌មាន​តាមរយៈ​ទូរស័ព្ទ​ដៃ​ចល័ត និង​អី​ន​ធ័​រ​ណេ​ត ដែល​អាច​ឲ្យ​យុវជន​សួរ​ទាក់ទង​នឹង​បញ្ហា​សុខភាព​បន្ត​ពូជ សុខភាព​ផ្លូវ​ភេទ​ ដោយ​មិន​វិនិច្ឆ័យ រក្សា​ការសម្ងាត់ និង​ត្រឹមត្រូវ​។ គម្រោង​នេះ​ត្រូវ​បាន​សម្ពោធ​កាលពី​ថ្ងៃទី ២៨ ខែ​មីនា ឆ្នាំ ២០១៤​កន្លងមក ជាមួយ​គោលបំណង​លើកទឹកចិត្ត​ដល់​យុវជន​ស្វែងរក​ព័ត៌មាន និង​រៀន​សូត្រ​ពី​យេនឌ័រ បញ្ហា​សុខភាព​បន្ត​ពូជ សុខភាព​ផ្លូវ​ភេទ បញ្ហា​សិទ្ធិ ដោយ​ប្រើប្រាស់​កម្មវិធី​បំណិន​ជីវិត​តាម​បច្ចេកវិទ្យា​ព័ត៌មាន ជា​កម្មវិធី​បែប​អប់រំ​កម្សាន្ត។


តាម​របាយការណ៍​របស់​គម្រោង​យុវជន​វ័យ​ឆ្លាត អនាគត​ល្អ​បាន​បង្ហាញ​ថា កម្ពុជា​ជា​ប្រទេស​សំបូរ​ទៅ​ដោយ​យុវជន​វ័យក្មេង​យ៉ាង​ច្រើន ដែល​មាន​ច្រើនជាង ៦០% នៃ​ចំនួន ប្រជាជន​សរុប ហើយ​ក្នុង​នោះ​ប្រហែល ៣២%​មាន​អាយុ​ក្រោម ១៥​ឆ្នាំ​។ ដោយ​ភាគច្រើន​នៃ​ប្រជាជន​វ័យក្មេង​ឆាប់​ប្រឡូក​ក្នុង​ទំនាក់ទំនង​ផ្លូវ​ភេទ ធ្វើ​ឲ្យ​យុវជន​ភាគច្រើន​ជាពិសេស​ក្មេង​ស្រី មាន​ហានិភ័យ​ខ្ពស់ ហើយ​យុវជន​ភាគច្រើន​មិន​ហ៊ាន​ទៅ​រក​ព័ត៌មាន​ និង​សេវា​សុខភាព​បន្ត​ពូជ និង​ផ្លូវ​ភេទ។


កម្មវិធី​យុវជន​ឆ្លាត​នេះ បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ដូចជា​ទូរស័ព្ទ​ដៃ និង​ការសិក្សា តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដើម្បី​ផ្តល់​ព័ត៌មាន​ដែល​ត្រឹមត្រូវ​ និង​បង្កើន​ចំណេះដឹង​ទាក់ទិន ​និង​ប្រធានបទ​ដ៏​រសើប​នេះ មាន​ដូចជា ជំងឺ​កាមរោគ មេរោគ​ហ៊ី​វ ការ​មាន​ផ្ទៃ​ពោះ​ដោយ​ចៃដន្យ និង​ការ​រំលូត​កូន​ដោយ​គ្មាន​សុវត្ថិភាព​៕




ផ្សព្វផ្សាយ​លទ្ធផល​ និង​បទពិសោធន៍ ​ស្តីពី​ការអនុវត្ត​សាកល្បង​គម្រោង "​យុវជន​វ័យ​ឆ្លាត អនាគត​ល្អ​"

Post a Comment

0 Comments

Close Menu