កំពង់ចាម ៖ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានចុះរៀបចំដំណើរការបន្ថែមម៉ាស៊ីនបូមទឹកខ្នាត៦៥សេះចំនួន១គ្រឿង នៅក្នុងស្រុកក្រូចឆ្មារ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទទួលបទបញ្ជាដោយផ្ទាល់ពីឯកឧត្ដម រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម ក្រុមការងារបានចុះធ្វើសកម្មភាពរៀបចំដំឡើងម៉ាស៊ីនម៉ាស៊ីន១គ្រឿងបន្ថែមទៀត។
បើតាមការបញ្ជាក់របស់លោក យា វឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ក្រុមការងារបានធ្វើសកម្មភាពបូមនៅលើទីតាំងចំនួន២កន្លែង ក្នុងស្រុកក្រូចឆ្មាររួមមាន ទីតាំងទី១- នៅឃុំរកាខ្នុរ ដោយដំឡើងម៉ាស៊ីនបូមទឹកខ្នាត៦៥សេះ១គ្រឿងបន្ថែម សរុបចំនួន២គ្រឿង ដោយធ្វើការបូមទឹក ពីព្រែករកាខ្នុរមកបញ្ចូលក្នុងប្រឡាយអាងទឹកបឹងធំមានប្រវែងជាង៤គីឡូម៉ែត្រ ដើម្បីរក្សាទឹកទុកសម្រាប់ផ្គត់ផ្គង់លើផ្ទៃស្រែប្រាំងចំនួន៤៥៥ហិកតា និងស្រោចស្រពផ្ទៃដីចម្ការថ្នាំជក់ និងដំណាំពោតរបស់ប្រជាកសិករចំនួន៦៧០ហិកតា។ ទីតាំងទី២-ក្នុងឃុំព្រែកអាជី ដោយបន្តបូមទឹកពីទន្លេមេគង្គមកបញ្ចូលក្នុងព្រែកគគីរ ដើម្បីផ្គត់ផ្គង់ស្រូវប្រាំងចំនួន៣៧១ហិកតា មកដល់ពេលនេះ ការផ្គត់ផ្គង់ទឹកសម្រាប់ស្រូវប្រាំងហាក់ដូចជា មានការធូរស្រាលហើយ តែមានតម្រូវការទឹកច្រើន និងប្រើប្រាស់រយៈពេលយូរ គឺចម្ការថ្នាំជក់ និងចម្ការពោត ដែលបច្ចុប្បន្ននេះប្រជាកសិករកំពុងចាប់ផ្ដើមធ្វើការដាំដុះ។
លោកបន្តថា មកដល់ពេលនេះការងារបង្កបង្កើនផលស្រែវស្សា និងស្រែប្រាំង នៅទូទាំងខេត្ត អនុវត្តលើការប្រមូលផលស្រូវវស្សាបានចំនួន៧៨.៣១៨ហិកតា លើផ្ទៃដីធ្វើបានចំនួន៧៨.៣១៨ហិកតា ស្មើ១០០% និងការសាបព្រោះស្រូវប្រាំងអនុវត្តបានចំនួន១០.០៥៥ហិកតា លើផែនការ ១០.៥០០ហិកតា ស្មើ៩៥.៧៦%។
សូមបញ្ជាក់ថា ដោយសារស្ថានភាពទឹកភ្លៀងនៅស្រុកក្រូចឆ្មារ ក្នុងខែវិច្ឆិកា និងខែធ្នូ មិនមានភ្លៀងធ្លាក់សោះ ព្រមទាំងមានខ្យល់ និងកម្ដៅឡើងខ្ពស់ ធ្វើឲ្យបរិមាណទឹកដែលមានក្នុងប្រឡាយ អាង និងព្រែក មានការ ស្រកចុះយ៉ាងខ្លាំង ម៉ាស៊ីនបូមបណ្ដើរ ប្រជាកសិករបានយកទឹកប្រើប្រាស់បណ្ដើរៗ ដូចនេះការបូមនៅតែបន្តមិនអាចបញ្ឈប់ការបូមទឹកបាន។ ដើម្បីមានទឹកគ្រប់គ្រាន់នៅក្នុងទីតាំងខាងលើ ក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយម បន្តខិតខំអន្តរាគមន៍ឲ្យអស់លទ្ធភាព ក្នុងគោលបំណងរក្សាទឹកទុកសម្រាប់ប្រជាកសិករ ស្រោចស្រពស្រែប្រាំង និងចម្ការឲ្យបានចប់ចុងចប់ដើម នៅក្នុងស្រុកក្រូចឆ្មារផងដែរ៕
ក្រសួងធនធានទឹក និងឧតុនិយម បានបន្ថែមម៉ាស៊ីនបូមទឹក៦៥សេះ
0 Comments