ភ្នំពេញ ៖ ពាក្យថា ពលី ក្នុងវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ទំព័រ ៧៣៩ ប្រែថា ការបូជា, សួយអាករ, ពន្ធដារ, ដង្វាយ, សំណែន, ការសង្គ្រោះ ចំណែកបុណ្យ ។
នៅក្នុងគម្ពីព្រះត្រៃបិដក ព្រះសូត្រ ភាគទី ៤៤ ទំព័រ ៨៩ ក្នុងមណ្ឌរាជ វគ្គព្រះសម្មាសម្ពុទ្ធសម្តែងចំពោះ អនាបណ្ឌិកសេដ្ឋី អំពីការកាន់យកនូវភោគៈទាំងឡាយ៥ គឺ ÷
១. អ្នកមានទ្រព្យសម្បត្តិ តែងចិញ្ចឹមខ្លួន និងក្រុមគ្រួសារគឺ មាតាបិតា បុត្រធីតា ទាសកម្មការ ឲ្យជាសុខទៅបាន ។
២. អ្នកមានទ្រព្យសម្បត្តិ អាចចងមិត្រមេត្រី និងអ្នកក្បែរខាងបានតាមត្រូវការ ។
៣. អ្នកមានទ្រព្យសម្បត្តិ អាចបំបាត់ភ័យអន្តរាយ ឧបទ្រព្យចង្រៃដែល កើតអំពីហេតុផ្សេងៗបាន ។
៤. អ្នកមានទ្រព្យសម្បត្តិអាចធ្វើនូវពលិកម្ម ៥ ប្រការគឺ ÷
ក- ញាតិពលី = ការសង្គ្រោះញាតិ
ខ- អតិថិពលី = ការទទួលភ្ញៀវ
គ- បុព្វបេតពលី = ការធ្វើបុណ្យឧទ្ទិសផល ជូនដល់បុព្វបុរស ដែលចែកឋាន ទៅហើយ ។
ឃ- រាជពលី = ការបង់ពន្ធដារ សួយសារអាករ ជាប្រយោជន៍ប្រទេសជាតិ ។
ង- ទេវពលី = ការធ្វើបុណ្យឧទ្ទិសផលទេវតា ។
៥. អ្នកមានទ្រព្យសម្បត្តិ អាចបរិច្ចាកទ្រព្យរបស់ខ្លួន ឲ្យជាទានដល់សមណព្រាហ្មណ៍ អ្នកប្រព្រឹត្តត្រឹមត្រូវបានតាមប្រាថ្នាឬក៏អាចក៏សាងសាលាឆទានជាសាធារណៈ ឬ កុដិ វិហារ សាលា ជាសង្ឃទាន ប្រគេនសង្ឃ អ្នកប្រកបកិច្ចក្នុងព្រះពុទ្ធសាសនា ឬ សាងសាលារៀន បន្ទីរពេទ្យ ទំនុកបំរុងការរៀនសូត្រ ទំនុកបំរុងខាងការព្យាបាលគេ បានដោយសេរី និងតាមសេចក្តីត្រូវការ ។
វណ្ណគតិ រឿងនារាយណ៍ទសាវតារ បានបញ្ជាក់ថា កាលគ្រាកូរទឹកថ្នាំ អម្រឹត អសុរចាញ់កលទេវតា មិនបានផឹកទឹកអម្រឹតវេលាច្បាំងគ្នា ទើបអសុរជាអ្នកចាញ់ជាដរាប ។ ក្រុងពលី ជាចៅប្រហលាទ បានឃប់ឃិតនឹងអសុរដទៃៗទៅអង្វរព្រាហ្មឫស្សី ឲ្យជប់ជីវិតពួកខ្លួនមកវិញដូចដើម ហើយលើកទ័ពទៅរុករានស្ថានព្រះឥន្ទ្រ ពេលនោះ ព្រះវជ្រីទើបសុំឲ្យព្រះព្រហ្មស្បតិ៍មកជួយ តែត្រឡប់ជាបានទទួលសេចក្តីណែនាំឲ្យទៅចំណុះព្រះវិស្ណុ ពួកទេពនិករនាំគ្នារត់ពីបុរីអស់ អសុរយកបុរីបាន ក្រុងពលីក៏តាំងខ្លួនជាព្រះរាជាគ្រប់គ្រងត្រៃភព ។
