Ad Code

រួច​ពី​គុក​ជាង​មួយ​ខែ​រឿង​គ្រឿងញៀន ឥឡូវ​វិល​ចូល​គុក​វិញ​ដដែល

បាត់ដំបង ៖ យុវជន​ម្នាក់​ដែល​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន ត្រូវ​បាន​សមត្ថកិច្ច​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង​ធ្វើការ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង​១២​ថ្ងៃត្រង់ នៅ​ចំណុច​ភូមិ​ស្វាយ​ធំ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង​ ខណៈ​ដែល​មុខសញ្ញា​រូប​នេះ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​ជាក់ស្ដែង។


គួរ​រំលឹក​ដែរ​ថា ជនសង្ស័យ​រូប​នេះ​មានឈ្មោះ ឡេង សម្បត្តិ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​ ស្នាក់នៅ​បណ្ដោះអាសន្ន​ជាមួយ​បង នៅ​ត្រង់​ចំណុច​ខាងលើ ដោយមាន​អាសយដ្ឋាន​នៅ​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ហើយក៏​ជា​មុខសញ្ញា​ដែល​ទើប​នឹង​ចេញពី​គុក​ប្រមាណ​ជាង​មួយ​ខែ​កន្លង​ទៅ​នេះ ពាក់ព័ន្ធ​នឹង​ករណី​ចែកចាយ​គ្រឿងញៀន​បែបនេះ​ដែរ ដូច្នេះ​មានន័យថា​គេ​មិនបាន​រាងចាល​ឡើយ។

តាម​ការ​អះអាង​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្រោយពី​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​បាន​ចេញ​ប្រតិបត្តិការ​ទៅកាន់​ចំណុច​ខាងលើ ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ​ ព្រមទាំង​បាន​ដកហូត​នូវ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​មួយ​កូន​ថង់ ​ស្មើនឹង​០,៣៨​ក្រាម ​កាំភ្លើង​កែច្នៃ​មួយ​ដើម ដាវ​សាំ​ម៉ូ​រ៉ៃ​មួយ​ដើម និង​លុយ​ចំនួន​៤​ម៉ឺន​រៀល​(លុយ​ធ្នាក់)។​


ក្រោយពេល​ឃាត់ខ្លួន ជនសង្ស័យ​រូប​នេះ​បាន​សារភាព​ថា រូបគេ​ពិតជា​បាន​រកស៊ី​មុខរបរ​នេះ​មែន​ គឺ​ទាំង​មុន​ជាប់គុក និង​ក្រោយពេល​ចេញពី​គុក​វិញ។ ដោយ​យោង​ទៅលើ​ចម្លើយ​សារភាព សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​រូប​នេះ រួមទាំង​វត្ថុតាង​ទៅកាន់​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ហើយ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវ​ច្បាប់៕




រួច​ពី​គុក​ជាង​មួយ​ខែ​រឿង​គ្រឿងញៀន ឥឡូវ​វិល​ចូល​គុក​វិញ​ដដែល

Post a Comment

0 Comments

Close Menu