ព្រះសក្កទេវរាជ និងពួកទេពនិករ ទៅគាល់កស្សបមុនី ដ៏ជាប្រជាបតិ និងនាង អធិតិវិសុទ្ធីទេព មាតាព្រះប្រជាបតី ទើបឲ្យព្រះទេវីសូត្រដំបូង សង្រួងដល់ព្រះវិស្ណុៗ- ទ្រាំមិនបានក៏អវតាចុះមកកើតជាឱរសរបស់ព្រះនាង នាមថា វាមនៈ (មនុស្សតឿ) តែមានប្រាជ្ញា ចូលចិត្តសិក្សាចំណេះវិជ្ជា ។ វាមនៈ ទៅធ្វើពិធីនៅឆ្នេរទន្លេ នម៌ទា ក្រុងពលីពេញចិត្តទើបប្រកាសប្រាប់វាមនៈថា ចូលចិត្តអ្វីសុំមកចុះ យើងឲ្យទាំងអស់ ។ ពេលនោះ វាមនៈ ជាព្រាហ្មតឿ សុំផែនដីប្រវែង ៣ជំហាន ប៉ុណ្ណោះ ព្រះសុក្រជា អាចារ្យបានទូលទាស់ថា កុំឲ្យទីដីដល់ព្រាហ្មឲ្យសោះ តែខំឲ្យនឹងកើតក្តៅក្រហាយ តែក្រុងពលី បានលាន់វាចាថាឲ្យហើយ ក៏តោងតែឲ្យតាមពាក្យសត្យ ទើបច្រូចទឹកដាក់ បាតដៃព្រាហ្មតឿ ព្រះសុក្រព្យាយាមទទឹងទាស់ បានបំលែងខ្លូនចូលទៅចុកចំពួយកណ្ឌី ទឹកៗ-ក៏មិនហូរចេញមក, វាមនៈ ដឹងជាមុនហើយ ទើបយកដើមស្បូវទៅចាក់ចំពួយកុណ្ឌី ក៏ត្រូវភ្នែកព្រះសុក្រៗ-ក៏រត់ប៉ើងចេញមក ទឹកក៏ហូរចេញមកបាន ស្រេចហើយទើបឈាន ជំហានយកដី ជំហានទី១ កន្លង ផុតសុរភព (ទេវលោក) ទាំងមូល, ជំហានទី២ ផុតអស់មនុស្សភាព, ជំហានទី ៣ ជាន់លើក្បាលក្រុងពលី, ហើយជាន់សង្កត់លិចទៅដល់ឋានបាតាល លំដាប់នោះព្រះនារាយណ៍ ក៏ប្រគល់សុរភព (ឋានសួគ៌) ឲ្យទៅពួកទេវតាវិញ ឲ្យពួកអសុរទាំងប៉ុន្មាន ទៅនៅឯបាតាលមកដល់សព្វថ្ងៃនេះ ។
ប្រហលាទដឹងថា ចៅត្រូវនិរទេសទៅនៅឯបាតាល ក៏អាណិតទើបចុះ ទៅដាស់តឿន ឲ្យសូត្រមន្តធ្វើពិធីយញ្ញសរសើរព្រះហិរិ និង ព្រះស្រី (គឺព្រះ លក្សី), ព្រះស្រីអាណិត ក៏អង្វរព្រះស្មាមី សូមឲ្យលើកលែងទោសក្រុងពលី ទើបព្រះវិស្ណុប្រើចក្រ ទៅតាមក្រុងពលីមកអំពីបាតាល ទ្រង់កំណត់ឲ្យនៅ ត្រឹមដែនសុកល ។ ព្រះវិស្ណុ ទ្រង់ត្រាស់ថា បើក្រុងពលី ធ្វើល្អតទៅនឹងបាន ឡើងទៅគ្រប់គ្រងឋានសួគ៌ដូចដើមវិញ ។ (អាស្រ័យហេតុដែលក្រុងពលី ធ្លាប់គ្រប់គ្រងលោកម្តងមកហើយៗ-បានដំណឹងថាបើប្រព្រឹត្តល្អនឹងបានទៅគ្រប់គ្រងលោកម្តងទៀតនាអនាគតទើបមានមនុស្សនិយមបូជាក្រុងពលីដល់សព្វថ្ងៃនេះ ប្រហែលជាដោយរអាស្នាដៃដែលគាត់ធ្លាប់ធ្វើពីមុនគេ ) ។
ក្នុងរឿងសែនក្រុងពលី ខ្មែរយើងមានដំណាលរឿង សៀវភៅបោះពុម្ភ របស់ពុទ្ធសាសនបណ្ឌិត្យឆ្នាំ គ.ស ២៥០៩ មាននិទានក្នុងគម្ពីរសព្វសូត្រថា ក្នុងគ្រាលង្វែកសាសនា ព្រះសមណគោតមបរមពោធិសត្វជាម្ចាស់នៃយើង អន្ទោលយកកំណើតជាស្តេចស្វាខ្មៅ ឯស្តេចក្រុងពលីកើតជាស្តេចស្វា.ស នៅទីសមុទ្រម្ខាងម្នាក់ ។ ពួកស្វាទាំងពីរកងនេះមិនត្រូវធាតុគ្នាទេ នៅពេលវាដើរទៅរកស៊ីជួបគ្នា តែងតែប្រខាំយកឈ្នះចាញ់ ស៊ូស្លាប់តែរៀងៗខ្លួន ។ ហ្វូងស្វាខ្មៅ ក៏លើកគ្នាទៅប្តឹងព្រះពោធិសត្វជាចៅហ្វាយនាយ សូមឲ្យជម្រះ ចែកព្រៃគ្នារកស៊ី ព្រោះហ្វូងស្វា.ស កាចព្រហើនណាស់ ចេះតែរុករានទន្ទ្រានទី ហើយបង្ករហេតុឈ្លោះប្រកែកខាំគ្នាស្លាប់អន្តរាយ ព្រាត់ប្រាស់កូនចៅតូចតាច មិនដែលដាច់ ។
ពោធិសត្វសួរថា តើពួកស្វា.ស មាននាយកើយត្រួតត្រាដែរឬទេ? ។ ស្វា.ស ទាំងអស់ជម្រាបថា គ្រាន់តែឮគេថាមាន តែពុំដែលប្រទះឃើញស្វា.ស ជាធំនោះទេ ។ ពោធិសត្វព្រមទទួលបណ្តឹង ហើយប្រាប់ពួក ស្វាខ្មៅជាបរិស័ទរបស់ខ្លួនថា ចាំយើងទៅជម្រះវិបត្តិនេះឲ្យ ។ លោកក៏អធិ- ដ្ឋានបារមីដែលកសាងថា : «សូមអាត្មាអញហោះរួច ក្នុងឱកាសនេះចុះ !» លុះធ្វើដូច្នេះហើយ ក៏ហោះទៅតាមដូចប្រាថ្នាមែន ។ ពួកស្វា.ស ទាំងប៉ុន្មាន ឃើញលោកក៏ភ័យផ្អើល ចែកផ្លូវគ្នារត់ប្រសាច ខ្លះរត់ទៅទូលស្តេចស្វា.ស ជាចៅហ្វាយនាយថា មានស្វាខ្មៅមួយធំណាស់ មិនដឹងមកពីណា មានឬទ្ធានុភាពពូកែ ចេះហោះហើរ ដើរលើអាកាសបាន ឥឡូវមកចុះនៅកណ្តាលហ្វូងស្វា.សៗ-ទាំងប៉ុន្មាន ប្រហែលជាចុះចូលគេអស់ហើយក៏មិនដឹង ? ។ ស្តេច ស្វា.ស ឮដូច្នោះក្រែវក្រោធ លោកហក់ក្អេងក្អាងកាងក្រទាឡើងថា «ទីនេះ មានតែអង្គអញជាធំ ចុះមានអាណាក៏កាចហ៊ានម្ល៉េះ ! អាងវាចេះហោះហើរបាន មកសង្កត់សង្កិនយកពលអញតាមអំពើចិត្ត» ស្តេចស្វា.ស កំពុងក្រែវក្រោធដូច្នោះ ទទួលស្វាជាបម្រើពោធិសាត់ទៅដល់ទូលថា «ស្តេចស្វាខ្មៅ នៅទីព្រៃសមុទ្រម្ខាងឯណោះ សុំចូលមកជួបស្តេចស្វា.ស ដោយការស្លូតត្រង់ទេ កុំឲ្យស្វា.ស ចាប់ទោសអូសដំណើរ» ។ លុះឮស្វាបម្រើទូលសេចក្តីសព្វគ្រប់ហើយ ស្តេចស្វា.ស តបថា «បើដូច្នោះទេឲ្យស្តេចចូលមកចុះ !» ។ ស្តេចស្វា.ស ឲ្យទៅអញ្ជើញពោធិសត្វចូលមក ហើយក៏ធ្វើគារវកិច្ចគ្នាទៅវិញទៅមកតាមរបៀប ភាពជាសត្វ ។
ពោធិសត្វនិយាយថា «អ្នកអើយ! ខ្ញុំឮគេហៅឈ្មោះអ្នកពិរោះក្រអួនទៅដល់ខ្ញុំជាញឹកញយណាស់ ថាអ្នកជាស្តេចសត្វចិត្តសប្បុរសល្អ មិនដែលព្យាបាទ អាឃាតចងពៀរចំពោះសត្វផងគ្នាឡើយ ។ ខ្ញុំឮល្បីដូច្នោះហើយ ទើបខ្ញុំខំប្រឹងស្វែងមកដើម្បីធ្វើជាមិត្តសំឡាញ់នឹងគ្នា ព្រោះយើងជាស្តេចដូចគ្នា គ្រាន់ពេលមានទុក្ខធុរៈអ្វី ជួយការពារដោះទុក្ខគ្នា លុះឮពាក្យសរសើរ ស្តេចស្វា.ស ក៏ព្រមទទួលធ្វើជាមិត្តសំឡាញ់ ។ បន្ទាប់មក ពោធិសត្វក៏សម្តែងសេចក្តីពីកល្យាណមិត្តឲ្យស្តាប់ ។ ស្តេចស្វា.ស ក៏ទន់ចិត្ត ចុះសម្រុង តាមឱវាទដំបូន្មាន លើកពោធិសត្វជាគ្រូ លែងរំលោភដីព្រៃរកស៊ីដូចមុន ហើយប្រាប់ពួកស្វា.ស ឲ្យរាប់អានពួកស្វាខ្មៅដូចបងប្អូនបង្កើតនឹងគ្នា។ ស្តេចស្វា.ស តាំងជាសញ្ញានឹងពោធិសត្វថា « បើសំឡាញ់ជាគ្រូ បានត្រាស់ដឹងជាពោធិញ្ញាណទៅអនាគត នៅឯភ្នែក ក៏សុំកុំឲ្យខ្ញុំផុតពីសេចក្តីទំនុកបម្រុងគ្នាទៅវិញទៅមកឡើយ !៕ (នៅមានត)
ប្រវត្តិទាក់ទងនិងពិធី សែនក្រុងពលី
0 Comments